អានតួអត្ថបទ

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ប៉ះទង្គិចអាវុធជាមួយ​គ្នា មួយប្រ៉ាវ នៅ​ថ្ងៃ​អាទិត្យ

កូរ៉េខាងជើង នៅ​ព្រឹកថ្ងៃ​អាទិត្យ​ទី ៣ ឧសភា បាន​បាញ់សំដៅ​កូរ៉េខាងត្បូង ជាច្រើនលើក ដែល​ជា​ហេតុធ្វើ​ឲ្យ​ទាហាន​កូរ៉េខាងត្បូង​បាញ់ តប ត វិញ។ តាមក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង ការប៉ះទង្គិចអាវុធ​គ្នា​មួយប្រ៉ាវ នៅថ្ងៃនេះ មិន​បាន​បណ្តាល​ឲ្យមានអ្នករបួស​នោះទេ នៅភាគី​កូរ៉េខាងត្បូង។ ហេតុការណ៍នេះ កើតមាន នៅ​មួយថ្ងៃ​ក្រោយ ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​KCNA បាន​ចុះផ្សាយ​រូប លោក​គីម ជុងអ៊ុន ដែល​លេចមុខ ឡើងវិញ បន្ទាប់ពី​អវត្តមាន​អស់ជា​ច្រើន​សប្តាហ៍ និង​ពាក្យចចាមអារ៉ាម​ស្តីពី​សុខភាពមិនល្អ របស់លោក។ 

ទាហានកូរ៉េខាងត្បូង​នៅ​បណ្តោយព្រំដែន​ក្នុង​តំបន់​គ្មានកងទ័ព​ដែលលាតសន្ធឹង​តាមបណ្តោយព្រំដែនកូរ៉េទាំងពីរ ប្រមាណ ២៥០គីឡូម៉ែត្រ
ទាហានកូរ៉េខាងត្បូង​នៅ​បណ្តោយព្រំដែន​ក្នុង​តំបន់​គ្មានកងទ័ព​ដែលលាតសន្ធឹង​តាមបណ្តោយព្រំដែនកូរ៉េទាំងពីរ ប្រមាណ ២៥០គីឡូម៉ែត្រ AFP/File
ផ្សាយពាណិជ្ជកម្ម

តាម​ក្រសួងការពារ​ជាតិកូរ៉េខាងត្បូង ប៉ុស្តយាម​មួយ​របស់​ឆ្មាំព្រំដែន នៅ​តំបន់គ្មាន​កងទ័ព​បាន​រងការបាញ់ប្រហារ​ជាច្រើនគ្រាប់​ពីខាង​កូរ៉េខាងជើង នៅព្រឹកថ្ងៃ​អាទិត្យនេះ។ ទាហាន​កូរ៉េខាងត្បូង​បាន​បាញ់តបតវិញ ចំនួន​ពីរលើក មុន​នឹង​ទាក់ទង​តាមខ្សែ​ទូរស័ព្ទផ្ទាល់ ជាមួយ​កូរ៉េខាងជើង ដើម្បី​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការផ្ទុះអាវុធ​ពីខាង​កូរ៉េខាងជើង។

តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានកូរ៉េខាងត្បូង យុនហាប់ កងទ័ព​កូរ៉េខាងត្បូង មិន​បាន​ចាត់ទុក ការបាញ់បោះ​របស់​កូរ៉េខាងជើង នៅថ្ងៃនេះ​ថា ធ្វើឡើង​ដោយ​ចេតនា​នោះទេ។

ហេតុការណ៍នេះ បាន​កើតឡើង នៅ​តែ​មួយថ្ងៃ​ក្រោយ ដែល​មេដឹកនាំ​កូរ៉េខាងជើង បាន​លេចមុខ ជាសាធារណៈ​ឡើងវិញ បន្ទាប់​ពី​បាន​បាត់មុខ​អស់​៣សប្តាហ៍ ជាមួយ​នឹង​ពាក្យ​ចចាមអារ៉ាម​ស្តីពី​សុខភាព​មិនល្អ​របស់​គីម ជុងអ៊ុន។ ម្យ៉ាងទៀត វា​កើតមានឡើង​នៅក្នុង​កាលៈទេសៈ ដែល​កាសែត​រដ្ឋ​កូរ៉េខាងជើង​ចុះផ្សាយ​ថា កូរ៉េខាងជើង​បង្កើន សមយុទ្ធ ពង្រឹង​សមត្ថភាព​កងទ័ព ដើម្បី​ចូលរួម​ក្នុង​សមរភូមិ​ពិតៗ។ កន្លងមក ព្យុងយ៉ាង តែងប្រើ​យុទ្ធសាស្រ្ត​បាញ់បោះ សំដៅ​ភាគី​កូរ៉េខាងត្បូង ដើម្បី​បង្កើតភាពតានតឹង សម្រាប់​យកទៅ​ប្រើ​ជាសម្ពាធ​ក្នុង​ការចរចា​ជាមួយ​ភាគី​កូរ៉េខាងត្បូង។

បើសិន កូរ៉េខាងជើង​មានចេតនា​បង្ក​រឿង ដោយ​បាញ់ប្រហារ​មុន​លើ​កូរ៉េខាងត្បូង នោះ អ្នកដែល​ខកចិត្ត​ខ្លាំង​គឺ​ភាគី កូរ៉េខាងត្បូង ជាពិសេស រដ្ឋាភិបាល​កូរ៉េខាងត្បូង របស់​លោកប្រធានាធិបតី មូន ចៃអ៊ីន​ដែល​បាន​ខ្នះខ្នែង អស់ជាច្រើន​ឆ្នាំមកហើយ ដើម្បី​បន្ធូរ​ភាពតានតឹង រវាង​កូរ៉េទាំងពីរ។ មួយវិញទៀត ការបាញ់​បង្កហេតុ​ដោយ​ភាគីណាមួយ នឹង​ទៅ បំផ្លាញ កិច្ចព្រមព្រៀង​យោធា ដែល​ប្រធានាធិបតី កូរ៉េខាងត្បូង និង​មេដឹកនាំ​កូរ៉េខាងជើង បាន​ចុះហត្ថលេខា​ជាមួយគ្នា នៅក្នុង​ជំនួបកំពូល​ដ៏កម្រ កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៨។

នៅក្នុង​រយៈពេល ៥ឆ្នាំចុងក្រោយនេះ នេះ​ជាលើក​ទី១​ដែល​កូរ៉េខាងជើង បាញ់កាំភ្លើង​ចូល​ទៅខាង​ទឹកដីកូរ៉េខាងត្បូង។ ទាហាន​កូរ៉េខាងជើង​ធ្លាប់​បាន​ផ្ទុះអាវុធ ម្តង នៅច្រក​យាម​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង នៅពេល​ទាហាន​កូរ៉េខាងជើង​ម្នាក់ ព្យាយាម រត់គេចខ្លួន​ចូល​ទៅ​ខាង​ទឹកដី កូរ៉េខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ