អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិនបន្តប្រើអាវុធពាណិជ្ជកម្មដើម្បីសងសឹកអូស្រ្តាលីដែលតាមឈ្នានីសចិនក្នុងរឿងកូវីដ ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ជំងឺ​កូវីដ ១៩ កំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ចិន និង​អូស្រ្តាលី​ឡើង​តានតឹង​កាន់​តែ​ខ្លាំង។ ទីក្រុង​ប៉េកាំង​មិន​ទាន់​បាត់​ខឹង​នឹង​ទីក្រុង​កង់បេរ៉ា​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ស្តីពី​ការ​ផ្ទុះ​ជំងឺ​កូវីដ ១៩ នៅ​ក្រុង​វូហាន ប្រទេស​ចិន។ មួយ​សប្តាហ៍​ក្រោយ​ពី​បាន​សម្រេច​ផ្អាក​នាំ​ចូល​សាច់គោ​អូស្រា្តលី​មក ចិន​បាន​ប្រកាស​ដំឡើង​ពន្ធ​ក្នុង​អត្រា​ដល់​ទៅ ៨០% លើ​គ្រាប់ធញ្ញជាតិ​អូស្រា្តលី​នាំ​ចូល​ចិន។ ដំណឹង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អូស្រ្តាលី​ខកចិត្ត​យ៉ាង​ខ្លាំង និង​ចង់​យក​រឿងរ៉ាវ​មួយ​នេះ​ទៅ​ប្តឹង​អង្គការ​ពាណិជ្ជកម្មពិភពលោក។ គួរ​បញ្ជាក់​ថា ភាព​ប្រទូសរ៉ាយ​របស់​ក្រុង​ប៉េកាំង និង​ក្រុង​កង់បេរ៉ា​ពេល​នេះ​មិនមែន​កើត​ឡើង​ដោយសារ​តែ​រឿង​កូវីដ ១៩ មួយ​ប៉ុណ្ណោះ​ទេ។ តែ​ជា​រឿង​បន្ត​ភាគ​ពី​ពេល​មុន។

ចាប់តាំងពីថ្ងៃទី១៩ ឧសភា ឆ្នាំ ២០២០ ផលិផលគ្រាប់ធញ្ញជាតិអូស្រា្តលីនាំទៅចិនត្រូវបានចិនដំឡើងពន្ធបន្ថែមដល់ទៅ ៨០%
ចាប់តាំងពីថ្ងៃទី១៩ ឧសភា ឆ្នាំ ២០២០ ផលិផលគ្រាប់ធញ្ញជាតិអូស្រា្តលីនាំទៅចិនត្រូវបានចិនដំឡើងពន្ធបន្ថែមដល់ទៅ ៨០% AFP/William West
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃទី១៩ ឧសភា​មក ផលិផល​គ្រាប់ធញ្ញជាតិ​អូស្រា្តលី​នាំ​ទៅ​ចិន​ត្រូវ​បាន​ចិន​ដំឡើង​ពន្ធ​បន្ថែម​ដល់​ទៅ ៨០%។ ការ​សម្រេច​យ៉ាង​ដូច​នេះ​ត្រូវ​បាន​ក្រុង​ប៉េកាំង​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មិនមែន​ដោយសារ​តែ​ចិន​ក្តៅ​ក្រហាយ​នឹង​អូស្រ្តាលី​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ​ស្តីពី​ការ​ផ្ទុះ​កូវីដ ១៩ នៅ​ក្រុង​វូហាន ប្រទេស​ចិន​ទេ តែ​មក​ពី​រដ្ឋាភិបាល​ចិន​រក​ឃើញ​ថា រដ្ឋាភិបាល​អូស្រ្តាលី​បាន​អនុវត្ត​នយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភធន​ជួយ​ប្រជាកិសករ​របស់​ខ្លួន និង​នយោបាយ Dumping ពោល​លក់​ថ្លៃ​នៅ​ក្នុង​ស្រុក តែ​លក់​ថោក​សម្រាប់​នាំ​ចេញ។ សម្រាប់​ក្រុង​ប៉េកាំង ការ​អនុវត្តន៍​នយោបាយ​របៀប​នេះ​របស់​ក្រុង​កង់បេរ៉ា​បាន​បង្ក​ផលវិបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាកិសករ​ចិន។

នេះ​ជា​ហេតុផល​ផ្លូវការ ចំណែក​ហេតុផល​ក្រៅ​ផ្លូវការ​វិញ គឺ​ដោយសារ​តែ​ចិន​ពិបាក​បន្ត​ទ្រាំ​អត់ធ្មត់​សង្កត់​ចិត្ត​នឹង​ការ​បន្ត​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ពី​សំណាក់​អូស្រា្តលី។ រឿង​កូវីដ-១៩ គ្រាន់​តែ​ជា​ការ​យក​សាំង​ទៅ​ចាក់​លើ​គំនរ​ភ្លើង​ដែល​កំពុង​ក្តៅ​ងំ​ស្រាប់​ប៉ុណ្ណោះ ព្រោះ​ថា ការ​ស៊ើបអង្កេត​របស់​ចិន​ក្នុង​រឿង​ប្រាក់​ឧបត្ថម្ភធន និង​រឿង Dumping របស់​អូស្រា្តលី​ត្រូវ​បាន​ចិន​ធ្វើ​តាំង​តែ​ពី ១ឆ្នាំ​កន្លះ​មក​ម្ល៉េះ។ កាលណោះ ចិន​បាន​ខឹង​សម្បារ​នឹង​អូស្រ្តាលី​ដែល​បាន​គាំទ្រ​គំនិតផ្តួចផ្តើម​របស់​អាមេរិក​ស្តីពី​សមុទ្រចិន​ខាងត្បូង។ គឺ​តាំង​ពី​ពេល​នោះ​មក​ឯង​ដែល​អធិករ​រវាង​ប្រទេស​ទាំង​ពីរ​បាន​បន្ត​មាន​ជា​ហូរហែ​មក​ដល់​សព្វថ្ងៃ។

 

ភាព​ប្រទូសរ៉ាយ​កន្លង​មក​រួម​មាន ការ​ចាប់​អ្នក​បញ្ញាវន្ត​អូស្រ្តាលី​ម្នាក់​នៅ​ចិន ការ​ដែល​រដ្ឋាភិបាល​អូស្រា្តលី​មិន​ទទួល​យក​ប្រព័ន្ធ ៥G របស់​ក្រុមហ៊ុន​ចិន Huawei អូស្រា្តលី​បាន​បិទព្រំដែន​មិន​ឲ្យ​ពលរដ្ឋ​ចិន​ចូល​ដោយ​ខ្លាច​ជំងឺ​កូវីដ-១៩ និង​ថ្មីៗ​នៅ​សប្តាហ៍​មុន ចិន​បាន​ព្យួរ​ការ​នាំ​ចូល​សាច់គោ​ពី​អូស្រ្តាលី។ រឿង​សាច់គោ​នេះ​ត្រូវ​បាន​ក្រសួង​ការបរទេស​ចិន​ធានា​ថា មិនមែន​ជា​ការ​សងសឹក​នឹង​អូស្រា្តលី​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​អន្តរជាតិ​ស្តីពី​កូវីដ ១៩ ទេ ពោល​ជា​រឿង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​ស្រឡះ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នៅ​មុន​ការ​សម្រេចចិត្ត​ជា​ផ្លូវការ​របស់​ចិន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្រា្តលី​លោក​ឆេង ជីងយី​បាន​លើក​ឡើង​ច្បាស់ៗ​នា​ដំណាច់​ខែ​មេសា​ពី​ការ​ដែល​ប្រជាជន​ចិន​អាច​ធ្វើ​ពហិការ​លើ​ផលិតផល​អូស្រ្តាលី។

 

តាម​លោក​ឆេង ជីងយី ប្រជាជន​ចិន​អាច​ពិចារណា ២ ឬ ៣ដង​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ស្រា ឬ​សាច់​គោ​មក​ពី​អូស្រ្តាលី ឬ​មួយ​ក៏​បញ្ជូន​កូន​ឲ្យ​ទៅ​សិក្សា​នៅ​អូស្រា្តលី។ ត្រឡប់​មក​និយាយ​ពី​រឿងរ៉ាវ​ចុង​ក្រោយ​ទាក់ទង​នឹង​ចិន​សម្រេច​ដំឡើង​ពន្ធ​លើ​គ្រាប់ធញ្ញជាតិ​អូស្រ្តាលី​នាំ​ចូល​ចិន​វិញ អ្នក​ដែល​អាច​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រជាកសិករ​អូស្រ្តាលី​ទេ។ ចូរ​កុំ​ភ្លេច​ថា​ក្នុង​មួយ​ឆ្នាំៗ ចិន​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អូស្រា្តលី​បាន​ទិញ​គ្រាប់ធញ្ញជាតិ​អូស្រា្តលី​ច្រើន​ណាស់។ ចិន​តែ​ម្នាក់​ឯង​បាន​ទិញ​ជាង ៥០% នៃ​ការ​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​អូស្រា្តលី​សរុប។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ ចិន​បាន​ទិញ​គ្រាប់ធញ្ញជាតិ​អូស្រា្តលី​ក្នុង​បរិមាណ ២ ៥០០ ០០០តោន ខណៈ​ដែល​ជប៉ុន​ទិញ​មិន​ដល់ ១ ០០០ ០០០តោន​ផង។

 

តើ​រឿងរ៉ាវ​រវាង​ចិន និង​អូស្រ្តាលី​មួយ​នេះ​មិនមែន​ជា​ដំណឹង​ល្អ​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​គូប្រជែង​ផ្សេង ពិសេស​ក្រុម​ប្រទេស​ដែល​មាន​គ្រាប់ធញ្ញជាតិ​លក់ ដូច​ជា​បារាំង​ញញឹម​បិទមាត់​មិន​ជិត​ទេ ឬ​យ៉ាង​ណា ?។ មិន​ប្រាកដ​ទេ នេះ​ជា​ការ​យល់​ឃើញ​របស់​ក្រុមហ៊ុន​បារាំង​ជំនាញ​ផ្នែក​យុទ្ធសាស្រ្ត​នៃ​ទីផ្សារ​កសិកម្ម និង​កសិឧស្សាហកម្ម​ឈ្មោះ Agritel។ មិន​ប្រាកដ ព្រោះ​តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ចិន​បាន​នាំ​ចូល​គ្រាប់ធញ្ញជាតិ​តិចតួច​ណាស់។

គឺ​ប្រហែល​ជា​ក្នុង​ហេតុផល​នេះ​ហើយ​បាន​ជា​ក្រុង​ប៉េកាំង​ជ្រើស​យក​គ្រាប់ធញ្ញជាតិ​អូស្រា្តលី​ជា​ផ្ទាំងស៊ីប​ដើម្បី​វាយ​បក​នឹង​ក្រុង​កង់បេរ៉ា​វិញ។ គ្រប់​គ្នា​កំពុង​ចោទ​សួរ​ថា ហេតុអ្វី​បាន​ជា​ចិន​មិន​និយាយ​ដល់​ផលិតផល​អូស្រ្តាលី​ផ្សេង​ទៀត​ដែល​ចិន​បាន​ទិញ ដូច​យ៉ាង​រ៉ែ និង​ធ្យូងថ្ម​នោះ?។ គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ ព្រោះ​សម្រាប់​ចិន រ៉ែ និង​ធ្យូងថ្ម​ជា​ផលិតផល​យុទ្ធសាស្រ្ត​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ