អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​នាំចូល​របស់​ចិន​ ថយចុះ​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ ៤ឆ្នាំ​កន្លង​ទៅ​នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​បាន​ទទួល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ ចិន​បាន​ខិតខំ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​យ៉ាងខ្លាំង​។ ក៏ប៉ុន្តែ​ មិនខុសពី​ប្រទេស​ដទៃ​ជាច្រើន​ទៀត​ក្នុង​ពិភព​លោក​ឡើយ​ សេដ្ឋកិច្ច​ចិន​ រហូត​មកទល់នឹងនេះ​នៅតែ​មិន​ទាន់​អាច​ងើប​ចេញ​ពី​វិបត្តិ​ដែល​បង្កឡើង​ដោយ​រោគ​រាត​ត្បាត​កូវីដ​នោះ​ទេ​។ ជាក់ស្តែង​ បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​មួយ​បង្ហាញ​នៅ​ថ្ងៃ​អាទិត្យ​ ទី៧​ មិថុនា​នេះ​ ការ​នាំចេញ​របស់​ចិន​បាន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ខែ​ឧសភា​ ចំណែក​ឯ​ការ​នាំ​ចូល​វិញ​បាន​ធ្លាក់​ចុះ​ខ្លាំង​យ៉ាង​គំហុក​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ ៤ ឆ្នាំ​កន្លង​ទៅនេះ​។


កប៉ាល់ដឹកទំនិញផ្ទុកដោយកុងតឺន័រនៅជិតកំពង់ផែ Yantian ក្នុងទីក្រុងសិនជិន បន្ទាប់ពីការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ១៩ កាលពីថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២០។
កប៉ាល់ដឹកទំនិញផ្ទុកដោយកុងតឺន័រនៅជិតកំពង់ផែ Yantian ក្នុងទីក្រុងសិនជិន បន្ទាប់ពីការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ១៩ កាលពីថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០២០។ REUTERS - Martin Pollard
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​សេដ្ឋកិច្ចចិន​នៅតែ​មិនទាន់​អាច​ដើរ​ចេញ​ពី​វិបត្តិ​ធ្ងន់ធ្ងរ​បាន?

យោង​តាម​របាយការណ៍​ជាផ្លូវការ​មួយ​បញ្ចេញ​នៅ​ថ្ងៃ​អាទិត្យ ទី៧ មិថុនា​​ ចិន​នៅ​តែ​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៅឡើយ​ទោះបីជា​ចិន​ទទួល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​វិបត្តិ​កូវីដ​ និង​បាន​ចាប់​ផ្តើម​សកម្មភាពឧស្សាហកម្ម​ឡើងវិញ​ប្រមាណ​ជា ២-៣ ខែ​ទៅហើយ​ក្តី។

ថ្វីបើ​ចិន​ គឺជា​ប្រទេស​កំពូល​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២​ បន្ទាប់ពី​សហរដ្ឋ​អាមេរិកយ៉ាងណាដោយ ក៏​សេដ្ឋកិច្ច​ចិន​រស់​ពឹងផ្អែកខ្លាំង​លើ​ក្រុម​ប្រទេស​ដៃគូ​ដែរ​។ មាន​ន័យ​ថា​ ទោះ​ចិន​អាច​គ្រប់គ្រង​ជំងឺ​កូវីដ​បាន ​ទោះបី​ចិន​ខិតខំ​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ​ក្តី តែបើ​ប្រទេស​ជាដៃ​គូ​សេដ្ឋកិច្ច​ចិន​នៅតែ​កំពុង​រងគ្រោះ​ពី​វិបត្តិ​កូវីដ​ នោះ​សេដ្ឋកិច្ច​ចិន​ក៏​ពិបាក​នឹង​ងើបដើរ​ចេញពី​វិបត្តិ​ដែរ​ ពីព្រោះ​មិនដឹងជា​រកស៊ី​ជួញដូរ​ជាមួយ​អ្នកណា​។

ជាក់ស្តែង​ គេ​ឃើញ​ទាំង​សកម្មភាព​នាំចេញ​នាំចូល​របស់ចិន​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅក្នុង​ខែ​ឧសភា​កន្លង​ទៅ​ ដោយសារ​តែលែងមាន​តម្រូវ​ការ​ពី​បណ្តា​ប្រទេស​ដែលជា​អតិថិជន​។ ក្រុមហ៊ុន​នាំចេញចិន​ជាច្រើន​លក់​ទំនិញ​លែង​ដាច់​ ទំនិញ​ជាច្រើន​ក៏ត្រូវ​ជាប់គាំង​គរទុក​ក្នុងស្តុក​ដោយហេតុថា​គ្មាន​អ្នក​បញ្ជាទិញ​ ហើយ​ទំនិញ​ខ្លះទៀត​ក៏ត្រូវ​អតិថិជន​ដែល​កុម្មង់​ទិញ​ហើយបែរ​ជា​លុបចោល​លែង​ទិញ​ទៅវិញ​។

យោងតាម​ទិន្នន័យ​គយ​បង្ហាញ​នៅ​ថ្ងៃអាទិត្យ​នេះ​ ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​របស់​ចិន​ក្នុង​ខែឧសភា​បាន​ធ្លាក់ចុះ​ ៣,៣%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩​។ យ៉ាងណា​ក៏​ដោយ​ អត្រា​ធ្លាក់ចុះ​នៃការ​នាំចេញ​របស់​ចិន​នេះ​ មាន​ចំនួន​តិច​ជាង​ការ​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ដែល​ថា​ការ​នាំចេញ​ចិន​ក្នុង​ខែ​ឧសភា​អាច​នឹង​ធ្លាក់​ចុះ​រហូត​ដល់​ចំនួន​ ៧ % ឯណោះ​។ នេះ​ ទំនងមកពី​ចិន​ទទួល​បាន​កំណើន​នាំចេញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំនួន​ ៣,៥%​ កាលពី​ខែ​មេសា ដែល​ភាគច្រើន​គឺការ​នាំចេញ​ផ្នែក​វេជ្ជសាស្ត្រ​ដូចជា​ម៉ាស់​ សម្លៀក​បំពាក់​ និង​សម្ភារៈពេទ្យសម្រាប់​ជំងឺ​កូវីដ​១៩​។

ការ​នាំចូល​របស់​ចិន​ធ្លាក់ចុះ​ខ្លាំង​មិនធ្លាប់​មានក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង​ទៅ​នេះ

ការ​នាំចេញ​របស់​ចិន​នៅក្នុង​ខែឧសភា​បានធ្លាក់ចុះ ក៏ប៉ុន្តែ​ការ​ធ្លាក់ចុះ​នេះ មិន​ច្រើន​ខ្លាំង​ដូចជា​ការ​នាំចូល​នោះទេ​។ ការ​នាំចូល​របស់​ចិន​បាន​ថយចុះ​រហូតដល់​ចំនួន​ ១៦,៧%​ ក្នុង​ខែ​ឧសភា​ បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៩​ និងជាការ​ថយចុះ​យ៉ាងខ្លាំង​បំផុត​ក្នុង​រយៈពេល​៤ ឆ្នាំ​ ពោលចាប់​តាំងពី​ឆ្នាំ ​២០១៦​មក។

អត្រា​ធ្លាក់ចុះ​នេះ​ មាន​ចំនួន​ខ្ពស់​ជាង​ឆ្ងាយ​ណាស់​ពីការ​ជាង​ការព្យាករណ៍​ទុក​របស់​ក្រុម​អ្នកវិភាគ​ដែលថា​ការនាំចូល​របស់​ចិន​ក្នុង​ខែ​ឧសភា​អាចនឹង​ធ្លាក់ចុះ​ត្រឹម​ចំនួន ៧,៨ % ពោល​អាច​ធ្លាក់ចុះ​តិចជាង​ខែ​មេសា​ដែល​មាន​ចំនួន​ ១៤,២ %​។

កាលពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​ ដោយមើល​ឃើញ​ថា​បរិបទ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​លើ​ពិភពលោក​បច្ចុប្បន្ន​កំពុង​បន្ត​ស្ថិតក្នុង​ភាព​ស្រពេចស្រពិល​ ពីព្រោះ​តែ​វិបត្តិ​កូវីដ​១៩​ រដ្ឋាភិបាល​ចិន​ មិន​បាន​កំណត់ពី​កំណើន​សេដ្ឋកិច្ច​ដែល​ចិន​ចង់ស​ម្រេច​បាន​ប្រចាំ​ឆ្នាំ​ ២០២១​ នោះទេ​។ នេះ​ ឆ្លុះ​បញ្ចាំង​ពី​ជំហរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​របស់​ចិន​ចំពោះ​ការ​បន្ធូរបន្ថយ​គោល​នយោបាយ​ ដើម្បើ​ស្តារ​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់​ចុះ​ ៦,៨%​ នៅក្នុង​ត្រីមាស​ទី ១​ នៃឆ្នាំ​ ២០២០​ ធៀប​នឹង​ឆ្នាំ​មុន។

ក្រុម​អ្នក​វិភាគ​ព្រមានពី​ការ​បន្តដើរ​ថយ​ក្រោយ​របស់​សេដ្ឋកិច្ច​ចិន

ឧស្សាហកម្ម​ក្នុង​ស្រុកចិន​បាននិង​កំពុង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​តាំង​ពី​ ២-៣​ ខែ​កន្លងមក​ហើយ​ បន្ទាប់ពី​អាជ្ញាធរចិន​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ និង​ដក​បម្រាម​​តម្រូវ​ឲ្យ​ប្រជាជន​នៅ​តែក្នុង​ផ្ទះ។

សម្រាប់​ក្រុម​អ្នក​វិភាគ​ ទោះជា​សង្វាក់​សេដ្ឋកិច្ច​ចិន​ចាប់​មាន​សកម្មភាព​ច្រើន​យ៉ាងណាក្តី​ ក៏​ប៉ុន្តែ​ សេដ្ឋកិច្ច​ចិន​អាច​នៅ​មិន​ទាន់​វិល​ត្រលប់​ទៅ​រក​សភាពធម្មតា​ឆាប់ៗ​នោះ​ទេ​។ ផ្ទុយ ទៅវិញ​ សេដ្ឋកិច្ច​ចិន​ អាច​ប្រឈម​នឹង​ការ​ដើរ​ថយក្រោយ​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត​ដោយសារតែ​ស្ថានភាព​នៃ​វិបត្តិ​កូវីដ​ កំពុង​បន្ត​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​។ រហូត​មក​ទល់នឹង​ពេលនេះ​ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយទេ​ ថាតើ​វិបត្តិ​កូវីដ​នឹង​ត្រូវ​បិទ​បញ្ចប់​ទៅ​ទាំងស្រុង​នៅពេលណា​។

លោក​ Julian Evans-Pritchard អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ បាន​មាន​ប្រសាសន៍ថា​ ស្ថិត​ក្នុង​កាលៈទេសៈ​ដូច​ពេល​បច្ចុប្បន្ន​ ការ​នាំចេញ​របស់​ចិន​អាច​នឹង​បន្ត​ធ្លាក់ចុះ​ ពីព្រោះថា​តម្រូវការ​របស់​ពិភពលោក​នៅ​បន្ត​ស្ងប់ស្ងៀម​។

បើ​ក្រុម​ប្រទេស​ដៃគូ​សេដ្ឋកិច្ច​របស់​ចិន​សឹង​តែ​ទាំង​អស់​លើ​លោក​នៅតែជាប់គាំង និង​ជួប​វិបត្តិ​ហើយ ចិន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រោងចក្រ​ សហគ្រាស​ពិភពលោក​ក៏​ត្រូវ​ជាប់គាំង​ ហើយ​ការនាំ​ចេញ​របស់​ចិន​ក៏​មិនអាច​កើនឡើង​វិញរួច​ដែរ​។

ដោយសារតែ​ការ​បញ្ជាទិញ​ពី​បរទេស​ធ្លាក់ចុះ​ខ្លាំងជា​គំហុក​ និង​មិនដឹងថា​ពេលវេលា​ដ៏​លំបាក​នេះ​ នឹងត្រូវបិទ​បញ្ចប់​ទៅវិញ​នៅពេលណា​ឲ្យ​ប្រាកដ​នោះ​ ចិន​បាន​ដាក់ចេញ​នូវ​វិធានការ​ជំរុញ​ឲ្យ​មាន​តម្រូវការ​ក្នុង​ស្រុកកើន​ឡើង​។

កាលពី​សប្តាហ៍​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាសថា​នឹង​បញ្ចេញ​ថវិកា​ចំនួន​ ១២,២ ពាន់​លាន​យ័ន​ (១,៧ ពាន់​លាន​ដុល្លារ​) ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​។ នេះ​ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារពត៌មាន​ចិន​ស៊ីនហួ​ (Xinhua)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ