អានតួអត្ថបទ
ថៃ​-កូវីដ១៩

ថៃគ្រោងបើកព្រំដែន ជាបឋម ជាមួយតែបណ្តាប្រទេសក្នុងតំបន់

ប្រទេស​ថៃ​ដែល​សេដ្ឋកិច្ច​ជាតិ​រំ​ពឹង​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ កំពុង​ពិចារណា​បើក​ព្រំដែន​ឡើង​វិញ។ ​បើ​តាម​គម្រោង ទ្វារ​ព្រំដែន​ថៃ​នឹង​បើកចំហ​​ទទួល​តែ​បណ្តាពលរដ្ឋ​នៃ​​ប្រទេសជិត​ខាង​​​ក្នុង​តំបន់​មួយ​ចំនួនប៉ុណ្ណោះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ ដែល​គេ​អាច​កាត់​យល់​បាន​ថា​ថៃ​នៅ​​​មិន​ទាន់ស្វាគមន៍​​ទេសចរ​អឺរ៉ុប និង​អាមេរិក​ទេ ក្នុង​គ្រា​​ដំបូង​នេះ។

ថៃគ្រោងបើកព្រំដែន ជាបឋម ជាមួយតែបណ្តាប្រទេសក្នុងតំបន់
ថៃគ្រោងបើកព្រំដែន ជាបឋម ជាមួយតែបណ្តាប្រទេសក្នុងតំបន់ REUTERS - Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

វិស័យ​ទេសចរណ៍​តំណាង​ឱ្យ​២០%​នៃ​ផលិតផល​សរុប​ជាតិ។ តែ​តាំងពី​ដើម​ខែ​មេសា​២០២០ ថ្ងៃ​ដែល​ថៃ​បាន​សម្រេច​បិទ​ខ្ទប់​ប្រទេស​ដើម្បី​ទប់​ស្កាត់​ជំងឺ​រាតត្បាត​កូវីដ​១៩​មក មាន​បុគ្គលិក-កម្មករ​​​រាប់​លាន​នាក់​បម្រើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​​ទេសចរណ៍​បាន​ធ្លាក់​ខ្លួន​អត់​ជា​ជន​អត់​ការងារ​ធ្វើ។ អ្នក​ដំណើរ​ថៃ ឬ​បរទេស​ ក្នុង​ចំនួន​ដ៏​តិច​តួច​ដែល​អាច​មក​ដល់​ជាន់​ទឹក​ដី​ថៃ​បាន ត្រូវ​ជាប់​ក្នុង​បម្រាម​បង្ឃាំង​ខ្លួន​ចំនួន​១៤​ថ្ងៃ ក្នុង​មជ្ឈមណ្ឌល​​តម្រូវ​ដោយ​​រដ្ឋាភិបាល​​ តែ​ត្រូវ​ចេញ​ថ្លៃ​ចំណាយ​ខ្លួន​ឯង។

កូវីដ​១៩ ចាប់​ចុះ​ថយ​អំណាច​រាតត្បាត​យ៉ាង​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ដោយ​នៅ​មាន​អ្នក​ផ្ទុក​ជំងឺ​តែ​ជាង​៣១០០​ករណី និង​ស្លាប់សរុប​អស់​​៥៨​នាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល ចាប់​ពិចារណា​បើក​ព្រំដែន​ឡើង​វិញ​ ជា​ដំណាក់ៗ។ ដំណាក់កាល​​ទី​មួយ​គឺ​បើក​ព្រំដែន​​តែ​ជាមួយ​ប្រទេស​ណាដែល​បាន​យកឈ្នះ​និង​​គ្រប់គ្រងស្ថានភាព​ជំងឺ​កូវីដ​១៩​បាន​។

តើ​ជា​ប្រទេស​ណាខ្លះ ? ទេសចរ​ចិន កូរ៉ខាង​ត្បូង វៀតណាម អូស្ត្រាលី ឬ​នូវែលហ្សេឡង់ អាច​ធ្វើ​ដំណើរ​មក​ប្រទេស​ថៃ​បាន។ នេះ​បើ​​តាម​អ្នក​នាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​វិបត្តិ​កូរ៉ូណាវីរុស ដែលបញ្ជាក់​បន្ថែម​ទៀតថា គ្រប់​អ្នក​ដំណើរ​/ទេសចរ ត្រូវ​មាន​លខិត​បញ្ជាក់​សុខភាព (ថា​គ្មាន​ជំងឺ​កូវីដ១៩) ​មាន​ការ​ធានារ៉ាប់រង​សុខភាព ទើប​​មិនជាប់​បម្រាម​ដាច់​ខាត​​​ថា​ត្រូវ​​បង្ឃាំងខ្លួន​​១៤​ថ្ងៃ។

​ភ្ញៀវទេសចរដែល​ថៃ​ចង់​ទាក់ទាញ​​​ខ្លាំង​ជាពិសេស​គឺ​ទេសចរ​ជា​អ្នក​មាន​ធូរធារ​ ដែល​ស្វែង​រក​ការ​កំសាន្ត​លេង​វាយកូនហ្គោល អ្នក​ជំនួញ​ និង​ទេសចរ​សុខភាពដែល​មក​​ព្យាបាល​ជំងឺ​ និង​ដែលជា​ប្រភព​​នាំ​ចំណូល​យ៉ាង​សំខាន់មួយ​​​ដល់​ប្រទេស។

ប៉ុន្តែ​អាជ្ញាធរ​ថៃ​​​មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ ​នៃ​ការ​បើក​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់ទេ។ ហើយ​ក៏​មិន​បាន​បញ្ជាក់​​អ្វី​ទាក់​ទង​នឹង​ទេសចរ​មក​ពី​អឺរ៉ុប​និងសហរដ្ឋ​អាមេរិក​ដែរ។ មាន​ន័យ​ថា​ថៃ​ពុំ​ទាន់​ត្រៀម​លក្ខណៈ​រួច​នឹង​ទទួល​ទេសចរ​ទូទៅ​នៅ​ឡើយទេ។

រង​សម្ពាធ​ខ្លាំង ប្រទេសត្រូវ​បង្ខំ​ចិត្ត​បើក​ព្រំដែន​​ឡើង​វិញ។ កូវីដ​១៩ បានធ្វើ​ឱ្យ​ថៃ​ខាត​បង់​​ចំណូល​ទេស​ចរណ៍​​អស់​រាប់​ពាន់​លាន​ដុល្លារ និង​ទំនង​ជា​អាច​ទទួល​ភ្ញៀវ​​បាន​ត្រឹម​១៤​លាន​នៅ​ឆ្នាំ​២០២០​នេះ ទល់​នឹង​ជិត​៤០​លាន​នាក់​កាលពី​ឆ្នាំ​២០១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ