អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ឧបទ្វីបកូរ៉េ៖ក្រុងព្យុងយ៉ាងច្រានចោលសំណើក្រុងសេអ៊ូល និងព្រមានបញ្ជូនទ័ពទៅក្បែរតំបន់គ្មានកងទ័ព

ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​បន្ត​តានតឹង​ខ្លាំង។ បន្ទាប់​ពី​បាន​បំផ្ទុះ​កម្ទេច​អាគារ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​ដែល​ស្ថិត​ក្នុង​តំបន់​កេសុង​ជាប់​ព្រំដែន​រវាង​កូរ៉េ​ទាំង២ ក្នុង​ថ្ងៃ​អង្គារ ទី១៦ មិថុនា​មក កូរ៉េខាងជើង​បាន​ព្រមាន​ក្នុង​ថ្ងៃ​ពុធ ទី១៧ មិថុនា​នេះ​ពី​ការ​បញ្ជូន​ទ័ព​ទៅ​ក្បែរ​តំបន់​គ្មាន​កងទ័ព។ ទន្ទឹម​គ្នា​នេះ ក្រុង​ព្យុងយ៉ាង​ក៏​បាន​បញ្ជាក់​ពី​ការ​ច្រានចោល​នូវ​សំណើ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​ដែល​ចង់​បញ្ជូន​ក្រុម​ប្រេសិត​កូរ៉េខាងត្បូង​ទៅ​កូរ៉េខាងជើង​ដើម្បី​ចរចា។

ទាហានកូរ៉េខាងត្បូង​ដើរ​ត្បាត​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង
ទាហានកូរ៉េខាងត្បូង​ដើរ​ត្បាត​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង © AFP/Ed Jones
ផ្សាយពាណិជ្ជកម្ម

សំណើ​របស់​ក្រុង​សេអ៊ូល​ពិត​ជា​បាន​ទៅ​ដល់​ដៃ​ក្រុង​ព្យុងយ៉ាង​មែន តែ​ការ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​ច្រានចោល​លើ​សំណើ​នោះ​មក​ពី​ប្អូនស្រី​របស់​លោក​គីម ជុងអ៊ុន​យល់​ថា ជា​សំណើ​អាក្រក់ និង​ខ្វះ​ការ​ពិចារណា នេះ​បើ​តាម​កាសែត​ផ្លូវការ​កូរ៉េខាងជើង KCNA ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ពុធ ទី១៧ មិថុនា។ ទន្ទឹម​នឹង​ច្រានចោល​លើ​សំណើ​របស់​កូរ៉េខាងត្បូង KCNA ក៏​បាន​ផ្សព្វផ្សាយ​នូវ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​កងទ័ព​កូរ៉េខាងជើង​ដែល​បញ្ជាក់​ពី​ការ​ត្រៀម​ពង្រាយ​ទ័ព​នៅ​តំបន់​ទេសចរណ៍ Mont Kumgang និង​តំបន់​ឧស្សាហកម្ម Kaesong ដែល​សុទ្ធសឹង​ជា​តំបន់​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ។

ដោយឡែក និង​ក្រៅ​ពី​គ្រោង​ពង្រាយ​ទ័ព​នៅ​តំបន់ Mont Kumgang និង​តំបន់ Kaesong អ្នក​នាំ​ពាក្យ​កងទ័ព​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា ប៉ុស្តិ៍យាម​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​បាន​ដក​ចេញ​ក្នុង​ឆ្នាំ ២០១៨​តាម​កិច្ចព្រមព្រៀង​អន្តរកូរ៉េ​នឹង​ដាក់​ឲ្យ​មាន​ឡើង​វិញ​ដើម្បី​ពង្រឹង​ការ​ឃ្លាំមើល​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន។ បន្ទាប់​មក និង​បើ​ផ្អែក​តាម​អ្នក​នាំ​ពាក្យ​កងទ័ព​កូរ៉េខាងជើង​រូប​នេះ​ដដែល អង្គភាព​កាំភ្លើងធំ ពិសេស​នៅ​តំបន់​ដែនសមុទ្រ​នឹង​ចាប់​លំហាត់សឹក​គ្រប់​ប្រភេទ​គ្រប់​ឡើង​វិញ​ជា​ប្រចាំ ហើយ​កូរ៉េខាងជើង​ក៏​មាន​បំណង​បញ្ជូន​ទៅ​កូរ៉េខាត្បូង​នូវ​ខិតប័ណ្ណ​ឃោសនា​របស់​ខ្លួន​ដែរ។ ការ​ព្រមាន​របស់​ក្រុង​ព្យុងយ៉ាង​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ក្រុង​សេអ៊ូល​បិទមាត់​ទេ។

ក្រៅ​ពី​ចាត់​ទុក​សម្តី​របស់​កូរ៉េខាងជើង​ថា​មិន​សមហេតុផល និង​គ្មាន​ការ​គួរសម អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ព្រមាន​តប​វិញ​ត្រង់ៗ​ថា កូរ៉េខាងត្បូង​នឹង​មិន​អត់អោន​ឲ្យ​ទៀត​ឡើយ​នូវ​សកម្មភាព និង​ពាក្យសម្តី​មិន​សមរម្យ។ ចំណែក​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​យល់​ឃើញ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ខ្លួន​ថា បើ​កូរ៉េខាងជើង​ហ៊ាន​ធ្វើ​ដូច​ដែល​ខ្លួន​បាន​គំរាមកំហែង​មែន នោះ​វា​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​អន្តរកូរ៉េ។ « បើ​កូរ៉េខាងជើង​ហ៊ាន កូរ៉េខាងជើង​នឹង​ត្រូវ​បង់​តម្លៃ​ចំពោះ​ទង្វើ​របស់​ខ្លួន​ដោយ​ចៀស​មិន​រួច » នេះ​ជា​ការ​ព្រមាន​របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កំណើន​ភាព​តានតឹង​ជា​ថ្មី​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​នឹង​បន្ត​មាន​ដល់​ពេល​ណា និង​អាច​បញ្ចប់​តាម​ផ្លូវ​ណា​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន តាំង​ពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាម​រវាង​គ្នា​ក្នុង​ឆ្នាំ ១៩៥៣ មក កូរ៉េខាងជើង និង​ខាង​ត្បូង​មាន​ត្រឹម​យុទ្ធសន្តិភាព​ប៉ុណ្ណោះ ពោល​នៅ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​គ្នា​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ