អានតួអត្ថបទ
ហ៊ីរ៉ូស្ហ៊ីម៉ា

ប្រជាជន​ជប៉ុន​ប្រារព្ធខួប​៧៥ឆ្នាំ នៃ​ការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​នៅហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី

ប្រទេស​ជប៉ុន នៅថ្ងៃ​ទី​៦សីហា នេះ​បាន​ប្រារព្ធខួប ៧៥ឆ្នាំ នៃ​ការទម្លាក់គ្រាប់បែក​បរិមាណូ​របស់ អាមេរិក​ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី កាលពី​ក្នុង​សម័យ​សង្រ្គាម​លោកលើក​ទី២។ គ្រាប់បែក​បរិមាណូ​របស់អាមេរិក​បាន​ចាប់បង្ខំ​ឲ្យ​អធិរាជ​ជប៉ុន​លើកទង់ជ័យស ចុះចាញ់​សង្រ្គាម​​លោកលើកទី​២មែនហើយ​ ប៉ុន្តែ វា​បាន​សម្លាប់មនុស្ស ប្រមាណ ២៤១ ០០០នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល។ កាលពី​៧៥ឆ្នាំ មុន គឺ​នៅ​ថ្ងៃទី ៦​សីហា ដែល​គ្រាប់បែក​នុយក្លេអ៊ែរ លើកដំបូងគេ​ក្នុង​ប្រវត្តិសាស្រ្ត ត្រូវ​អាមេរិក ទម្លាក់​ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ នៅ​៣​ថ្ងៃ​ក្រោយ គឺ​ទីក្រុង​ណាហ្កាសាគី​ដែល​រងបំផ្លាញ​ខ្ទេចខ្ទី​ដោយគ្រាប់បែក​មរណៈ របស់​អាមេរិក។ នៅថ្ងៃ​ដែល​ប្រជាជន​ជប៉ុន នាំមុខ​ដោយ​រដ្ឋាភិបាល​កំពុង​រៀបចំ​ពិធីបុណ្យ​គោរពវិញ្ញាញក្ខន្ធ​របស់ជនរងគ្រោះ នៅក្នុង​ការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី វិទ្យុបារាំង​RFI បាន​រំលឹក​ហេតុការណ៍ នៅថ្ងៃ​មហាសោកនាដកម្ម​របស់​មនុស្សជាតិ តាមរយៈ សាក្សីកម្ម​របស់​លោកស្រី Keiko OGURA ជនរងគ្រោះ ដែលរួចរស់ជីវិត​ពីការទម្លាក់គ្រាប់បែក​បរិមាណូ​របស់អាមេរិក នៅ​ហ៊ីរ៉ូស្ហ៊ីមា។ កាលណោះ លោកស្រី មាន​អាយុ ប្រមាណ ៨ឆ្នាំ។

ស្ថានភាព​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ក្រោយរងការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក នៅថ្ងៃទី​៦​សីហា ១៩៤៥
ស្ថានភាព​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ក្រោយរងការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក នៅថ្ងៃទី​៦​សីហា ១៩៤៥ AP - Stanley Troutman
ផ្សាយពាណិជ្ជកម្ម

“នៅយប់ថ្ងៃទី៥ ចូលដល់​ថ្ងៃទី​៦​សីហា យន្តហោះ​អាមេរិក​ទម្លាក់គ្រាប់បែក មិនឈប់។ នៅយប់នោះ យើងគេងនៅក្រោម​ជំរក​ការពារពីគ្រាប់បែក។ នៅព្រឹកឡើង ឪពុកខ្ញុំ​និយាយ​ថា Keiko មិនបាច់ទៅសាលារៀនទេ ថ្ងៃនេះ ព្រោះ​វា​គ្មាន​សុវត្ថិភាព។ ត្រូវ​ប្រញាប់​ត្រលប់មកផ្ទះ។”

“នៅ​ម៉ោង ៨ ១៥នាទី ខ្ញុំ​ជិត​មកដល់​ផ្ទះទៅហើយ ស្រាប់តែ មួយរំពេចនោះ ពន្លឺផ្លេក សភ្លាវ ដ៏ធំអស្ចារ្យ មួយ ចាំងឡើង​ទៅលើ​មេឃ។ មាន​សំឡេងផ្ទុះដ៏ខ្លាំងមហិមារ និង​បន្ទាប់មក មានកម្លាំងខ្យល់ ដ៏សន្ទឹក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខ្ទាត​ប៉ើងទៅលើ​ដី។ ក្បាលរបស់ខ្ញុំ​បុកប៉ះត្រូវដុំថ្ម។ ខ្ញុំ​ក៏សន្លប់​បាត់ស្មារតី។”

“នៅពេល​ខ្ញុំ​ដឹងខ្លួនឡើងវិញ អ្វីៗនៅជុំវិញខ្ញុំ​គឺ​បំផ្លាញខ្ទេច និងមាន​ភ្លើងឆេះ​គ្រប់កន្លែង។ នៅពេលនោះ គឺ​មាន​សភាពស្ងាត់ជ្រងំ ដូចនៅវាលកប់ខ្មោច។ មេឃខ្មៅងងឹត បើទោះបី​នៅថ្ងៃក៏ដោយ។ ភ្លាមៗ ខ្ញុំ​នៅងីងើ មិនអាច​ងើបឈរ​ដោយ​ខ្លួនឯងបានទេ។”

“មនុស្សម្នារ​រាប់ពាន់​នាក់​ចាប់ផ្តើម​រត់ចាកចេញ​ពីទីក្រុង។ ប្រជាជន​ជាច្រើន​មាន​របួស រលាក​ដ៏គួរខ្លោចចិត្ត។ អ្នករបួសច្រើនណាស់​បានស្រែកថ្ងូរ រក ទឹក ទឹក។ អ្នករបួស​២នាក់​បាន​ស្លាប់​ដាច់ខ្យល់​នៅនឹងមុខ​ខ្ញុំ ដោយសារ​តែ​ពួកគេ​បាន​ផឹកទឹក​ដែល​ខ្ញុំ​ខំរក​ឲ្យពួកគេ។ គេ​មិនត្រូវ​ឲ្យ​ទឹក​ទៅ​ឲ្យអ្នកដែល​របួសរលាក​ខ្លាំង​នោះទេ។ ប៉ុន្តែ កាលណោះ ខ្ញុំ​មិន​ដឹងអ្វីទេ។ ខ្ញុំ​នៅ​ជា​កូនក្មេង នៅឡើយ។ ខ្ញុំ​ធ្លាប់គិតថា ខ្ញុំ​ធ្វើត្រូវហើយ។ ប៉ុន្តែ តាមពិត ខ្ញុំ​បាន​សម្លាប់​អ្នកទាំង២នាក់នោះ នៅពេល​ខ្ញុំ​ព្យាយាមជួយពួកគេ​ទៅវិញ។ រឿងនេះ​ធ្វើឲ្យខ្ញុំ​យល់សប្តិអាក្រក់​អស់​ជាច្រើនឆ្នាំ។”

“ប៉ុន្មាន​ថ្ងៃ​បន្ទាប់ យើង​បាន​រៀបចំ​បុណ្យ​ដុតសាកសព​របស់​ជនរងគ្រោះ។ ដល់ទៅ​មាន​បុណ្យដុតសព​ច្រើនពេក​នៅទីក្រុង គេឃើញ មានតែ​ផ្សែងខ្មៅ និង​ក្លិនគេដុតខ្មោច នៅគ្រប់កន្លែង។”

“ចាប់តាំង​ពី​ថ្ងៃ​នោះមក មាន​សំណួរ​៣​ដែល​តែងតែ​លងខ្ញុំ​ជានិច្ច។ ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​នៅក្នុង​ការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា។ ហេតុអ្វី​បានជា​នៅថ្ងៃទី ៦ សីហា ឆ្នាំ ១៩៤៥ ខ្ញុំ​មិនអាច​ជួយសង្រ្គោះ​មនុស្សម្នាក់​ទាល់តែសោះ។ ហេតុអ្វី​បាន​ជា​នៅ​៧៥ឆ្នាំ ក្រោយ គេ​នៅតែ​មិនអាច​បំផ្លាញ លុបបំបាត់ចោល អាវុធ​នុយក្លេអ៊ែរ ហេតុអ្វី? រឿង​ទាំងអស់នេះ វាធ្វើ​ឲ្យ​ខ្ញុំ​ខឹងក្តៅក្រហាយមែនទែន។”

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ