អានតួអត្ថបទ
អូស្រា្តលី-ចិន

អ្នកកាសែតអូស្រ្តាលីពីរនាក់បានចាកចេញពីចិនដោយបារម្ភពីការចាប់ខ្លួន

អ្នកកាសែត​អូស្រ្តាលី​ចំនួន​ពីរ​នាក់ គឺ​លោក Bill Birtles និង​លោក Michael Smith បាន​ចាកចេញ​ពី​ប្រទេស​ចិន​នា​យប់​ថ្ងៃ​ចន្ទ ទី៧​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៨ កញ្ញា។ ការ​សម្រេច​ចាកចេញ​ពី​ទឹកដី​ចិន​របស់​អ្នកកាសែត​ទាំង​ពីរ​នាក់​មក​ពី​ពួក​គេ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ដោយ​រដ្ឋអំណាច​ចិន​ក្រោម​ហេតុផល​សន្តិសុខជាតិ។ នៅ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ការ​ទៅ​ដល់​ប្រទេស​កំណើត​របស់​លោក Bill Birtles និង​លោក Michael Smith រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា អ្នកកាសែត​អូស្រ្តាលី​ម្នាក់​ទៀត គឺ​លោកស្រី Cheng Lei ដែល​បាន​ចាប់​ខ្លួន​ក្នុង​ខែ​សីហា និង​ជា​បុគ្គលិក​ធ្វើ​ការ​ឲ្យ​ទូរទស្សន៍រដ្ឋ​ចិន​មាន​សកម្មភាព​ឧក្រិដ្ឋ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខជាតិ។

អ្នកកាសែតអូស្រ្តាលីពីរនាក់បានចាកចេញពីចិនដោយបារម្ភពីការចាប់ខ្លួន
អ្នកកាសែតអូស្រ្តាលីពីរនាក់បានចាកចេញពីចិនដោយបារម្ភពីការចាប់ខ្លួន AP
ផ្សាយពាណិជ្ជកម្ម

លោក Bill Birtles និង​លោក Michael Smith គឺ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​កាសែត Australian Financial Review ប្រចាំ​ក្រុង​សៀងហៃ។ ការ​សម្រេច​ចាក​ចេញ​ពី​ចិន​ដោយ​បង្ខំ និង​ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​របស់​អ្នកកាសែត​អូស្រា្តលី​ទាំង​ពីរ​នាក់​ក៏​ដោយសារ​នៅ​សប្តាហ៍​មុន ប៉ូលិស​ចិន​បាន​ចូល​ឆែកឆែរ​ផ្ទះ​របស់​ពួក​គេ​នៅ​កណ្តាល​អាធ្រាត្រ។ ប៉ូលិស​ចិន​បាន​ប្រាប់​អ្នកកាសែត​ទាំង​ពីរ​នាក់​នា​ពេល​នោះ​ថា ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ក្នុង​ក្របខណ្ឌ​សន្តិសុខជាតិ ពួក​គេ​មិន​អាច​ចាកចេញ​ពី​ទឹកដី​ចិន ហើយ​ពួក​គេ​នឹង​ត្រូវ​កោះហៅ​ទៅ​សួរ​នាំ។

ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន និង​កោះហៅ​ទៅ​សួរនាំ លោក Bill និង​លោក Michael ក៏​បាន​សម្រេចចិត្ត​គេច​ខ្លួន​ទៅ​ជ្រកកោណ​នៅ​ក្នុង​ផ្ទះ​មន្រ្តីទូត​អូស្រា្តលី​ដែល​នៅ​ជិត​បំផុត។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ចន្ទ ទី៧ កញ្ញា អ្នកកាសែត​អូស្រ្តាលី​ទាំង​ពីរ​នាក់​ដែល​អមដំណើរ​ដោយ​មន្រ្តីទូតអូស្រា្តលី​បាន​ចាកចេញ​ពី​ក្រុង​សៀងហៃ និង​ទៅ​ដល់​ក្រុង​ស៊ីដនី​នា​ព្រឹក​ថ្ងៃ​អង្គារ ទី៨ កញ្ញា។ « ពិត​ជា​បាន​ធូរស្បើយ និង​ធូរទ្រូង​ខ្លាំង​ណាស់​ដែល​បាន​ត្រឡប់​មក​ដល់​ប្រទេស​មួយ​មាន​នីតិរដ្ឋ​ពេញលេញ » នេះ​ជា​ការ​ថ្លែង​របស់​លោក Bill នៅ​ពេល​បាន​ដាក់​ជើង​ជាន់​ទឹកដី​កំណើត។

គួរ​បញ្ជាក់​ថា ឈ្មោះ​លោក Bill និង​លោក Michael ត្រូវ​បាន​រដ្ឋអំណាច​ចិន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​កាសែត​បរទេស ពិសេស​អ្នក​កាសែត​អាមេរិក​ដែល​ថ្មីៗ​នេះ​មិន​ទទួល​បាន​ច្បាប់​ធ្វើ​ការ​លើ​ទឹកដី​ចិន ឬ​មួយ​ក៏​ត្រូវ​បណ្តេញ​ចេញ​ពី​ទឹកដី​ចិន។ ក្នុង​ខែ​មិថុនា​កន្លង​ទៅ អ្នកកាសែត​អូស្រ្តាលី​ម្នាក់​ទៀត​លោកស្រី Cheng Lei ដែល​ធ្វើ​ការ​ឲ្យ​ទូរទស្សន៍រដ្ឋ​ចិន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ។ តែ​ចិន​ទើប​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី៨ កញ្ញា​ថា លោកស្រី Cheng Lei បាន​ជាប់សង្ស័យ​ពី​បទ​មាន​សកម្មភាព​ឧក្រិដ្ឋ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខជាតិ និង​ឆ្លៀត​រម្លឹក​ថា នៅ​ពេល​ដែល​អ្នកកាសែត​បរទេស​គោរព​ច្បាប់​ចិន ពួក​គេ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បារម្ភ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​និពន្ធនាយក​កាសែត Australian Financial Review បាន​ចេញ​មុខ​ការពារ​លោក Bill និង​លោក Michael ដោយ​គូសបញ្ជាក់​ថា លោក Bill និង​លោក Michael ធ្វើ​ការងារ​ធម្មតា​ក្នុង​នាម​ជា​អ្នក​យក​ព័ត៌មាន។ ក្រុម​និពន្ធនាយក​កាសែត Australian Financial Review ដដែល​បាន​ចាត់​ទុក​រឿងរ៉ាវ​មួយ​នេះ​គួរ​ឲ្យ​សោកស្តាយ និង​បារម្ភ ហើយ​ថា វា​មិនមែន​ជា​ប្រយោជន៍​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​អូស្រា្តលី និង​ចិន​ទេ។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ចិន​របស់​លោក​ស៊ី ជីនពីង អូស្រ្តាលី​តែង​ប្រឆាំង​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី។

នៅ​ប៉ុន្មាន​ខែ​មុន​នេះ​ទៀត អូស្រា្តលី​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​ដោយ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ប្រភព​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅ​ចិន។ តាំង​ពី​ពេល​នោះ​មក ចិន​បាន​បន្ត​ប្រើ​អាវុធ​សេដ្ឋកិច្ច​ប្រឆាំង​អូស្រា្តលី​ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​ទី១ របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ