អានតួអត្ថបទ
សំណុំរឿងនុយក្លេអ៊ែរ-កូរ៉េខាងជើង

អាមេរិក​ខក​ចិត្ត​ដែល​ឃើញ​កូរ៉េ​ខាងជើង​អួត​សម្ញែង​មីស៊ីល​ថ្មី

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ ១១​ តុលា​ថា​ សហរដ្ឋអាមេរិក​ខកចិត្ត​ ដែល​បាន​ឃើញ​កូរ៉េខាងជើង​ អួត​សម្ញែង​សព្វាវុធ​យោធាថ្មីៗ​ដែល​ក្នុង​នោះក៏រួម​មាន​ផងដែរ​ មីស៊ីល​អន្តរ​ទ្វីបថ្មី​ (ICBM) នៅឯ​ព្យុហយាត្រា​យោធា​មួយ​។ ជាព្យុហយាត្រា​ដ៏ធំ​ និង​បានប្រព្រឹត្ត​ធ្វើទៅ​កាលពីថ្ងៃ​សៅរ៍​ក្នុងទីក្រុងព្យុងយ៉ាង​ចំ​ថ្ងៃ​គម្រប់​ខួប​៧៥​ឆ្នាំ​ នៃការបង្កើត​គណបក្ស​ពលករ​កូរ៉េខាង​ជើង​។

មីស៊ីលអន្តរទ្វីបថ្មី (ICBM) ដែលរបបក្រុងព្យុងយ៉ាងអួតសម្ងែងនៅឯព្យុហយាត្រាយោធាចំថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ទី១០ តុលា ឆ្នាំ២០២០។
មីស៊ីលអន្តរទ្វីបថ្មី (ICBM) ដែលរបបក្រុងព្យុងយ៉ាងអួតសម្ងែងនៅឯព្យុហយាត្រាយោធាចំថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ទី១០ តុលា ឆ្នាំ២០២០។ © REUTERS/Damir Sagolj/File Photo
ផ្សាយពាណិជ្ជកម្ម

នៅតែ​ប៉ុន្មាន​សប្តាហ៍​មុនការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មក​ដល់​ កូរ៉េខាងជើង​បានអួត​បង្ហាញពីភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​យោធា​និង​សព្វាវុធ​ថ្មីៗ​តាមរយៈ​ព្យុហយាត្រាយោធា​ដ៏ធំ​សម្បើម​កាលពី​ថ្ងៃសៅរ៍​ ទី១០​ តុលា​។

មួយថ្ងៃ​ក្រោយមក​ សហរដ្ឋអាមេរិក​បាន​សម្តែង​នូវការ​ខកចិត្ត​ចំពោះ​ទង្វើ​អួតសម្ញែង​អាវុធយោធា​របស់​កូរ៉េខាងជើង​ ខណៈពេលដែល​ការចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​រវាង​ប្រទេសទាំងពីរ​នៅតែ​ជាប់គាំង​នៅឡើយ​។

“វា គឺជា​រឿង​ខកចិត្ត​មួយ​ ដែល​បាន​ឃើញ​កូរ៉េខាងជើង​ បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ​ និង​មីស៊ីល​ប៉ាលីស្ទីក​ដែលជា​អាវុធ​ហាមឃាត់​ដោយ​អន្តរជាតិ​”។ នេះ​គឺជា​ប្រសាសន៍​របស់​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​ដោយ​បាន​បន្ថែមទៀតថា​ សហរដ្ឋអាមេរិក​ចង់​ឃើញ​កូរ៉េខាងជើង​រំសាយ​ចោល​មហិច្ឆតា​ផលិត​អាវុធនុយក្លេអ៊ែរ​ និង​អំពាវនាវឲ្យ​កូរ៉េខាងជើង​ត្រលប់​ចូល​តុ​កិច្ចចរចា​ និង​ធ្វើយ៉ាងណា​សម្រេចឲ្យ​បាន​នូវ​ការ​រំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុង​។

ទាក់ទងរឿងនេះ​ ក្រុមអ្នកវិភាគ​បាន​លើកឡើងថា​ មីស៊ីល​អន្តរទ្វីបថ្មី​ដ៏ធំ​ (ICBM) ដែល​ត្រូវបាន​អួតបង្ហាញ​ដោយ​កូរ៉េខាងជើង​កាលពី​ថ្ងៃសៅរ៍​ គឺជា​តឹកតាង​បង្ហាញ​យ៉ាងច្បាស់ថា​ របបក្រុង​ព្យុងយ៉ាង​ បាន​បន្តអភិវឌ្ឍន៍​ឃ្លាំងអាវុធ​របស់ខ្លួន​ទាំងនៅក្នុង​អំឡុង​ពេល​ចរចា​ជាមួយក្រុង​វ៉ាស៊ីតោន​។ ដោយ​មើលឃើញ​បែបនេះ​ ក្រុម​អ្នកវិភាគ​យល់ថា​ កិច្ចចរចា​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង​ គួរតែ​ឆាប់រៀបចំ​ឲ្យបាន​លឿន​តាមដែល​អាចធ្វើទៅបាន​។

គួររំឭកជូនថា​ ការ​ចរចា​ទាក់ទង​សំណុំរឿង​នុយក្លេអ៊ែរ​រវាង​លោក​ប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាងជើង​ គីម ជុងអ៊ុន​ បាន​ជាប់គាំង​ ចាប់តាំងពី​បរាជ័យ​នៃ​កិច្ច​ប្រជុំកំពូលក្នុងទីក្រុងហាណូយ កាលពី​ដើមឆ្នាំ​២០១៩ មក​។

កិច្ចចរចា​កាលណោះ​បញ្ចប់ទៅ​ដោយគ្មានសម្រេច​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​ដោយសារតែ​ភាគីទាំងពីរ​មិន​ឯកភាពគ្នា​ជុំវិញ​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ និង​ចំណុច​សំខាន់​ផ្សេងទៀត​ដែល​កូរ៉េខាងជើង​ទាមទារ​ ដើម្បីជា​ថ្នូរ​ក្នុងការ​រំសាយ​កម្មវិធីផលិត​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ