អានតួអត្ថបទ

ភូមា ដក​ហូត​សិទ្ធិបោះឆ្នោត​ជន​ជាតិភាគតិច​ ជាង​១លាននាក់

​ភូមា គ្រោង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ នៅថ្ងៃទី​៨​វិច្ឆិកា។ ក៏ប៉ុន្តែ​ ពីរ​សប្តាហ៍​មុន​ពេល​បោះឆ្នោតឈាន​ចូល​មកដល់​ អាជ្ញាធរភូមា បាន​សម្រេច​ប្រកាស​លុប​ចោល​ការ​រៀបចំ​បោះឆ្នោត ​នៅ​បណ្តា​រដ្ឋ​មួយ​ចំនួន ពិសេស​គឺនៅ​រដ្ឋ​រ៉ាក់ឃីន ដែល​ជាទី​ដ៏ចម្រូងចម្រាស់ ​ខាង​ពហុ​ជាតិសាសន៍​ និងសាសនា។ មូលហេតុ​​លុប​ចោល​មណ្ឌល​បោះឆ្នោត​ និង​ដក​សិទ្ធិ​បោះឆ្នោត​ពលរដ្ឋ​ ទាំង​ជាង​ ១លាន ១សែន ​​នាក់ នេះ​  ព្រោះតែ ​ហេតុ​ផល​សន្តិសុខ​-សុវត្ថិភាព។

ទិដ្ឋភាព​​របស់ពលរដ្ឋរ៉ូហ៊ីងយ៉ា កំពុងភៀសខ្លួន។
ទិដ្ឋភាព​​របស់ពលរដ្ឋរ៉ូហ៊ីងយ៉ា កំពុងភៀសខ្លួន។ Malaysian Maritime Enforcement Agency via AP, File
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់​ភូមា ដែល​ត្រូវ​គេ​មើល​ឃើញថាស្និទ្ធ​​នឹង​រដ្ឋអំណាចនិង​ស្និទ្ធ​ក្រសួង​ដែល​កាន់​​កាប់​ដោយ​ក្រុម​ឧត្តម​សេនីយ៍យោធា បាន​សម្រេច​ប្រកាស​កាលពី​សប្តាហ៍​មុន ថា​លុប​ចោល​មណ្ឌល​បោះឆ្នោត​ មួយ​ចំនួន ព្រោះតែ​ហេតុផល​សន្តិសុខ។ ការសម្រេច​នេះ ប៉ះពាល់​ដល់​មណ្ឌល​បោះឆ្នោត​ជាច្រើន ​ជាពិសេស​មណ្ឌល​​នៅ​រដ្ឋ​រ៉ាក់ឃីន ដែលប្រជាពលរដ្ឋ​ ប្រមាណ​ ២/៣ នឹង​ត្រូវ​ខកខាន មិន​បាន​​ទៅ​បោះឆ្នោត​។

រដ្ឋរ៉ាក់ឃីននេះ សម្បូរដោយ​ពួក​ក្រុម​ជនជាតិ​ភាគតិច រ៉ូ​ហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម​ និង​ដែល​មានភាព​ល្អក់កករ​​ជាមួយ​របប​សឹក​ភូមា ច្រើន​ឆ្នាំមកហើយ។ ក្រុម​​រ៉ូហ៊ីងយ៉ា ត្រូវ​គេ​អះអាងថា រដ្ឋ​អំណាច​បដិសេធ​មិន​ឱ្យ​ទទួល​បាន​សញ្ជាតិភូមា​ ហើយ​ជា​កម្មវត្ថុ​នៃការ​បណ្តេញចេញ។ កាលពីឆ្នាំ​២០១៧ ជម្លោះ​ហិង្សា​និងការ​​បណ្តេញ​​​ពួក​រ៉ូហ៊ីងយ៉ា ធ្វើ​ឱ្យ​មាន​ការ​កាប់សម្លាប់​​គ្នា ​អស់​ច្រើន​រយនាក់។ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កំពុងតែ​ស៊ើប​អង្កេត​នៅឡើយ ហើយ​បើតាម​អង្គការ​សហប្រជាជាតិ​ប្រចាំភូមា  ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា យ៉ាងហោច​ចំនួន​៧៥ម៉ឺននាក់ ​កំពុងរស់នៅ​​ជ្រកក្រោន នៅបង់ក្លាដេស​ ប្រទេស​ក្បែរខាង។ 

Saw Aung ពលរដ្ឋ​រ៉ូហ៊ីងយ៉ាម្នាក់ ដែល​កំពុង​ស្នាក់​នៅ​សហគម​ Minbya បាន​ថ្លែង​ប្រាប់​ទីភ្នាក់​ងារ​​ការសែត​បារាំង​AFP បែប​តូចចិត្ត​ អស់​សង្ឃឹម​នឹង​នយោបាយ អស់​សង្ឃឹម​នឹង​អនាគត ដោយ​និយាយ​ថា ពួក​គេគ្មាន​សង្ឃឹម​អ្វីបន្តិច ទៅ​លើការបោះឆ្នោតនេះស្រេច​ទៅហើយ​ បើទោះបី​ជាការបោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​បាន​មែន ក៏​ស្ថានភាព​ជីវិតពួក​គេ គ្មានអ្វី​​គ្រាន់បើ​ជាង​នេះដែរ។

សេចក្តីសម្រេច​លុប​ចោលការ​រៀបចំ​បោះឆ្នោត នៅ​តំបន់​មួយ​ចំនួន​ ពីសំណាក់​អាជ្ញាធរភូមា​ គឺ​មិនត្រឹម​តែ​ប៉ះពាល់​ដល់​រដ្ឋ​រ៉ាក់​ឃីន​ទេ តែប៉ុណ្ណោះទេ​ គឺ​មណ្ឌល​បោះឆ្នោត​ក្នុង​បណ្តាល​រដ្ឋ​ខ្លះទៀត ដូចជា Shan, Kachin និង​ Karen ក៏​ប៉ះពាល់​ដែរ។ ពលរដ្ឋ​​អម្បូរ​ជាតិសាសន៍​ភាគតិច ត្រូវ​រងគ្រោះ​បាត់បង់​សិទ្ធ​ជាពលរដ្ឋ​ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​។​ ពួក​គេ​យល់ថា បើ​ពួក​គេ​មិន​បាន​ទៅបោះឆ្នោត គណបក្ស​ដែល​មានជំហការពារ​ផល​ប្រយោជន៍​ជនជាតិ​ភាគតិច​នៅ​ភូមា គឺ​នឹង​ចាញ់រឹងរឹត​តែខ្លាំង​ ហើយ​សំឡេង​ពួក​គេ កាន់​​តែគ្មា​ន​នរណា​បាន​ដឹងឮ​។

គួរជ្រាបថា នេះជាការ​បោះឆ្នោត​លើកទីពីរហើយ ដែល​ភូមា​ធ្វើ​ឡើង ដោយរដ្ឋា​ភិបាល​ស៊ីវិល។ ​ក្រោម​ក្រសែភ្នែក​អន្តរជាតិ​ចំពោះ​ការ​ដឹកនាំ​នៃក្រុម​របស់​លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព គឺ​ស្ថានភាព​ជនជាតិ​រ៉ូហ៊ីងយ៉ា ​នៅតែ​ជាវិបត្តិ​ជាតិ​សាសន៍ ​ដោះស្រាយ​ មិន​ទាន់​ចេញ និង​មិន​ចេះ​ចប់​ដដែល​​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ