អានតួអត្ថបទ

អង្គការ​សុខភាព​ពិភពលោក​រងការដាក់សម្ពាធ​ឲ្យទទួល​យក​តៃវ៉ាន់ ឡើងវិញ

នៅក្នុង​បរិបទ​ដែលជំងឺរាតត្បាតកូវីដ នៅតែ​រីករាលដាល​ក្នុង​ពិភពលោក អង្គការ​សុខភាព​ពិភពលោក បាន​រងការដាក់សម្ពាធ​សាជាថ្មី ឲ្យ​ទទួល​យក​តៃវ៉ាន់ ក្នុង​នាមជា​អ្នកសង្កេតការណ៍ នៅក្នុង​មហាសន្និបាត របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​ចន្ទ ដើម​សប្តាហ៍ក្រោយ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​សមាគម​គ្រូពេទ្យ​ពិភពលោក ដែល​បាន​ដាក់​លិខិត​ផ្ទាល់​ទៅ អគ្គលេខាធិការ​របស់​អង្គការសុខភាព ពិភពលោក ឲ្យ​ពិចារណា​ពីការចូលរួម​របស់តៃវ៉ាន់ នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ ១៩។

នៅឆ្នាំ​២០០៧ លោកប្រធានាធិបតី​តៃវ៉ាន់ Chen Shui-bian, កណ្តាល, ធ្លាប់​បាន​ធ្វើ​សន្និសីទកាសែត នៅក្រោយ​អង្គការ​សុខភាព​ពិភពលោក​បដិសេធ​មិន​ផ្តល់​សមាជិកភាព​ដល់​តៃវ៉ាន់។
នៅឆ្នាំ​២០០៧ លោកប្រធានាធិបតី​តៃវ៉ាន់ Chen Shui-bian, កណ្តាល, ធ្លាប់​បាន​ធ្វើ​សន្និសីទកាសែត នៅក្រោយ​អង្គការ​សុខភាព​ពិភពលោក​បដិសេធ​មិន​ផ្តល់​សមាជិកភាព​ដល់​តៃវ៉ាន់។ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ចំហរ ផ្ញើ​ទៅកាន់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ព្រហស្បតិ៍ សមាគម​គ្រូពេទ្យ​ពិភពលោក World Medical Association អំពាវនាវ សុំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ប្រគល់​លក្ខន្តិកៈ​ជា​អ្នកសង្កេតការណ៍ ទៅ​ឲ្យ​តៃវ៉ាន់ ដូចដែល​តៃវ៉ាន់​បាន​ទទួល​រហូត​ដល់​ឆ្នាំ ២០១៦។ ប្រធាន​សមាគម​គ្រូពេទ្យ ពិភពលោក លោក Frank Montgomery បាន​វាយតម្លៃថា ការផាត់ចោល ភាគីណាមួយ ឬបដិសេធ​មិន​ផ្តល់​សិទ្ធិ​ចូលរួម​ក្នុងកិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ជារឿង​ដ៏អៀនខ្មាស់ និង​គ្មាន​ន័យ​ស្ថាបនា​នោះទេ។ បើតាម​ប្រធាន​សមាគម​គ្រូពេទ្យ​ពិភពលោក នៅក្នុង​កាលៈទេសៈ​ដែល​ជំងឺរាតត្បាត​កូវីដ កំពុង រីកសាយភាយ​ពេញពិភពលោក ការសហការរវាង​គ្រប់​ប្រព័ន្ធ​សុខាភិបាល គឺការចាំបាច់​ខាន​មិនបាន។

 

អាមេរិក និង​ប្រទេសមួយ​ចំនួន ធ្លាប់​បាន​ទាមទារ​ឲ្យ​អង្គការសុខភាព​ពិភពលោក ​បើកទ្វារ​ទទួល​យក​តៃវ៉ាន់មកវិញ ព្រោះថា ការដាក់​តៃវ៉ាន់ ឲ្យ​នៅក្រៅ​សៃង្វៀន​ប្រយុទ្ធប្រឆាំង ជំងឺកូវីដ នៅក្នុង​ពេល​ដែល​តៃវ៉ាន់ចាត់វិធានការ​ដ៏ជោគជ័យ ក្នុង​ការគ្រប់គ្រង​ជំងឺកូវីដ យ៉ាងដូច្នេះ គឺ​ជារឿង​មិនសមហេតុផល​ទាល់តែសោះ។ ផ្ទុយពី​ប្រទេសចិន​កុម្មុយនិស្ត​ តៃវ៉ាន់ ដែល​មាន​អ្នកដឹកនាំចេញមក​ពីការបោះឆ្នោត​ប្រជាធិបតេយ្យ បាន​ចាត់វិធានការ​គ្រប់គ្រង​វិបត្តិកូវីដ​បាន​ដោយរលូន។ តាំង​ពីផ្ទុះកើតមាន​ជំងឺរាតត្បាត​កូវីដ​ក្នុង​ពិភពលោក តៃវ៉ាន់ ដែល​មាន​ប្រជាជន​សរុប ២៣​លាន​នាក់ មានចំនួន​អ្នកឆ្លងកូវីដ តិចជាង ៦០០នាក់ និង​មនុស្ស​ស្លាប់ ៧នាក់ ដោយសារ​កូវីដ។

អាមេរិក ក៏ដូចជា​សមាគម​គ្រូពេទ្យ​ពិភពលោក​ទាមទារ ចង់​ឲ្យ​តៃវ៉ាន់​អាច​ចូលរួម​ក្នុង​មហាសន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក ដែលត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍ក្រោយ។ កិច្ចប្រជុំ​នៅថ្ងៃ​ចន្ទ​នឹងផ្តោត​សំខាន់​ទៅលើ​ការសហការ​ថ្នាក់​អន្តរជាតិ ដើម្បី​ឆ្លើយតប​នឹង​ជំងឺរាតត្បាត​កូវីដ។

អគ្គនាយករបស់អង្គការ​សុខភាពពិភពលោក លោក​Tedros Adhanom Ghebreyesus ផ្ទាល់​ធ្លាប់បាន​និយាយ​ថា ការចូលរួម​ណាមួយ​របស់​តៃវ៉ាន់ គឺ​អាស្រ័យ​ទៅលើ​ការមូលមតិគ្នា​រវាង​ប្រទេស​សមាជិក​របស់​អង្គការសុខភាពពិភពលោក ដែលនៅក្នុង​នោះ​មានផងដែរប្រទេស​ចិន។

ប៉ុន្តែ សម្រាប់​ឯកអគ្គរដ្ឋទូត តៃវ៉ាន់​ប្រចាំ​ទីក្រុង​ហ្សឺណែវ អគ្គនាយក​របស់​អង្គការ​សុខភាពពិភពលោក​អាច​ប្រើសិទ្ធិ​ក្នុង​នាមជា​ស្ថាប័ន​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ដើម្បី អញ្ជើញ តៃវ៉ាន់​ឲ្យ​ចូលរួម ឡើងវិញ ក្នុងនាមជា អ្នកសង្កេតការណ៍ ដូចដែល​តៃវ៉ាន់​បានទទួល​រហូតដល់​ឆ្នាំ ២០១៦។

សូម​រំលឹកថា តៃវ៉ាន់​ធ្លាប់ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ឆ្នាំ ១៩៤៨ ប៉ុន្តែ ត្រូវ​របូត​បាត់​តំណែង​នេះ​ទៅ​ទីក្រុង​ប៉េកាំង នៅ​ឆ្នាំ ១៩៧២។ រហូតមក ប៉េកាំងយល់ព្រម​ឲ្យ​តៃវ៉ាន់ នៅ​បន្ត​ចូលរួម​ក្នុង​អង្គការ​សុខភាពពិភពលោក ក្នុង​នាមជា​ប្រទេស​សង្កេតការណ៍។ ប៉ុន្តែ នៅឆ្នាំ ២០១៦ នៅពេល​តៃវ៉ាន់​មាន​ប្រធានាធិបតី​ថ្មី គឺលោកស្រី ត្សៃ អ៊ីងវេន ដែល​បដិសេធ​មិនទទួល​ស្គាល់​គោលការណ៍​ប្រទេស​ចិន​តែមួយ ទីក្រុងប៉េកាំង​បានដាក់គំនាប ទាមទារ​ឲ្យ​គេ​ដកតៃវ៉ាន់ ចេញពី​អង្គការ​សុខភាព​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ