អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី អង្គការ​សុខភាព​ពិភពលោក​មិន​ទទួល​ឲ្យតៃវ៉ាន់​ចូលរួម​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តៃវ៉ាន់​ដែល​មាន​ស្នាដៃ ជោគជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ មិនត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​បិទបញ្ចប់​ទៅ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះទេ។ អវត្តមាន​របស់​តៃវ៉ាន់ ធ្វើ​ឲ្យ​គេចោទសួរឡើង​ពី​ឥទ្ធិពល​របស់​ចិន ទៅលើ ស្ថាប័ន​សុខភាព​របស់​អង្គការ​សហប្រជាជាតិ។ តើ​វាដូច​ការចោទប្រកាន់​របស់​អាមេរិក​ដែរឬ​ទេ ដែលថា​ចិន បាន​ដាក់​សម្ពាធ​ទៅលើ​អង្គការ​សុខភាពពិភពលោក ក្នុង​រឿង​តៃវ៉ាន់? 

អគ្គនាយក​អង្គការ​សុខភាពពិភពលោក (WHO) លោកTedros Adhanom Ghebreyesus នៅអំឡុង​មហាសន្និបាត​អង្គការ​សុខភាពពិភបលោក​លើកទី​៧០​នៅឆ្នាំ ២០១៧(រូបបណ្ណាសារ)
អគ្គនាយក​អង្គការ​សុខភាពពិភពលោក (WHO) លោកTedros Adhanom Ghebreyesus នៅអំឡុង​មហាសន្និបាត​អង្គការ​សុខភាពពិភបលោក​លើកទី​៧០​នៅឆ្នាំ ២០១៧(រូបបណ្ណាសារ) REUTERS - Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ខឹង និង​ខកចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់​អង្គការ​សុខភាពពិភពលោក។ នេះជា​ប្រតិកម្ម​របស់​អនុប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​តៃវ៉ាន់ នៅបន្ទាប់​ពី​មហាសន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ចន្ទ​បាន​សម្រេច​លើកពេល ពិភាក្សា​ស្តី​ពីការចូលរួម​របស់​តៃវ៉ាន់ ក្នុង​នាមជា​ប្រទេស​សង្កេតការណ៍ នៅក្នុង អង្គការ​សុខភាព​ពិភពលោក។

ខកចិត្ត ព្រោះថា ជាច្រើន​សប្តាហ៍មកហើយ តៃវ៉ាន់ ដែល​ចង់​ត្រលប់​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក នៅដើម​សប្តាហ៍នេះ បាន​សម្រុក​ធ្វើ​នយោបាយ​ការទូត ខ្លាំង​ណាស់ ដើម្បីស្វែងរក​ការគាំទ្រ ពី​ប្រទេស​សមាជិក​របស់​អង្គការ​សុខភាពពិភពលោក។

នៅមុន បើក​មហាសន្និបាត របស់​អង្គការ​សុខភាព​ពិភពលោក ប្រទេស​ចំនួន ១៥ នៅ​អាមេរិកឡាទីន និង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​នៅរក្សា​ចំណងការទូត​ជាមួយ តៃវ៉ាន់​បាន​ដាក់​លិខិត សុំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ដាក់បញ្ចូល​តៃវ៉ាន់ ក្នុង​អង្គប្រជុំ​មហាសន្និបាត​លើកនេះ។ អូស្ត្រាលី កាណាដា ជប៉ុន នូវែលសេឡង់ បាន​ចូលរួម​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ដាក់សម្ពាធ ទៅលើ​អង្គការ​សុខភាព​ពិភពលោក ឲ្យ​ផ្តល់​លក្ខន្តិកៈ​ជា​អ្នកសង្កេតការណ៍ ទៅ​ឲ្យតៃវ៉ាន់។

សម្រាប់​ឧបនាយករដ្ឋមន្រ្តី​នូវែលសេឡង់ លោក Winston Peters តៃវ៉ាន់​មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​បង្រៀន​ដល់ពិភពលោក។ ប្រទេស​ទាំងអស់ រួមទាំង​ចិន​ផង ប្រាកដ​ជា​ចង់​ដឹង​ពី​គន្លឹះសំខាន់ ដែល​ធ្វើ​ឲ្យតៃវ៉ាន់ ទទួល​ជោគជ័យ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ក្នុង​ទឹកដី​របស់ខ្លួន។

កោះតៃវ៉ាន់ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១ពាន់​គីឡូម៉ែត្រ​ពី​ទីក្រុង​វូហាន (ជំរកកើតដំបូង នៃ​ជំងឺ​កូវីដ) មាន​អ្នកឆ្លង​ជំងឺកូវីដ១៩ តែ ៤៣៣នាក់ និង​ស្លាប់​៧នាក់ប៉ុណ្ណោះ។ បើប្រៀបធៀប​នឹង​ប្រទេស​ជុំវិញខ្លួន តៃវ៉ាន់​មាន​ចំនួន​អ្នកឆ្លងតិច និង​មិនដែល​ចាត់វិធានការ​បិទទីក្រុង ដាក់មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ ដូច​ប្រទេស​ភាគច្រើន នោះទេ។ តៃវ៉ាន់​មាន​ចំនួនអ្នកឆ្លងតែ ៤៣៣​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប ២៣លាននាក់។ នេះ​ក៏ព្រោះថា តៃវ៉ាន់​ឆាប់​ចាត់​វិធានការ តាំង​ពីថ្ងៃ​ចុងឆ្នាំ ២០១៩​ម្ល៉េះ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគកូរ៉ូណា ដូចជា​រឹតបន្តឹង​ការត្រួតពិនិត្យ​ព្រំដែន ដាក់បង្ខាំង​រយៈពេល ១៤ថ្ងៃ រាល់​អ្នកដែលធ្វើដំណើរ​មកពី​ខេត្ត​ហ៊ូពេ​ប្រទេស​ចិន និង​ធ្វើតេស្ត តាមដាន​រាល់​អ្នកដែល​សង្ស័យ ​ជាប់ទាក់ទង​ជាមួយ​អ្នកជំងឺ​កូវីដ។

សម្រាប់​ឧបនាយករដ្ឋមន្រ្តី​នូវែលសេឡង់ ពិភពលោក​ត្រូវ​រៀន​ពីជោគជ័យ​របស់​តៃវ៉ាន់ និង​ត្រូវ​ផ្តល់​ទៅ​ឲ្យ​តៃវ៉ាន់ នូវ​កៅអី​ជា​អ្នកសង្កេតការណ៍​នៅ​អង្គការ​សុខភាព​ពិភពលោក ដូចដែល​តៃវ៉ាន់​ធ្លាប់​បាន រហូត​ដល់​ឆ្នាំ ២០១៦។ សេចក្តីអំពាវនាវ​របស់​តំណាងរដ្ឋាភិបាល​នូវែលសេឡង់​បាន​រំញោចកំហឹង​របស់​មហាអំណាច​ពិភពលោក​ទី២ ដែល​បាន​គំរាម​សងសឹក​អ្នកដែល​ហ៊ាន​លើកស្ទួយ​តៃវ៉ាន់។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ប្រទេស​ចិន​មានតែ​មួយ នៅក្នុង​លោក ចំណែក​តៃវ៉ាន់​គ្រាន់តែ​ជា​ចំណែក របស់​ចិន ដោយ​មិនអាច​ប្រកែកបាន។ បើតាម​អ្នកនាំពាក្យ​ដដែល ​រដ្ឋាភិបាល​របស់​លោកស្រី ត្សៃ អ៊ីងវេន (ប្រធានាធិបតី​តៃវ៉ាន់) មានគោលដៅ​ចង់​យក​បញ្ហា​ជំងឺកូវីដ ជាលេស ដើម្បីទាមទារ​ឯករាជ្យ​របស់ខ្លួន។

 

ជោគជ័យ​របស់​តៃវ៉ាន់ នៅចំពោះមុខ​ជំងឺរាតត្បាត​កូវីដ ១៩ កំពុង​ធ្វើ​ឲ្យ​តៃវ៉ាន់​ ទទួល​បាន​កោតសរសើរ ដែល​នេះ​មិនមែន​ជា​អ្វី​ដែល​ទីក្រុង​ប៉េកាំង​ចង់​ឃើញ​នោះ​ទេ។ គេ​អាចថា​វិបត្តិ​កូវីដ បានធ្វើ​ឲ្យ​តៃវ៉ាន់ លេចមុខមាត់​ឡើងវិញ នៅក្នុង​ឆាកអន្តរជាតិ ដែលធ្វើ​ឲ្យ​មហាអំណាច​ចិន ព្រួយបារម្ភ។ ម្យ៉ាងវិញ​ទៀត ការគ្រប់គ្រង​វិបត្តិ​កូវីដ ដោយនៅ​រក្សា​លទិ្ធប្រជាធិបតេយ្យ នៅតៃវ៉ាន់ ដូចជា បើក​សិទ្ធិសេរីភាព​ឲ្យ​ប្រជាជន នៅបន្ត ដើរចេញក្រៅ ធ្វើការ ដូចធម្មតា បានប៉ះពាល់ ផងដែរ នយោបាយ​ឃោសនា​របស់​ចិន ដែល​ថា មាន​តែ​វិធានការផ្តាច់ការ ដូចជា​បិទទីក្រុង ដាក់បង្ខាំង​មនុស្ស ឲ្យ​នៅក្នុង​ផ្ទះ ទើប​អាច​ជៀសផុត​ពី​ចម្លង​រាតត្បាត​របស់​ជំងឺ​កូវីដ​១៩។

តៃវ៉ាន់​បាន​ផ្តើម​សង្រ្គាម​ការទូត ដោយ​ប្រយោល ជាមួយ​ចិន តាមរយៈ ការតវ៉ា​ប្រឆាំង​អង្គការ​សុខភាព​ពិភពលោក ដែល​តៃវ៉ាន់​ចោទថា បាន​ភ្លេច​វិជ្ជាជីវៈ និង​អព្យាក្រឹត​របស់ខ្លួន ដោយសារ​តែ​ហេតុផល​នយោបាយ។ សម្រាប់​ទីក្រុង​តៃប៉ិ ដោយ​ផាត់ចោល តៃវ៉ាន់ មិន​ឲ្យ​ចូល​រួម​ការងារ​ក្នុង​ស្ថាប័ន​ អង្គការ​សុខភាព​ពិភពលោក ក្នុង​នាមជា​អ្នកសង្កេតការណ៍ អង្គការ​សុខភាព​ពិភពលោក បាន​បោះបង់​ចោល ប្រជាជន​តៃវ៉ាន់ ជាង ២៣លាន​នាក់ នៅចំពោះ ជំងឺ​រាតត្បាត​កូវីដ។

តាមរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​តៃវ៉ាន់ តៃវ៉ាន់​ជូនដំណឹង​ទៅ​អង្គការ​សុខភាពពិភពលោក នៅថ្ងៃទី​៣១​ធ្នូ ពី​លទ្ធភាព​ចម្លង​មេរោគ​ផ្លូវដង្ហើម​ថ្មី ពីមនុស្ស​ទៅមនុស្ស នៅ​ប្រទេស​ចិន ពោល​គឺ​តាំង​ពីនៅមុន​ពេល​ដែល​ប្រទេស​ចិន​ជូនដំណឹង​ស្តីពីករណី​មេរោគថ្មី ទៅ អង្គការ​សុខភាព​ពិភពលោក​ទៅទៀត។ កាលណោះ តៃវ៉ាន់​បាន​សុំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ចែករំលែក ព័ត៌មាន​ជាមួយ​តៃវ៉ាន់ ដើម្បី​តៃវ៉ាន់​អាច​រកវិធី​បង្ការទុកមុន។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក​មិន​បាន​ឆ្លើយតបអ្វីទេ ដែល​ជាហេតុ​ធ្វើ​ឲ្យតៃវ៉ាន់ ត្រូវ​ចាត់វិធានការ​ដោយ​ខ្លួនឯង ដោយ​បាន​បិទព្រំដែន ទាំង​នៅពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​កុំ​ឲ្យ​គេ​បិទព្រំដែន​ជាមួយ​ចិន។

លើកនេះ ដោយ​ចង់​ត្រលប់​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​ក្នុង​នាមជាអ្នកសង្កេតការណ៍ តៃវ៉ាន់ ចង់​បង្ហាញថា តៃវ៉ាន់ មាន​មធ្យោបាយ សមត្ថភាព ដោះស្រាយ ដ៏មានប្រសិទ្ធិភាព វិបត្តិ​កូវីដ បើទោះគ្មាន​ជំនួយ​ពី អង្គការ​សុខភាព​ពិភពលោក។ មួយវិញទៀត តៃវ៉ាន់ ចង់​ចែករំលែក បទពិសោធន៍ ដ៏មាន​ប្រសិទ្ធិភាព ដែល​ខ្លួន​បាន​ធ្វើ ដើម្បី​គ្រប់គ្រង​វិបត្តិកូវីដ។

ប៉ុន្តែ ដូចលើកមុន អង្គការ​សុខភាព​ពិភពលោក នៅស្ងៀម ដោយ​សម្រេច​ទម្លាក់​ការទទួល​ខុសត្រូវ​ទៅលើ​ប្រទេស​សមាជិក។ តាម​អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក ប្រធាន​របស់​ស្ថាប័ន​អន្តរជាតិ មួយនេះ គ្មាន​សិទ្ធិ​អំណាច​ដើម្បី​អញ្ជើញ តៃវ៉ាន់​ឲ្យ​ចូលរួម​ក្នុង​មហាសន្និបាត​នៅដើម​សប្តាហ៍នេះទេ។ គឺ​សមាជិក​ទាំង​អស់គ្នា ដែលជាអ្នកបោះឆ្នោត ហើយជាពិសេស​គឺ​អាស្រ័យ​ទៅលើ​ប្រទេស​ពាក់ព័ន្ធ គឺ​ចិន​ដែល​ជាអ្នកសម្រេច ព្រោះថា ចិន​ដែល​នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ដីខេត្តមួយ​របស់​ខ្លួន កំពុង​តំណាង​ឲ្យ​តៃវ៉ាន់​រួចស្រេច​ហើយ នៅ​អង្គការ​សុខភាព​ពិភពលោក។

សូមរំលឹកថា ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់ មាន​កៅអី​ជាអ្នកសង្កេតការណ៍ នៅ​អង្គការ​សុខភាពពិភពលោក ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៦ ក្នុងឈ្មោះថា ចិន តៃប៉ិ(Chinese Taipei) គឺ​នៅពេល​រដ្ឋាភិបាល​តៃវ៉ាន់ ដឹកនាំ​ដោយ​បក្ស​គួកមីងតាង ដែល​ទំនោរ​ទៅ​ខាងរដ្ឋអំណាច​ចិន។ ប៉ុន្តែ រដ្ឋាភិបាល​ចិន​បានប្តូរចិត្ត​មកវិញ ដោយ​លែង​ឲ្យ​តៃវ៉ាន់​បាន​ចូលរួម នៅ​អង្គការ​សុខភាពពិភពលោក តាំង​ពី​ឆ្នាំ ២០១៦ ពោល​គឺ​នៅពេល​តៃវ៉ាន់​មាន​ប្រធានាធិបតី ថ្មី គឺលោកស្រី​ត្សៃ អ៊ីងវេន មកពី​ក្រុមឯករាជ្យនិយម ដែល​បដិសេធ​មិនទទួល​គោលនយោបាយ ចិន​តែមួយ របស់​ទីក្រុង​ប៉េកាំង។

ចិន​កំពុង​សងសឹក​ ដាក់​គំនាប​លើ​រដ្ឋាភិបាល​របស់​លោកស្រី ត្សៃ អ៊ីងវេន ដែល​នឹង​ស្បថ​ចូល​កាន់តំណែង​សម្រាប់​អាណត្តិ​ទី​២ នៅ​ចុង​ខែ​ឧសភា​នេះ។ សម្រាប់ប្រធាន​មជ្ឈមណ្ឌល​សិក្សា​លើ​តៃវ៉ាន់ នៅ​សកលវិទ្យាល័យ​Fudan នៅទីក្រុង​សៀងហៃ គោលការណ៍​របស់​ចិន គឺ​ច្បាស់ និង​មិនប្រែប្រួល។ មធ្យោបាយតែមួយ ដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​អាច​បាន​ត្រលប់​ទៅ​ចូលរួម​នៅ​អង្គការ​សុខភាព​ពិភពលោក គឺតៃវ៉ាន់ ត្រូវ​ទទួលស្គាល់ ការមូលមតិគ្នា​ឆ្នាំ ១៩៩២​ដែល​ក្នុង​នោះ ចិន និង​តៃវ៉ាន់​បាន​បញ្ជាក់​ពី​គោលការណ៍​ “ចិនតែមួយ”។ លោកស្រី ប្រធានាធិបតី​តៃវ៉ាន់ ដែលមាន​ជំហរដាច់ខាត បដិសេធ មិនទទួល​ស្គាល់គោលការណ៍​ចិន តែមួយ នឹង​អាច​ធ្វើ​ឲ្យ​តៃវ៉ាន់ ពិបាក​នឹង​កៅអី នៅ​អង្គការ​សុខភាព​ពិភពលោក​មកវិញ នោះបើទោះបី​តៃវ៉ាន់ បាន​ការគាំទ្រ​ពី​អាមេរិក​ និង​ប្រទេស​មួយចំនួន​តូច ដែល​មិន​ខ្លាច​ឥទ្ធិពល​របស់​ចិន​ក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ