អានតួអត្ថបទ

​កាស្មៀរ៖ ប៉ាគីស្ថាន​ចោទ​ឥណ្ឌាថាប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ខួបមួយឆ្នាំនៃការក្រសោបយកតំបន់កាស្មៀរពីសំណាក់ឥណ្ឌា, នាយករដ្ឋមន្ត្រីប៉ាគីស្ថានចោទឥណ្ឌាថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នៅឱកាសខួបនេះ ពលរដ្ឋ​ប៉ាគីស្ថាន បា​នជួបប្រជុំគ្នា​ដើរហែក្បួន សម្តែង​សាមគ្គីភាព ​នៅ​តាមបណ្តាក្រុង​ធំៗជាច្រើន នៅប៉ាគីស្ថាន​។ នាយករដ្ឋមន្ត្រី Imran Khan បាន​ចុះទៅដោយ​ផ្ទាល់ ​នៅ​តំបន់​កាស្មៀរ ត្រង់​ផ្នែក​ដែលប៉ាគីស្ថានកាន់កាប់ ហើយ​លោក​បានដឹកនាំដង្ហែក្បួន​នៅទីនោះ​​និងបាន​សម្តែង​មតិរិះគន់ឥណ្ឌា ថា​ឥណ្ឌា​បង្ហាញ​ប្រាប់​ពិភព​លោក​បន្ថែមទៀត ថា​ខ្លួន​ជា​ប្រទេស​ដែល​ជិះជាន់​ និងឈ្លានពាន​ប្រទេសដទៃ។ ចំណែក​ថ្នាក់​ដឹកនាំ​ឥណ្ឌា​ លោក នរិន្ទ្រា ម៉ូឌី ​បាន​សម្ពោធ​ចាក់គ្រឹះសាងសង់​វិហារ​មួយ ឧទ្ទិស​ដល់​សាសនាព្រហ្មណ៍ នៅ​លើ​បរិវេណដី​​នៃ​វិហារ​សាសនាអ៊ីស្លាម  ដែលរឹតតែធ្វើ​ឱ្យ​មានការ​ខឹ​ង​សម្បារ​យ៉ាងខ្លាំង។ 

លោក នរិន្ទ្រា ម៉ូឌី ​បាន​សម្ពោធ​ចាក់គ្រឹះសាងសង់​វិហារ​មួយ ឧទ្ទិស​ដល់​សាសនាព្រហ្មណ៍ នៅ​លើ​បរិវេណដី​​នៃ​វិហារ​សាសនាអ៊ីស្លាម​ក្នុង​តំបន់​Ayodhya ។
លោក នរិន្ទ្រា ម៉ូឌី ​បាន​សម្ពោធ​ចាក់គ្រឹះសាងសង់​វិហារ​មួយ ឧទ្ទិស​ដល់​សាសនាព្រហ្មណ៍ នៅ​លើ​បរិវេណដី​​នៃ​វិហារ​សាសនាអ៊ីស្លាម​ក្នុង​តំបន់​Ayodhya ។ REUTERS - PAWAN KUMAR
ផ្សាយពាណិជ្ជកម្ម

វិហារឧទ្ទិសដល់សាសនាព្រហ្មណ៍ ដែល​ឥណ្ឌាប្រុង​សាងសង់នេះ គឺ​លើ​បរិវេណដី​១,១ហិកតា។ តាម​ក្រុម​ហិណ្ឌូនិយម​ ដីនេះជា​ទីកំណើត​​របស់​អាទិទេព​រាម អវតារព្រះវិស្ណុ តែ​ត្រូវ​ស្តេច​អ៊ីស្លាម​ នៅ​សតវត្សទី​១៦ សាងសង់​វិហារ​ម៉ូស្កេអ៊ីស្លាម​។​ កន្លែង​នេះ គឺ​ត្រូវ​ពួក​ហិណ្ឌូ​ទាមទារ​សាងសង់​វិហា​រ​ព្រហ្មញ្ញសាសនា​ជា​យូរ​មកហើយ ទើប​តែ​សម្រេច​សម្ពោធ​ឱ្យ​សាងសង់​ផ្លូវការ។ ការ​ដែល​នាយករដ្ឋមន្ត្រី លោក នរិន្ទ្រា ម៉ូឌី ជាអ្នក​ហិណ្ឌូនិយមនិងជាតិនិយមជ្រុល ជ្រើសរើស​ថ្ងៃ​សម្ពោធចាក់គ្រឹះ​សាងសង់ ​ចំ​ដើម​ខែតុលានេះ គឺមិនមែន​ជារឿង​ចៃសន្យ​សោះឡើយ ព្រោះនេះជា​ខួប១ឆ្នាំនៃការក្រសោបយកតំបន់កាស្មៀរពីសំណាក់កងទ័ព​ឥណ្ឌា​។​

នៅក្នុង​ខួប១​​ឆ្នាំនេះ នាយករដ្ឋមន្ត្រី​ Imran Khan បាន​អង្អុរមុខ​ថ្កោលទោស ឥណ្ឌា​ជាថ្មី ថា​ប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ​ទន្ទឹមនឹងនេះ​ ពលរដ្ឋ​ប៉ាគីស្ថាន​មួយ​ចំនួន ថែមទាំង​ហ៊ាន​ប្រៀបធៀប នាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី ទៅនឹង​មេដឹកនាំ​ផ្តាច់​ការ ​អ៊ីត្លែរ។ អ៊ីត្លែរដែល​ប្រុង​​សម្លាប់ផ្តា​ច់ពូជ​​ជនជាតិ​​ជ្វីហ្វ​។

អ្នក​ជំនាញមួយ​ចំនួន យល់ថា ឥណ្ឌាបាន​រៀន​ពីគំរូ​របស់​​អ៊ីស្រាអែល​ក្នុងការ​ធ្វើ​អាណានិគមកិច្ច​ឈ្លានពាន​ទឹកដី​ របស់​ពលរដ្ឋ​ប៉ាឡេស្ទីន។ ជាក់ស្តែង មួយ​ឆ្នាំមកនេះ អាជ្ញា​ធរឥណ្ឌា​បា​នបើកដៃ​ឱ្យ​ពលរដ្ឋ​ឥណ្ឌា​ដែល​គាំទ្រ​លោក ម៉ូឌី បាន​ចូល​ទៅ​ទិញ​ដីឬវាត​ទីយកដី​ នៅ​តំបន់​កាស្មៀរ​នោះ យ៉ាង​សម្បើម​អស្ចារ្យ។​ ​បើ​តាម​ថ្នាក់ដឹកនាំ​ប៉ាគីស្ថាន ទង្វើនេះជាការ​រំលោភ​លើកម្មសិទ្ធិ​ឯកជន​ និងជាការ​បំពាន​​ច្បាប់​អន្តរជាតិ​។

គួរជ្រាបថា កាស្មៀរ ជា​តំបន់​ដែនដី​នៅភ្នំហិមពាន្ត (ហិមាល័យ) និង​ជាសំណុំបញ្ហា​ឈ្លោះគ្នា ដណ្តើមគ្នា​កាន់កាប់​​​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​តាំង​ពី​ឆ្នាំ​១៩៤៧មក​។ ការ​ប៉ះទង្គិច​ដោយ​អាវុធ កើតមាន​​ច្រើន​លើកច្រើន​សា ហើយ​តាំងពី​ការឈ្មោះ​ទាស់គ្នា​ ពាក់កណ្តាល​ទសវត្ស​១៩៨០មក  គឺបណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច ៥ម៉ឺននាក់ បាន​ស្លាប់​បាត់​បង់ជីវិត​ (តួលេខផ្លូវការ)​៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ