អានតួអត្ថបទ
ថៃ-នយោបាយ

ថៃ៖កម្លាំងប៉ូលិសបង្រ្កាបបាតុករអ្នកប្រជាធិបតេយ្យដោយប្រើកាណុងបាញ់ទឹក និងគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក

នៅ​ថ្ងៃ​អង្គារ ទី១៧ វិច្ឆិកា កម្លាំង​ប៉ូលិស​ថៃ​បាន​អន្តរាគមន៍​វាយបង្រ្កាប​លើ​ហ្វូង​បាតុករ​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក​ដោយ​ប្រើ​កាណុង​បាញ់ទឹក និង​គ្រាប់បែបផ្សែង​បង្ហូរទឹកភ្នែក។ កម្លាំង​ប៉ូលិស​បាន​ព្យាយាម​រារាំង​កុំ​ឲ្យ​ហ្វូង​បាតុករ​ចូល​ក្បែរ​វិមាន​រដ្ឋសភា​ដែល​ក្រុម​អ្នកតំណាងរាស្រ្ត និង​ក្រុម​សមាជិកព្រឹទ្ធសភា​កំពុង​ជជែក​លើ​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ​តាម​ការ​ទាមទារ​របស់​ចលនា​អ្នកប្រជាធិបតេយ្យ។ ស្ថានការណ៍​នៅ​តានតឹង​រហូត​ដល់​ពេល​ព្រលប់ ហើយ​មាន​មនុស្ស​ដែល​រងរបួស​ចំនួន ១៨នាក់​ត្រូវ​ការ​ជំនួយ​ព្យាបាល។ ទន្ទឹម​នឹង​បាតុកម្ម​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ក៏​មាន​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​របប​រាជានិយ។

នៅថៃ កម្លាំងប៉ូលិសបង្រ្កាបបាតុករអ្នកប្រជាធិបតេយ្យដោយប្រើកាណុងបាញ់ទឹក និងគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក រូបថត​ថ្ងៃទី១៧ វិច្ឆិកា ២០២០
នៅថៃ កម្លាំងប៉ូលិសបង្រ្កាបបាតុករអ្នកប្រជាធិបតេយ្យដោយប្រើកាណុងបាញ់ទឹក និងគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក រូបថត​ថ្ងៃទី១៧ វិច្ឆិកា ២០២០ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

គឺ​ដើម្បី​ដាក់​គំនាប​លើ​ក្រុម​អ្នកតំណាងរាស្រ្ត និង​ក្រុម​សមាជិកព្រឹទ្ធសភា​ដែល​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ និង​សិស្ស និស្សិត​រាប់សិបពាន់​នាក់​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នា​រសៀល​ថ្ងៃ​អង្គារ ទី១៧ វិច្ឆិកា។ មាន​បាតុករ​មួយ​ចំនួន​បាន​ព្យាយាម​សម្រុក​ចូល​វិមាន​រដ្ឋសភា​ដែល​ការពារ​ដោយ​កម្លាំង​ប៉ូលិសប្រឆាំង​កុបកម្ម និង​មាន​ព័ទ្ធ​ជុំវិញ​ដោយ​របង​បន្លាលួស និង​ផ្ទាំងថ្ម។ តែ​ការ​ប៉ុនប៉ន​របស់​ក្រុម​បាតុករ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​បង្រ្កាប​ដោយ​ប្រើ​កាណុង​បាញ់ទឹក និង​គ្រាប់បែកផ្សែង​បង្ហូរទឹកភ្នែក​ជា​លើកទី១ គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​បាតុកម្ម។ « ចូរ​អស់លោក​ឈប់​ចោទ​ពួក​យើង​ជា​អ្នក​រំលោភច្បាប់​ទៀត​ទៅ។ គឺ​អស់លោក​ជា​ប៉ូលិស​ទេ​តើ​ដែល​ជា​អ្នក​រំលោភ​ច្បាប់​ដោយ​បាន​ធ្វើ​ឲ្យ​របួស​មនុស្ស។ យើង​កំពុង​ប្រយុទ្ធ​ដើម្បី​អនាគត​មួយ​ប្រសើរ​សម្រាប់​ប្រទេស​របស់​យើង និង​សម្រាប់​ទាំង​អស់​គ្នា។ ដូច្នេះ​បញ្ឈប់​បាញ់​ទឹក​លើ​ពួក​យើង​ទៅ » នេះ​ជា​សម្រែក​របស់​មេ​បាតុករ​ម្នាក់​ជា​និស្សិត។

នៅ​ខាង​ក្នុង​សភា ក្រុម​អ្នកតំណាងរាស្រ្ត និង​ក្រុម​សមាជិកព្រឹទ្ធសភា​បាន​ជជែក​គ្នា​ដើម្បី​សម្រេច​ថា តើ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ត្រង់​ចំណុច​ណា​ខ្លះ​ដែល​ត្រូវ​ពិនិត្យ ពិចារណា​ដើម្បី​បោះឆ្នោត​អនុម័ត​ក្នុង​ថ្ងៃ​ពុធ ទី ១៨ វិច្ឆិកា។ មាន​សំណើ​មួយ​ចំនួន​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​គណបក្សប្រឆាំង​មួយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ។ សំណើ​ទាំង​នោះ​រួម​មាន ការ​ធ្វើ​កំណែទម្រង់​ព្រឹទ្ធសភា កំណែទម្រង់​គណៈកម្មការ​បោះឆ្នោត និង​កំណែទម្រង់​តុលាការ​ធម្មនុញ្ញ​ដែល​មាន​ទំនោរខ្លាំង​រក​កងទ័ព។ ក្រុម​អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ថា សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០រូប​ដែល​តែងតាំង​ដោយរបបសឹក​មិន​យល់​ព្រម​ឲ្យ​កាត់​បន្ថយ​បុព្វសិទ្ធិ​របស់​ខ្លួន​ដោយ​ងាយៗ​ឡើយ ហើយ​ការ​ប្តូរ​រដ្ឋធម្មនុញ្ញ​ជា​យថាហេតុ​ក៏​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ដែរ។

គួរ​រម្លឹក​ថា តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ​ដែល​ក្រុម​បាតុករ​អ្នកប្រជាធិបតេយ្យ រួម​ទាំង​សិស្ស និស្សិត​បាន​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​លោក​ចាន់អូចា​ចុះ​ចេញ​ពី​តំណែង ឲ្យ​ធ្វើ​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ និង​ឲ្យ​ធ្វើ​កំណែទម្រង់​របប​រាជានិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ