អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ​បើក​​​ប្រជុំ​វិសាមញ្ញសភា​​ដើម្បី​​ពន្លត់​​​បាតុកម្ម​និស្សិត ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភាថៃ​បាន​បើក​សម័យប្រជុំ​វិសាមញ្ញរយៈ​ពេល ២ថ្ងៃ​ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី២៦ តុលា ២០២០។ កម្មវត្ថុ គឺ​ផ្តោត​លើ​បាតុកម្ម​របស់ចលនាអ្នកទាមទារ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង។ សម័យ​ប្រជុំ​សភាពេល​នេះ​បាន​ធ្វើឡើង ក្រោយ​ពី​នាយករដ្ឋមន្រ្តីលោក​ចាន់អូចា​បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង។ ទន្ទឹម​នឹង​ការ​ប្រជុំ​សភា​ បាតុករគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​អាល្លឺម៉ង់ ប្រទេស​ដែល​ព្រះ​មហាក្សត្រ​ថៃ​តែង​ស្នាក់​នៅ​ជា​ញឹកញយ។  ចំណែក​បាតុករ​គាំទ្រ​រាជា​និយម​ បានមក​​ប្រមូល​ផ្តុំ​គ្នា​​នៅមុខ​សភា ដើម្បី​ទាមទារ​កុំ​ឱ្យ​សមាជិក​សភា​ប៉ះពាល់​របប​រាជានិយម​ថៃ។

សភាថៃ​បើក​ប្រជុំ​វិសាមញ្ញ​ស្តីពី​បាតុកម្ម​និស្សិត
សភាថៃ​បើក​ប្រជុំ​វិសាមញ្ញ​ស្តីពី​បាតុកម្ម​និស្សិត AFP
ផ្សាយពាណិជ្ជកម្ម

​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សភា​ ជំនួប​ប្រជុំ​វិសាមញ្ញ ដែល​រៀប​ចំ​ឡើង​តាមការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី ផ្តោត​ទៅ​ពិសេស​ទៅ​លើ​បាតុកម្មរបស់​ចលនា​អ្នក​ប្រជាធិបតេយ្យ​​ដែល​ខុស​ច្បាប់ និង​អំពី​ឥរិយាបថ​មិន​សមហេតុផល​​របស់​បាតុករ​ចំពោះ​​រាជវង្ស​ នៅ​ក្នុងអំឡុង​ពេល​ប្រមូល​ផ្តុំ​​ធ្វើ​បាតុកម្ម។

ឥរិយាបថ​មិន​ល្អ​នោះ គឺ​សំដៅ​លើ​សកម្មភាព​របស់​បាតុករ​ កាលពី​ថ្ងៃ​ទី ១៤ តុលា ដែល​បាន​លើកម្រាម​ដៃ​បី នៅ​ចំពោះ​មុខ​រថយន្ត​ព្រះ​មហាក្សត្រីយានី និង​រាជបុត្រ​។ ជា​កាយវិការ​ដែល​ពុំ​ធ្លាប់​មាន​រាស្ត្រ​ថៃ​ណា​ម្នាក់​ហ៊ានប្រព្រឹត្ត​​ឡើយ ពីមុន​មក​។ សកម្មជន​ប្រជាធិបតេយ្យ​បី​នាក់ ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ប្រមាថ​ព្រះ​មហាក្សត្រីយានី ដោយ​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

នៅ​ចំពោះមុខ​សភា ក្នុងពេល​បើក​អង្គ​ប្រជុំ​សភា​វិសាមញ្ញ លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ​ចាន់​អូចា ប្រកាស​ទទួល​ស្គាល់​អំពី​សេចក្តី​ទាមទារ​របស់​បាតុករ​ប្រជាធិបតេយ្យ​ ប៉ុន្តែ​រាល់​ការ​ទាមទារ​ទាំង​នោះ គ្មាន​ក្នុង​របៀប​វារៈ​ របស់​សភា​នៅ​ថ្ងៃ​នេះឬ​ថ្ងៃ​ស្អែក​ទេ។ ការ​ទាមទារ​ឱ្យ​សើរើ​​រដ្ឋ​ធម្មនុញ្ញ ធ្វើ​កំណែទម្រង់ (ទំនើប​កម្ម) ​របប​រាជានិយម​ថៃ ​មិន​ត្រូវ​លើក​មក​ជជែក​វែក​ញែក​សោះហើយ​លោក​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ជា​ថ្មី​​ម្តង​ទៀត ថា​លោ​ក​​ មិន​ចុះ​ចេញ​ពី​តំណែង​ ដូច​អ្វី​ដែល​បាតុករ​ចង់​ទេ និង​​បាន​ប្រកាស នៅ​ចំពោះ​មុខ​សភា ​មិន​បណ្តោយ​ឱ្យ​មាន​បាតុកម្ម​ខុស​ច្បាប់​ទៀត​ទេ។ តើ​ដល់​វេលា​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើកម្លាំង​ឬ ?!

 

ខ្លាច​ផ្ទុះ​អំពើ​ហិង្សា

 

គេសង្កេត​ឃើញ​ថា​​ រហូត​មក​ទល់​ពេលនេះ​រដ្ឋាភិបាល​ថៃ​ហាក់អត់​ធ្មត់​ខ្លាំង​បញ្ចៀស​មិន​បើ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បាតុករ​ ប៉ុន្តែ​ថៃ​មាន​ប្រវត្តិធ្លាក់​ក្នុង​​វិបត្តិ​នយោបាយ​ច្រើនលើក​ណាស់​មក​ហើយ។ ឱ្យ​តែ​របប​រាជានិយម​រង​ការ​គំរាមកំហែង​ អាជ្ញាធរ​តែង​តប​ត​វិញ​ដោយ​ប្រើ​កម្លាំង​។ ឧទាហរណ៍​ជាក់ស្តែង​ នៅ​ឆ្នាំ​១៩៧៦ បាតុករ​និស្សិត​រាប់​សិបនាក់​បាន​ស្លាប់​ក្រោម​ដៃ​កង​កម្លាំង​រក្សា​សន្តិសុខ​និង​​ក្រុមយុទ្ធជន​រាជានិយម​ជ្រុល។

បក្ស​ប្រឆាំង​ថៃ​នៅ​ក្នុង​សភា គ្មាន​សង្ឃឹម​​លើ​សម័យ​ប្រជុំ​វិញ​សាមញ្ញ​នេះ​​ថា​អាច​ដោះស្រាយវិបត្តិ​បាន​ឡើយ។ លោក Prasert  Jantararuangthorng អគ្គលេខា​បក្ស​ភឿថៃ​ដែល​ជា​បក្ស​ប្រឆាំង​ចម្បង​គេ​នៅ​ក្នុង​សភា បានប្រកាស​ថា​ បើ​​លោក​ប្រាយុទ្ធ​ចាន់​អូចា ចាក​ចេញ​តំណែង​នោះ អ្វីៗ​នឹង​ត្រូវ​ដោះស្រាយ​ចេញ ហើយ​ក៏​គ្មាន​ការ​បំផ្លាញ​​ប្រទេស​ឱ្យ​អស់​ច្រើន​ជាង​នេះ​ដែរ។

ចំណែក​អ្នក​វិភាគ​​ និង​អ្នក​សង្កេត​ការណ៍នយោបាយ​ថៃ​​ជា​ច្រើន យល់​ថា ការ​ជជែក​ដេញ​ដោល​សភា រយៈ​ពេល២​ថ្ងៃ ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​វិសាមញ្ញ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​​ដោយ​គ្មាន​លទ្ធផល​អ្វី​ឡើយ​។ អង្គប្រជុំ​វិសាមញ្ញ ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​កា​រតែ​ការ​ជជែក​ដេញដោល​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ និង​គ្មាន​រក​ឃើញ​ដំណោះស្រាយ​​ ឬ​ច្រក​ចេញ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ជជែក​​វិសាមញ្ញ​នេះ​អាច​នឹង​បង្ក​បង្កើត​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែខ្លាំងទេ។ បើ​តាម​អ្នក​សង្កេត​ការណ៍​ ការ​ប៉ុន​ប៉ង​គ្រប់គ្រង​សា្ថនការណ៍​តាម​រយៈ​សភា គឺ​គ្រាន់​តែ​ជា​លេស​របស់​រដ្ឋាភិបាល សម្រាប់​អូស​បន្លាយ​ពេលវេលា​ ​តែ​ប៉ុណ្ណោះ។

 

ជំហរ​ព្រះ​មហាក្សត្រ ?

 

សម្រាប់​ពេល​នេះ គេ​ពិត​ជា​ពិបាក​និយាយ​ខ្លាំងណាស់ ​ថា​តើ​ព្រះ​មហាក្សត្រកំពុង​ដើរ​តួនាទី​យ៉ាងណា​ក្នុង​វិបត្តិ​បាតុកម្ម​នេះ។ តើ​ព្រះអង្គ​មាន​ទំនោរ​បែប​​មិន​តឹង​តែង ទើប​បាន​ជា​មាន​បាតុកម្ម​រិះគន់​របប​រាជា​និយម​អាច​កើត​ឡើង​​​ក្នុង​ទម្រង់​ដូច​សព្វថ្ងៃ​បាន ? ឬ​ក៏​ព្រះ​អង្គ​មានសកម្មភាព​​​ការពារ​និង​រក្សា​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​​ប្រាយុទ្ធ​ចាន់​អូចា​។

ក្រុម​អ្នក​គាំទ្រ​រាជនិយម​បំផុត ក៏​បាន​បង្ហាញ​​ភាព​ប្រុងប្រយ័ត្ន​របស់​ខ្លួន​ខ្លាំង​ដែរ នៅ​ចំពោះ​​មុខ​ព្រះមហាក្សត្រថ្មី​​ មហា វេជ្ជរ៉ាឡុនកន​ ដែលតែង​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ញឹកញាប់​ខ្លាំង នៅ​អឺរ៉ុប (អាល្លឺម៉ង់)។ អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​តែ​ម្តង​នឹង​អាក្បកិរិយា​របស់​ព្រះ​អង្គ តែ​​ព្រះ​អង្គ​នៅ​តែ​ជា​តំណាង​ ​អ្នក​ការពារ​និង​ធានា​ផលប្រយោជន៍​របបរាជានិយម​ដដែល។

ព្រះមហាក្សត្រ​ថៃ មិន​ដែល​​ធ្វើ​អត្ថាធិប្បាយ​អ្វី​សោះ ចំពោះ​​ហេតុការណ៍​បាតុកម្ម​ ដែល​កំពុង​កើត​ឡើង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​កម្រ​បំផុត​ព្រះ​អង្គ​ស្រាប់​តែ​លេច​ព្រះភក្តិ​ជា​សាធារណៈ​ជា​ច្រើន​ដង​ នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​គ្មាន​គោរព​តាម​ពិធីការ​​រាជ​វាំង​ឡើយ។ ព្រះមហាក្សត្រ​ បាន​ចេញ​មក​​សម្តែង​ការ​​​កោត​សរសើរ​​បាតុករ​អ្នក​គាំទ្រ​រាជា​និយម​ថៃ ដែល​នាំ​គ្នា​លើក​បដា​​និង​កាន់​រូបថត​ព្រះ​មហាក្សត្រ​ភូមិបុល នៅ​ចំពោះ​មុខ​បាតុករ​អ្នក​ប្រជាធិបតេយ្យថា “ក្លាហាន​មែន ! អរគុណ” ។​ នេះ​បើតាម​សារវីដេអូ​ដែល​មាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ