អានតួអត្ថបទ

តៃវ៉ាន់​ប្រកាស​សាងសង់​នាវាមុជទឹក​ដោយខ្លួនឯង

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវេន​បាន​ប្រកាស​បើកសម្ពោធ​ការដ្ឋាន​សាងសង់​នាវាមុជទឹក ក្នុង​ស្រុក នៅថ្ងៃ​អង្គារនេះ នៅភាគខាងត្បូង​កោះតវ៉ាន់។ ក្រោមសម្ពាធ និងការគំរាម​ជា​អចិន្ត្រៃយ៍ របស់​ប្រទេស​ចិន ដែល​បាន​បញ្ជាក់​ហើយថា នឹង​យក​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ ទោះត្រូវ​ប្រើ​កម្លាំងយោធា តៃវ៉ាន់ ក្រោមអាណត្តិដឹកនាំ​របស់​លោកស្រី ប្រធានាធិបតី បាន​វិនិយោគ​ជំរុញ កាន់តែ​ខ្លាំង វិស័យ​ការពារជាតិ​របស់ខ្លួន។ 

លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវេន ថ្លែង​សុន្ទរកថា បើកសម្ពោធ ការដ្ឋានសាងសង់​នាវាមុជទឹកក្នុងស្រុក​ កាលពីថ្ងៃអង្គារ​ទី ២៤ វិច្ឆិកា ២០២០
លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវេន ថ្លែង​សុន្ទរកថា បើកសម្ពោធ ការដ្ឋានសាងសង់​នាវាមុជទឹកក្នុងស្រុក​ កាលពីថ្ងៃអង្គារ​ទី ២៤ វិច្ឆិកា ២០២០ AP - Huizhong Wu
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពិធី សម្ពោធ ការដ្ឋាន​សាងសង់​នាវា​មុជទឹក នៅ Kaohsiung ភាគខាងត្បូង​កោះតៃវ៉ាន់ លោកស្រី​ប្រធានាធិបតី តៃវ៉ាន់ ត្សៃ អ៊ីងវេន បាន​និយាយ​ថា តៃវ៉ាន់​នឹង​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ថា តៃវ៉ាន់​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការការពារ​ទឹកដី ដែនអធិបតេយ្យភាព​របស់ខ្លួន។

តាមអ្នកទទួលខុសត្រូវ​តៃវ៉ាន់ តៃវ៉ាន់​គ្រោង​នឹង​សាងសង់​នាវាមុជទឹក ក្នុងស្រុក ឲ្យបាន​៨គ្រឿង ដែល​នៅក្នុង​នោះ មួយគ្រឿង​នឹង​ផលិតចប់​ជាស្ថាពរ និង​ដាក់​ឲ្យ​ប្រើប្រាស់​បាន នៅឆ្នាំ ២០២៥។ តៃវ៉ាន់​សង់​នាវា​មុជទឹក​ដើម្បី បំពាក់​ឲ្យ​កងទ័ព​ជើងទឹក​របស់ខ្លួន ដែល​កំពុង​មាន​នាវាមុជទឹក​ចំនួន ៤គ្រឿង ដែល​ក្នុងនោះ ២គ្រឿង ជានាវាមុជទឹក​ផលិត​នៅអាមេរិក ដែល​មានវ័យ​ចំណាស់ ៨០ឆ្នាំ។ ​

ការដ្ឋាន​សាងសង់​នាវាមុជទឹក​របស់​តៃវ៉ាន់ ជា​ផ្នែកមួយ​នៃ​ការអភិវឌ្ឍ វិស័យ​ឧស្សាហកម្ម​ផលិត​អាវុធ ក្នុង​ស្រុក ដែល​តៃវ៉ាន់​បាន​ចាប់ជំរុញខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​នៅបន្ទាប់​ពី​ប្រទេស​ចិន​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ជាច្រើន​ឲ្យ​ឈប់​លក់​អាវុធ​ឲ្យ​តៃវ៉ាន់។ តៃវ៉ាន់​បាន​រីកចម្រើន​ខ្លាំង ខាងផ្នែក​បច្ចេកវិទ្យា​ផលិត​មីស៊ីល ហើយ​និង​យន្តហោះ​ចម្បាំង ប៉ុន្តែ នៅតែ​ចាញ់​ដាច់ឆ្ងាយ​បើប្រៀបធៀប​នឹង​ប្រទេស​ចិន ដែល​មាន​សមត្ថភាព​សាងសង់ នាវាផ្ទុកយន្តហោះ​ចម្បាំង​ដ៏​ធំសម្បើម នាវា​មុជទឹក​ជាច្រើន​គ្រឿង​ដែល​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ និង​មីស៊ីល​ជំនាន់​ចុងក្រោយ Hypersonic។

នៅ ប៉ុន្មាន​ខែ​មុននេះ ចិន​ធ្លាប់​បាន​ប្រកាស​ពង្រាយមីស៊ីល​ទំនើបថ្មី ដើម្បី ដាក់ជំនួស​មីស៊ីល ដែល​ចិន ដាក់ពង្រាយ បែរសំដៅ​ទៅ​កោះតៃវ៉ាន់។

ចិន និង​តៃវ៉ាន់ បាន​ប្រឈមមុខ តានតឹង​ដាក់គ្នា​កាន់តែ​ខ្លាំង ចាប់តាំង​ពី​តៃវ៉ាន់​មាន​លោកស្រី ត្សៃ អ៊ីងវេន ឈ្នះឆ្នោត​ធ្វើជា​ប្រធានាធិបតី​តៃវ៉ាន់ នៅ ឆ្នាំ ២០១៦។ ជំហរ​របស់​លោកស្រី ត្សៃ អ៊ីងវេន ដែល​បដិសេធ មិនទទួលស្គាល់ ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន បានធ្វើ​ឲ្យ​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បង្កើត​នយោបាយ​ដាក់សម្ពាធ និង​គំរាមកំហែង​តៃវ៉ាន់ កាន់តែ​ខ្លាំង។ នៅ​មួយរយៈចុងក្រោយនេះ យន្តហោះចម្បាំង​របស់ចិន​បាន​ហោះ​ចូល​ទៅ​ក្នុង​ដែន អាកាស​របស់​តៃវ៉ាន់ ដែល​ធ្វើ​ឲ្យ​តៃវ៉ាន់ ត្រូវ​បង្ខំចិត្ត​ធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ សព្វាវុធ សម្រាប់​ទុកការពារ​ខ្លួន នៅ​ចំពោះមុខ​ការគំរាមកំហែង​របស់​មហាអំណាច​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ