អានតួអត្ថបទ
គ្រោះ​ធម្មជាតិ-​ការប្រែប្រួល​អាកាសធាតុ

របាយ​ការណ៍​ថ្មី​មួយ​ថា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជំរុញ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កាន់​តែ​ច្រើន

គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ឆ្នាំ ​២០២០​នេះ​ បាន​បង្ក​ឲ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តម្លៃ​រហូត​ដល់​ ១៥០​ ពាន់​លាន​ដុល្លារ​។ យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ទឹក​ប្រាក់​តម្លៃ​ ១៥០​ ពាន់​លាន​ដុល្លារ​ ជា​តួលេខ​ដែល​កើន​លើស​ពី​ឆ្នាំ​ ២០១៩​ និង​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​រយៈពេល​វែងពី​ការ​កើន​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី​។

របាយការណ៍មួយរបស់អង្គការក្រៅរដ្ឋាភិបាលចេញផ្សាយក្នុងថ្ងៃចន្ទ ទី២៨ ធ្នូនេះ បានឲ្យដឹងថាគ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ ២០២០ មានតម្លៃខ្ពស់ ១៥០ ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំ ២០១៩។
របាយការណ៍មួយរបស់អង្គការក្រៅរដ្ឋាភិបាលចេញផ្សាយក្នុងថ្ងៃចន្ទ ទី២៨ ធ្នូនេះ បានឲ្យដឹងថាគ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ ២០២០ មានតម្លៃខ្ពស់ ១៥០ ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំ ២០១៩។ AP - Bullit Marquez
ផ្សាយពាណិជ្ជកម្ម

មនុស្ស​យ៉ាងតិច​ ៣ ៥០០ នាក់បានស្លាប់ និង​មនុស្ស​ជាង​ ១៣ លាន ៥ សែននាក់​ផ្សេង​ទៀត​ត្រូវ​គេ​ជម្លៀស​ចេញពី​ផ្ទះសម្បែង​ដោយសារតែ​គ្រោះមហន្តរាយធម្មជាតិ​ដ៏​កាច​សាហាវ​នៅ​ក្នុង​ឆ្នាំ​ ២០២០​នេះ​។

គ្រោះមហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ​មានតាំងពី​ភ្លើងឆេះព្រៃ​ដែល​មិន​អាច​គ្រប់គ្រង​បាន​នៅក្នុង ប្រទេស​អូស្រ្តាលី​កាល​ពី​ចុង​ឆ្នាំ​ ២០១៩​ ដល់​ដើមឆ្នាំ​ ២០២០​ ខ្យល់​ព្យុះ​សង្ឃរា​កើត​ឡើង​ជាច្រើន​លើកច្រើនសា​រហូត​ដល់​ខែ​វិច្ឆិកា​។

ការខាតបង់​ភាគច្រើន​គ្មានការ​ធានារ៉ាប់រងឡើយ ​ ដូច្នេះថ្លៃចំណាយ​ពិតប្រាកដទៅលើ​គ្រោះមហន្តរាយ​ដែលបង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នៅឆ្នាំនេះ​ ពិតជា​ខ្ពស់​ខ្លាំង​ណាស់​ ត្រូវខាតបង់​ប្រាក់កាក់​ច្រើន​មែនទែន​។

វា​គ្មាន​អ្វីគួរ​ឲ្យ​ភ្ញាក់ផ្អើលទេ​ដែល​បន្ទុក​ធានារ៉ាប់រង​ត្រូវបាន​កាត់​បន្ថយ​យ៉ាងច្រើន​សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ​។ នេះបើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​អង្គការ​ជំនួយ​ពិភព​លោក​ Christian Aid ដែល​មាន​ចំណង​ជើង​ថា ​“ថ្លៃ​ចំណាយ​លើ​ការខាតបង់​ក្នុង​ឆ្នាំ​ ២០២០​ ដែល​ជា​ឆ្នាំ​ដួល​រលំ​នៃ​អាកាសធាតុ​”។

នៅក្នុង​ការស្ទង់​មតិ​មួយ​របស់​កាសែត​ Lancet កាលពីខែវិច្ឆិកា​ របាយការណ៍​មួយ​បាន​លើក​ឡើងថា​នៅក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​អាកាសធាតុ​មាន​ត្រឹមតែ​ ៤% ប៉ុណ្ណោះ​។ ចំណែក​នៅក្នុង​ក្រុម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាបវិញ​ ការ​ធានារ៉ាប់រង​គឺ​គ្មាន​ហើយ​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​មានទំហំធំ​រហូត​ដល់​ទៅ​ ៦០% ឯណោះ​។

“បញ្ហាប្រែប្រួល​អាកាសធាតុ​ចេះតែ​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​ ២០២០​នេះ​ ដោយ​មាន​ទឹក​ជំនន់​កាន់តែ​ច្រើន​នៅអាស៊ី​ វត្តមាន​សត្វ​កណ្តូប​ដ៏ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ និងព្យុះសង្ឃរា​នៅ​អឺរ៉ុប ​ព្រមទាំង​អាមេរិក​”។ នេះ​ គឺជា​ប្រសាសន៍​របស់​លោកខេធ​ គ្រេមឺរ​ (Cat Kramer) ប្រធាន​ផ្នែក​គោល​នយោបាយ​អាកាសធាតុ​របស់​អង្គការ​ Christian Aid។

តាមពិតទៅ​ គ្រោះមហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ ​បាន​តាម​ញាំញី​ជីវិត​រស់នៅ​របស់​មនុស្សជាតិ​តាំងពី​យូរយារ​មកហើយ​ មុនពេល​ដែល​កំដៅផែនដី​ចាប់​ផ្តើម​រំខាន​ដល់​បរិស្ថាន​ធម្មជាតិ​ទៅទៀត​។

ក៏ប៉ុន្តែ​ ទិន្នន័យ​ស្តីពី​សីតុណ្ហភាព​ ជំនន់​ទឹកភ្លៀង​ ខ្យល់ព្យុះ​ និង​ការ​កើនឡើង​នៃ​កម្ពស់​ទឹក សមុទ្រ​ ជាង​មួយ​សតវត្សរ៍​កន្លង​មក​នេះ​ បង្ហាញ​យ៉ាងច្បាស់ថា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​គួរ​ឲ្យ​ព្រួយបារម្ភ​ជាទី​បំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ