អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ៖ គ្រោះមហន្តរាយធម្មជាតិ​កើនឡើងខ្លាំង ក្នុង​រយៈពេល​២០ឆ្នាំមក​នេះ

ទឹកជំនន់​ទឹកភ្លៀង ខ្យល់ព្យុះសង្ឃរា គ្រោះរញ្ជួយដី ភ្លើងឆេះព្រៃ ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង។ គ្រោះមហន្តរជាតិ​ទាំងអស់នេះ បានកើន​ក្នុង​ចំនួនដ៏ច្រើន និង​គួរ​ឲ្យព្រួយបារម្ភ ក្នុង​រយៈពេល ២០ឆ្នាំចុងក្រោយនេះ។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ បាន​បង្ហាញថា គ្រោះមហន្តរាយ​ធម្មជាតិ បាន​សម្លាប់​ជីវិត​មនុស្ស ច្រើន​ជាង ១លាននាក់ និង​ធ្វើឲ្យគេ​ខាតបង់​ថវិកា​ជិត ៣០០​ម៉ឺន​លាន​ដុល្លារ។

ទឹកជំនន់ទឹកភ្លៀង នៅភាគកណ្តាល​ប្រទេស​ប៉ាគីស្ថាន នៅ​ឆ្នាំ ២០១០
ទឹកជំនន់ទឹកភ្លៀង នៅភាគកណ្តាល​ប្រទេស​ប៉ាគីស្ថាន នៅ​ឆ្នាំ ២០១០ ASSOCIATED PRESS - Khalid Tanveer
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ ពី ការខាតបង់ ទាំង​ជីវិតមនុស្ស និង​ផ្នែក​សេដ្ឋកិច្ច ដោយសារ​តែ គ្រោះមហន្តរាយ​ធម្មជាតិ ដែល អាច​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។ អង្គការ​សហប្រជាជាតិ​ចេញផ្សាយ​របាយការណ៍​បូកសរុប​គ្រោះមហន្តរាយ​ធម្មជាតិ នៅតែ​មួយ​ថ្ងៃ​មុន​ទិវា​អន្តរជាតិ នៃ​ការកាត់បន្ថយ​ការប្រឈម​នឹង​គ្រោះធម្មជាតិ។

ជារួម ក្នុង រយៈពេល ២០ឆ្នាំ ចុងក្រោយនេះ (២០០០ ដល់​២០១៩) អង្គការ​សហប្រជាជាតិ​កត់ត្រា ឃើញ​មានគ្រោះមហន្តរាយ​ធំៗ ប្រមាណ ៧៣៤៨ នៅក្នុង​ពិភពលោក ដែលសម្លាប់​មនុស្សជាង ១លាន ២សែននាក់ ប៉ះពាល់ ដល់​មនុស្ស ជាង ៤ពាន់​លាននាក់ និង​បង្ក​ការខូចខាត​ផ្នែក​សេដ្ឋកិច្ច ក្នុង​រង្វង់ប្រាក់ ២៩៧ម៉ឺន លាន​ដុល្លារ។

អាស៊ី ជាតំបន់​រងគ្រោះ​ខ្លាំងជាង គេ​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ ដោយ​នាំមុខ ទ្វីបអាមេរិក និង​អាហ្វ្រិក។ នៅក្នុង​ចំណោម​ប្រទេស​១០​ដែលរងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​គ្រោះធម្មជាតិ មាន ៨ហើយ​ជា​ប្រទេស​អាស៊ី។ នៅក្នុង​រយៈពេល ២០ឆ្នាំមកនេះ ចិន​នាំមុខ ខាង​ជួបគ្រោះមហន្តរាយ​ធម្មជាតិ ប្រមាណ​៥៧៧ ចំណែក​អាមេរិក​មាន ៤៦៧ ដង។ នៅក្រោយ​អាមេរិក គឺ​ឥណ្ឌា ហ្វីលីពីន និង​បន្ទាប់​មក​ឥណ្ឌូណេស៊ី ដែល​ឧស្សាហ៍​រងគ្រោះ​ដោយសារ​ការផ្ទុះភ្នំភ្លើង និង​គ្រោះរញ្ជួយដី។

តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ គ្រោះទឹកជំនន់​ទឹកភ្លៀង បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់ គឺកើនឡើង ទ្វេដង រហូត​ដល់​ចំនួន ៣២៥៤ ទឹកជំនន់។ ក្រៅតែ​ពីទឹកជំនន់ អាកាសធាតុ​ត្រជាក់ ឬ​ក្តៅ ខ្លាំង ហើយ​និង​អគ្គិភ័យ ដូចជា​ភ្លើងឆេះព្រៃ ក៏បង្កការខូចខាត​ច្រើន​ណាស់ដែរ។ ប៉ុន្តែ នៅពេល​ទឹកជំនន់​កើនឡើង ទ្វេដង ក្នុង​រយៈពេល​២០ឆ្នាំនេះ គឺ បាតុភូត​ធម្មជាតិ ដូចជា គ្រោះរញ្ជួយដី រលកយក្ស​ស៊ូណាមី និងផ្ទុះភ្នំភ្លើង ដែល​សម្លាប់មនុស្ស​ច្រើនជាង គេ។ រលកយក្ស​ស៊ូណាមី នៅ​មហាសមុទ្រ​ឥណ្ឌា កាលពី​ឆ្នាំ ២០០៤ បាន​សម្លាប់មនុស្ស​ច្រើនជាងគេ ដល់ទៅ ជាង ២សែន ៥ម៉ឺននាក់។

“មនុស្ស​កាន់តែច្រើន ជាពិសេស​នៅក្នុង​បណ្តាប្រទេស​ក្រីក្រ រងគ្រោះ​ដោយសារ គ្រោះមហន្តរាយធម្មជាតិ ដែល​អាច​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ។ ប់សិន បាតុភូត​ធម្មជាតិ នៅតែ​បន្ត យ៉ាងដូច្នេះ ក្នុង​រយៈពេល ២០ឆ្នាំ​ទៅមុខ នោះ អនាគត​មនុស្សជាតិ នឹង​អាច​ធ្លាក់​ក្នុង​ភាពអន្ធការ” នេះ​ជាការព្រមាន​របស់​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ លោក Debarati Guha_Sapir ដែលធ្វើការ​នៅ មជ្ឈមណ្ឌល ស្រាវជ្រាវ​ការរាតត្បាត​នៃ​គ្រោះមហន្តរាយធម្មជាតិ របស់​សកលវិទ្យាល័យ​Louvain ក្នុង​ប្រទេស​បែលហ្ស៊ិក។

សម្រាប់អ្នកតំណាង​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ ដោយសារតែ រលកកំដៅ នឹង​ក្លាយ​ជា​បាតុភូត​ធម្មជាតិ ដែល​នឹង​កើតឡើង ញឹកញយ នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ទៅមុខ រដ្ឋាភិបាល គួរ​តែ​វិនិយោគ ឲ្យ​បាន​ច្រើន​លើ​ប្រព័ន្ធ ទាញសញ្ញា ប្រកាស​អាសន្ន ហើយ​និង​អនុវត្ត​យុទ្ធសាស្រ្ត​កាត់បន្ថយ​ការប្រឈម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ