អានតួអត្ថបទ

ពិភពលោក​ខាតបង់ ១៨៧​ពាន់លាន​ដុល្លា ដោយសារ​រគ្រោះមហន្តរាយ​ធម្មជាតិ

ការខាតបង់​ផ្នែក​សេដ្ឋកិច្ច ដោយសារ​គ្រោះមហន្តរាយធម្មជាតិ និង​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​មនុស្ស មាន​តម្លៃប្រាក់ ១៨៧ ពាន់​លាន​ដុល្លារ គឺ​កើនឡើង ២៥% ចាប់ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​២០២០។ នេះបើតាម​ការវាយតម្លៃ​បឋម​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត ស្វ៊ីស ឈ្មោះ Swiss Re កាលពី​ថ្ងៃ​អង្គារ ទី ១៥​ធ្នូ។ ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត បាន​ព្រមាន​ពីផលវិបាក និង​ការខាតបង់​សេដ្ឋកិច្ច​កាន់តែ​ច្រើន ទៅ​ថ្ងៃ​អនាគត ព្រោះ​ថា គ្រោះមហន្តរាយ​ធម្មជាតិ នឹង​មាន​កាន់តែច្រើន ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​លើ​ផែនដី។ 

ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​សែងសាកសព​ជនរងគ្រោះ​ដែល​ស្លាប់នៅក្នុង​ភ្លើងឆេះព្រៃ​នៅ​រដ្ឋ​កាលីហ្វនីញ៉ា ខែមីនា​ឆ្នាំ ២០២០
ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​សែងសាកសព​ជនរងគ្រោះ​ដែល​ស្លាប់នៅក្នុង​ភ្លើងឆេះព្រៃ​នៅ​រដ្ឋ​កាលីហ្វនីញ៉ា ខែមីនា​ឆ្នាំ ២០២០ AP - Noah Berger
ផ្សាយពាណិជ្ជកម្ម

១៧៥​ពាន់​លាន​ដុល្លារ ជា​ទំហំ​សេដ្ឋកិច្ច​ខាតបង់ នៅក្នុង​ពិភពលោក ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ នៅ​ក្នុង​ឆ្នាំ ២០២០។ ចំណែក ការខាតបង់ ដោយសារ​គ្រោះមហន្តរាយ ដែល​ជា​ស្នាដៃ​របស់​មនុស្ស មាន​ប្រមាណ​តែ ១២ពាន់​ដុល្លារ​តែប៉ុណ្ណោះ។ ការនេះ​ធ្វើ​ឲ្យ​តម្លៃខាតបង់​សេដ្ឋកិច្ច​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ បាន​កើនឡើង ប្រមាណ ២៥% បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ត្រឹម ១៣៩ពាន់លានដុល្លារ។

ជា​លទ្ធផល ក្រុមហ៊ុន​ធានារ៉ាប់រង ដែល​ត្រូវ​ទទួល​បន្ទុក ចេញសង​លើ​ថ្លៃខូចខាត តិចជាង ៥០%​នៃការខាតបង់​សរុប បាន​បញ្ចេញប្រាក់​ប្រមាណ ៨៣​ពាន់លាន​ដុល្លារ សម្រាប់​បង់សង​ការខូចខាត ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នៅ ឆ្នាំ ២០២០នេះ។ បើតាម​របាយការណ៍​វាយតម្លៃ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​Swiss Re  ២០២០ ជា​ឆ្នាំ​ទី​៥ហើយ ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង ត្រូវបង់សង ការខូចខាត ក្នុង​ទំហំទឹកប្រាក់​ដ៏ច្រើន ដោយសារ​គ្រោះមហន្តរាយធម្មជាតិ។

នៅអាមេរិក ការខាតបង់ ដោយសារ ខ្យល់ព្យុះ​ ភ្លើងឆេះព្រៃ និង​គ្រោះទឹកជំនន់ មាន​តម្លៃស្មើ​នឹង​៧០ភាគរយ​នៃការខាតបង់​សរុប ដោយសារ គ្រោះធម្មជាតិ ដែល​មានតម្លៃ ប្រមាណ​៧៦ពាន់លាន​ដុល្លារ។

សម្រាប់​លោក Jean Hagegeli ដែលជា​ប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំ​ក្រុមហ៊ុនធានារ៉ាប់រងបន្ត Swiss Re ជំងឺកូវីដ ហើយ​និង​គ្រោះមហន្តរាយ​ធម្មជាតិ ជា​វិញ្ញាសារ​សម្រាប់​តេស្ត​សាកល្បង ភាពរឹងមាំ របស់​ពិភពលោក​សព្វថ្ងៃ។ ប៉ុន្តែ នៅពេល​ជំងឺ​កូវីដ អាច​សាបរលាប បាត់មុខ ទៅវិញ នៅថ្ងៃ​ណាមួយ គ្រោះមហន្តរាយ​ធម្មជាតិ ដែល​ជាលទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ នៅតែបន្ត​មាន និងអាច​កើន​កម្លាំងច្រើនជាងនេះ។ អ្នកជំនាញ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​ព្រមានដែរថា បរាជ័យ​របស់​ពិភពលោក​ក្នុងការបង្កើត​សេដ្ឋកិច្ច​បៃតង ដើម្បី​ទប់ស្កាត់​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ នឹង​ធ្វើសង្គម​សេដ្ឋកិច្ច ពិភពលោក កាន់តែ​ខាតបង់ខ្លាំង នៅ​ថ្ងៃ​អនាគត។

ជាក់ស្តែង នៅ​ឆ្នាំ​នេះ អាមេរិក​បានរងគ្រោះ​ដោយសារ​ខ្យល់ព្យុះធំៗ ដល់​ទៅ ៣០ដង ​ក្នុង​រយៈពេល​១ឆ្នាំ ដែលនៅក្នុង​នោះ ខ្យល់ព្យុះ ទឹកជំនន់​បាន​បង្ក​ឲ្យ​មានគ្រោះរលំបាក់ដី៥ដង។ ប៉ុន្តែ ដោយសារ​តែ​គ្រោះរលំបាក់ដី កើតមាន​នៅតាម​ទីជនបទ មិនមែនទីក្រុង​ប្រជុំជន ការខាតបង់ សេដ្ឋកិច្ច ក៏មិនសូវ​មានច្រើនដែរ។ ឆ្នាំនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ខាតបង់​ប្រមាណ ២០ពាន់​លានដុល្លារ សម្រាប់​សងថ្លៃខាតបង់​ដោយសារ​ខ្យល់ព្យុះ នៅ​អាមេរិក។

ប៉ុន្តែ នៅ ឆ្នាំ ២០២១ លក្ខខណ្ឌ​អាកាសធាតុ ​នៅអាមេរិក​បាន​ធ្វើ​ឲ្យ​គេវាយតម្លៃថា ខ្យល់ព្យុះ​សង្ឃរា នឹង​អាច​កំណាច មាន​ច្រើន ជាងឆ្នាំនេះ ដែលនឹង​ធ្វើ​ឲ្យ​លទ្ធភាព​មាន​គ្រោះមហន្តរាយ រលំបាក់ដី បំផ្លាញផ្ទះ ទ្រព្យសម្បត្តិ​របស់​មនុស្ស​មានច្រើន។ បូករួម​ជា​ផលវិបាក​សេដ្ឋកិច្ច ដែល​បង្ក​ដោយ វិបត្តិកូវីដ គ្រោះមហន្តរាយ​ធម្មជាតិ ដែល​មាន​កាន់តែច្រើន ដោយសារ​ការប្រែប្រួល​អាកាសធាតុ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង កាន់តែ​ខាត ងាយ​នឹង​រលាយ​ឡុងចុង នៅថ្ងៃ​អនាគត៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ