អានតួអត្ថបទ
ចិន-អ៊ុយហ្គួរ

ក្រុម​អ្នកឃ្លាំមើលសិទ្ធិមនុស្ស ថាចិនបង្កើនការគាបសង្កត់លើជនជាតិអ៊ុយហ្គួរ

ប្រទេសចិន​បានបង្កើន​គំនាបសង្កត់​ លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ តាម​រយៈ​ប្រព័ន្ធ​តុលាការ​។ នេះ​ គឺជា​ការ​លើកឡើង​របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ នៅថ្ងៃពុធ​ ២៤​ កុម្ភៈ​ ដោយ​បាន​បន្ថែម​​ទៀតថា​ តុលាការចិន​ បាន​ផ្តន្ទា​ទោស​ឲ្យជនជាតិ​អ៊ុយហ្គួរ​ជាប់​ពន្ធនាគារ​រយៈពេល​យូរ​ ពាក់ព័ន្ធ​បទ​ចោទ​ប្រកាន់​គួរឲ្យ​សង្ស័យ​ដូចជា​ បង្កជម្លោះ​ និង​ផ្តល់​អំណោយ​ដល់​សាច់ញាតិ​នៅឯ​បរទេស​ជាដើម​។

នៅហុងកុងកាលពីថ្ងៃទី ២២ ធ្នូ ឆ្នាំ២០១៩ ប៉ូលិសប្រឆាំងកុបកម្ម បានឃាត់ខ្លួនអ្នកតវ៉ាម្នាក់ ក្រោយទង់ជាតិរបស់ចិនត្រូវបានដកចេញពីបង្គោលទង់ជាតិ នៅឯបាតុកម្មមួយ ដើម្បីគាំទ្រឲ្យមានការគោរពសិទ្ធិមនុស្សនៅស៊ីនជាំង។
នៅហុងកុងកាលពីថ្ងៃទី ២២ ធ្នូ ឆ្នាំ២០១៩ ប៉ូលិសប្រឆាំងកុបកម្ម បានឃាត់ខ្លួនអ្នកតវ៉ាម្នាក់ ក្រោយទង់ជាតិរបស់ចិនត្រូវបានដកចេញពីបង្គោលទង់ជាតិ នៅឯបាតុកម្មមួយ ដើម្បីគាំទ្រឲ្យមានការគោរពសិទ្ធិមនុស្សនៅស៊ីនជាំង។ REUTERS - LUCY NICHOLSON
ផ្សាយពាណិជ្ជកម្ម

ការ​គូសស​បញ្ជាក់​របស់​ក្រុម​អ្នក​ការពារសិទ្ធិ​មនុស្ស​ ពី​ការ​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ ជនជាតិ​អ៊ុយហ្គួរ​ពី​សំណាក់ក្រុង​ប៉េកាំងនេះ​ ធ្លាក់មក​នៅ​ពីរ​ថ្ងៃក្រោយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក វ៉ាង​ យី បាន​សរសើរ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុងប្រទេសរបស់ខ្លួន​។

កាលពីថ្ងៃ​ចន្ទដើមសប្តាហ៍​នេះ​ លោក វ៉ាង​ យី បាន​អះអាង​​ថាកា​រអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​ស៊ីនជាំង និង​នៅ​តំបន់​ទីបេ​ សបញ្ជាក់ឲ្យឃើញពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ចិន​ដែល​កាន់​តែ​មាន​ភាព​ល្អប្រសើរឡើង​។

ផ្ទុយពី​ការ​លើកឡើង​ខាងលើ​ ក្រុមអ្នក​ជំនាញ​ ថា​ចិន​នៅតែ​បន្ត​ទង្វើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ ក្នុងតំបន់ស៊ីនជាំង​ដោយស្រប​ទៅ​តាម​ច្បាប់​ដែល​តាក់តែង​ដោយចិន​។

រដ្ឋអំណាចចិន​ បាន​បង្កើន​កម្រិត​នៃ​ការផ្តន្ទាទោស​ផ្នែក​ព្រហ្មទណ្ឌ​ ទៅ​លើ​ជនជាតិ​អ៊ិយហ្គួរ និង​ជនជាតិ​ភាគតិ​ច​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដទៃទៀត ​ប្រមាណ​មួយ​លាននាក់​ ដែល​​កំពុង​ជាប់​ឃុំឃាំង​នៅ​ឯ​ជំរំ​អប់រំ​នយោបាយ​នៅស៊ីនជាំង​។

មាន​មនុស្ស​ជាង​ ២សែន​ ៥ម៉ឺន​នាក់​នៅ​តំបន់​ភាគខាងលិច​របស់ចិននេះ​ ត្រូវ​បាន​ផ្តន្ទាទោស​និង​ដាក់​ពន្ធនាគារ​ជា​ផ្លូវការ​ចាប់តាំងពីឆ្នាំ​ ២០១៦​។ នេះ​បើ​យោងទៅ​តាម​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​។

ក្រសួង​ការ​បរទេស​អាមេរិក​ បាន​និយាយថា​សកម្មភាព​របស់​ចិន​នៅ​តំបន់​ស៊ីនជាំង​ មិនខុសអី​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ឡើយ​ ហើយ​សមាជិក​សភា​កាណាដា​កាលពី​ថ្ងៃអង្គារ​ ក៏​បាន​ចេញសេចក្តី​ប្រកាស​ស្រដៀង​គ្នានេះដែរ​។

ចំណែកបារាំង​ តាម​រយៈ​រដ្ឋមន្ត្រីការបរទេស​វិញ​ ក៏​បាន​រិះគន់​កាន់​តែ​ខ្លាំង​ឡើងដែរ​ អំពីទង្វើ​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង។ លោក​ Jean-Yves Le Drian បាន​និយាយថា​ ការ​ឃុំឃាំង​ជនជាតិ​អ៊ុយហ្គួរ​ និង​ជនជាតិភាគតិចផ្សេងទៀត​នៅ​ស៊ីនជាំងតំបន់​ភាគខាងលិច​ប្រទេសចិន​ គឺជា​រឿងមិនអាចទទួលយកបានឡើយ។ ទន្ទឹមនេះ ​លោក ក៏​បាន​ទាមទារ​ផងដែរឲ្យទី​ក្រុងប៉េកាំង​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ឯករាជ្យ​ចូល​ទៅ​ស៊ើប​អង្កេតនៅ​តំបន់​ស៊ីនជាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ