អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

កិច្ចសន្ទនា​ដំបូង​របស់​ប្រមុខការបរទេស​អាមេរិក​ជាមួយ​ចិន ផ្តោតលើ​សំណុំរឿង​អ៊ុយហ្គួរ ទីបេ និង​ហុងកុង

ក្រោមអាណត្តិដឹកនាំ​របស់​រដ្ឋបាល​អាមេរិក​ថ្មី តើ​ទំនាក់ទំនង​ចិន និងអាមេរិក នឹង​អាច​ធូរស្រាល ប្រសើរឡើង​ដែរឬទេ? អនាគត​យ៉ាងណា គេ​នៅមិនទាន់ដឹងទេ ប៉ុន្តែ នៅពេល​នេះ គឺ​មិនទាន់​អាច​នៅឡើយទេ។ ជាក់ស្តែង នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយ​ប្រមុខការបរទេស​ចិន កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​លើកយក​សំណុំរឿង​ដែល​សុទ្ធតែ​ក្តៅក្រហាយ​សម្រាប់​ទីក្រុង​ប៉េកាំង ដែល​មានដូចជា ការរំលោភសិទ្ធិ​ប្រជាជន​អ៊ុយហ្គួរ ប្រជាជន​ទីបេ និងការបង្រ្កាបចាប់ខ្លួន​នៅទីក្រុង​ហុងកុង។ បកមកវិញ ទីក្រុង​ប៉េកាំង​ប្រាប់​វ៉ាស៊ីនតោន កុំ​ឲ្យ​លូកចូល​ដៃ​ចូលក្នុង​កិច្ចការផ្ទៃក្នុង​របស់​ចិន។ 

លោក​អង់តូនី ប្លីងកិន រដ្ឋមន្រ្តីការបរទេស​អាមេរិក​ នៅក្នុង​សន្និសីទ​កាសែត​នៅ​​ក្រសួង​ការបរទេស​នៅថ្ងៃទី ២៧ មករា ២០២១
លោក​អង់តូនី ប្លីងកិន រដ្ឋមន្រ្តីការបរទេស​អាមេរិក​ នៅក្នុង​សន្និសីទ​កាសែត​នៅ​​ក្រសួង​ការបរទេស​នៅថ្ងៃទី ២៧ មករា ២០២១ REUTERS - CARLOS BARRIA
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ទំនាក់ទំនង​លើកដំបូង​រវាង​រដ្ឋបាលអាមេរិក​ថ្មី ជាមួយ​ប្រទេស​ចិន រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន បាន​និយាយ​តាម​ទូរស័ព្ទ ប្រាប់ លោក​យ៉ាង ជាឈី អ្នកទទួលខុសត្រូវជាន់ខ្ពស់ផ្នែក​កិច្ចការបរទេស ​របស់​បក្សកុម្មុយនិស្តចិន ថា អាមេរិក នឹង​ការពារ​ផលប្រយោជន៍​ជាតិខ្លួន ប្រយុទ្ធប្រឆាំង​ដើម្បី​ការពារ​តម្លៃ​ប្រជាធិបតេយ្យ និង​ចាប់​ប៉េកាំង​ឲ្យ​ទទួល​ខុសត្រូវ ក្នុងករណី​មាន​ការរំលោភ​ប្រឆាំង ប្រព័ន្ធ​អន្តរជាតិ។

ជារួម ប្រមុខការទូត​អាមេរិក​បានទាមទារ​ឲ្យ​ប្រទេស​ចិន គោរព​សិទ្ធិ​របស់​ប្រជាជន​អ៊ុយហ្គួរ ប្រជាជន​ទីបេ និង​ហុងកុង នៅក្នុង​កិច្ចសន្ទនា តាមទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។ តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​បញ្ជាក់​ទៅសមភាគី​ចិនដែរ​ថា អាមេរិក​នឹង​ចាប់ចិន​ឲ្យ​ទទួលខុសត្រូវ​សម្រាប់​ការប៉ុនប៉ង បង្ក​អស្ថិរភាព នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​នៅក្នុង​នោះ​មានផងដែរ​កោះតៃវ៉ាន់។

នៅមុនចូលកាន់តំណែង​ជា​ប្រមុខការបរទេស អាមេរិក លោក​អង់តូនី ប្លីងកិន ធ្លាប់​បាន​បង្ហាញ​ជំហរ​តឹងរ៉ឹង​ជាមួយ​ចិន នៅក្នុង សវនាការ​របស់​ព្រឹទ្ធសភា អាមេរិក ដែលនៅទីនោះ លោក​បាន​និយាយ​គាំទ្រ ​ជំហរដាច់ណាត់​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ នៅចំពោះ​មុខប្រទេស​ចិន លោក​ប្លីងកិន​ធ្លាប់​យល់ស្របផងដែរ​ជាមួយ​រដ្ឋបាល​មុន​ដែល​ថា ប៉េកាំង​បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ​នៅ ស៊ីនជាំង។

នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ ជាមួយ ប្រមុខការបរទេស​អាមេរិក លោក​យ៉ាង ជាឈី អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ផ្នែក​កិច្ចការបរទេស​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​និយាយ​ប្រាប់​អាមេរិក​ឲ្យ​កែកំហុស ដែលធ្លាប់​បាន​អនុវត្ត នៅ​ប៉ុន្មាន​ឆ្នាំមកនេះ។

តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​ចិន​នៅទីក្រុង​វ៉ាស៊ីនតោន លោក​យ៉ាង ជាឈី បាន​ប្រាប់​សមភាគី​អាមេរិកថា “ចិន និង​អាមេរិក គួរ​គិត​តែ​ពីកិច្ចការ​របស់ខ្លួន រៀងៗខ្លួន” និងថា ហុងកុង ទីបេ ខេត្តស៊ីនជាំង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ដែល​កម្លាំង​បរទេស​ពីខាងក្រៅ មិនអាច​លូកដៃ ចូល​បានទេ។

មន្រ្តីជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​រំលឹក​ប្រាប់​ប្រមុខការបរទេស​អាមេរិកដែរថា អាមេរិក ត្រូវ​គោរព ឲ្យបាន​ម៉ត់ចត់​បំផុត គោលការណ៍​ចិន​តែមួយ ដែល​អាមេរិក​បានទទួលស្គាល់​ដែល​ក្នុង​នោះ តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ