អានតួអត្ថបទ
ចិន-អាមេរិក

លោកចូ បៃដិន ​ទូរស័ព្ទ​ទៅ​​ លោកស៊ី ជីនពីង ថ្លែង​ការ​បារម្ភ​ពី​បញ្ហា​ហុងកុង អ៊ុយហ្គួរ ​និង​​តៃវ៉ាន់

កាលពីថ្ងៃពុធទី១០កុម្ភៈ លោក​ប្រធានាធិបតី​ថ្មីរបស់សហរដ្ឋអាេមរិក ចូ បៃដិន បានទូរស័ព្ទ ទៅនិយាយ​ជាមួយ​លោកប្រធានាធិបតី​ចិន​ ស៊ី ជីនពីង។ យោងតាមលិខិតសង្ខេបរបស់សេតវិមាន នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទជាលើកទៅមួយ​នេះ លោកចូ បៃដិន បានថ្លែងការព្រួយ​បារម្ភអំពីបញ្ហាសិទ្ធិសេរីភាព​នៅហុងកុង និងបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅ​ខេត្តស៊ីនជាំងផងដែរ។

លោកស៊ី ជីនពីង និងលោក ចូ បៃដិន ចាប់ដៃគ្នា កាលពីជំនាន់​ លោកចូ បៃដិន ជាអនុប្រធានាធិបតីអាមេរិក ។ ប៉េកាំង ថ្ងៃទី​៤ ធ្នូ ២០១៣
លោកស៊ី ជីនពីង និងលោក ចូ បៃដិន ចាប់ដៃគ្នា កាលពីជំនាន់​ លោកចូ បៃដិន ជាអនុប្រធានាធិបតីអាមេរិក ។ ប៉េកាំង ថ្ងៃទី​៤ ធ្នូ ២០១៣ REUTERS - POOL New
ផ្សាយពាណិជ្ជកម្ម

ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស​នៅចិន លោកប្រធានាធិបតី​ថ្មី ចូ បៃដិន ហាក់បានបង្ហាញជំហររឹងមាំ និងជាក់ច្បាស់ ជាងលោកអតីត ប្រធានាធិបតី​ ដូណាល់ ត្រាំ។ នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ ជាលើក​ដំបូង ជាមួយ​លោក​ ស៊ី ជីនពីង លោក ចូ បៃដិន បាននិយាយ​លើកឡើងដោយចំៗ ថា សហរដ្ឋអាមេរិក មានការបារម្ភណាស់ ទាក់ទិននឹងការបំបិទសិទ្ធិសេរីភាព​នៅហុងកុង។

ក្រៅពីនេះ លោកចូ បៃដិន ក៏បានលើកឡើងផងដែរ អំពី​ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែល​អាជ្ញាធរចិន បាន​នឹងកំពុងធ្វើទៅលើជនជាតិអ៊ុយហ្គួ នៅខេត្តស៊ីនជាំង។ ចំពោះសំណុំរឿងកោះតៃវ៉ាន់ និង​តំបន់សមុទ្រចិនខាងត្បួងវិញ លោក​ចូ បៃដិន ក៏បាន​លើកឡើងថា ​ការពង្រឹងអំណាចវាទទី​កាន់តែខ្លាំងរបស់ចិន ធ្វើឲ្យ​សហរដ្ឋអាេមរិក មានការកង្វល់។

គួរកត់សំគាល់ថា ថ្វីបើរដ្ឋាភិបាលថ្មីរបស់​លោកចូ បៃដិន បានអះអាងថា​នឹង​មានគោលនយោបាយ​អន្តរជាតិ ខុសគ្នាពីរដ្ឋាភិបាល របស់​លោក​ដូណាល់ ត្រាំ តែជារួម ទាក់ទិននឹងសំណុំរឿងចិន គឺ​ រដ្ឋបាលរបស់លោកចូ បៃដិន និងរដ្ឋបាលរបស់លោកដូណាល់​ ត្រាំ ពុំសូវជាខុសគ្នាប៉ុន្មានទេ ជាពិសេស ក្នុងសំណុំរឿងសេដ្ឋកិច្ច។

មន្ត្រីម្នាក់ក្នុង​រដ្ឋបាល​លោកចូ បៃដិន​ បាននិយាយ​ដោយ​សុំមិនបញ្ចេញឈ្មោះថា សមាជិកភាគច្រើននៃរដ្ឋាភិបាលថ្មី គឺមានការយល់ឃើញ មិនខុសពីរដ្ឋាភិបាលមុនទេ ទាក់ទិននឹងគោលជំហរអាមេរិក ដែលត្រូវប្រកាន់ជាមួយ​នឹងចិន។ ពោលគឺអាមេរិក ត្រូវតែមានយុទ្ធសាស្ត្រប្រជែងជាមួយ​ចិន ឲ្យ​បានខ្លាំងក្លាបំផុត ជាពិសេសក្នុងសំណុំរឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ យ៉ាងណាមិញ យោងតាមប្រភពខាងលើ គឺរដ្ឋាភិបាលលោកចូ បៃដិន គ្មានគំរោង ថានឹងលប់ចោលនូវការដំឡើងពន្ធ លើទំនិញចិន ដែល​លោកដូណាល់ ត្រាំ បានសម្រេចនោះទេ។ តែយ៉ាងណា មន្ត្រីរូបនេះអះអាងថា រដ្ឋាភិបាលលោកចូ បៃដិន ចង់ពិនិត្យ​សើរើបញ្ហានេះ ដោយ​រួមគ្នាគិត ជាមួយ​ប្រទេសដៃគូផ្សេងទៀតនៅអឺរ៉ុប ដើម្បីធ្វើយ៉ាងណា ទប់​ជញ្ជីងពាណិជ្ជកម្មកុំឲ្យ​ផ្អៀងទៅតែខាងចិន។

ដោយឡែក នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ CBS ផ្សាយ​កាលពីថ្ងៃអាទិត្យ​កន្លងទៅ លោក ចូ បៃដិន បាន​និយាយ​ថា « លោក ស៊ី ជីនពីង គឺជាមនុស្ស​រឹងរូស និងកាចណាស់ »។ លោក ចូ បៃដិនបន្ថែមថា « មិនមែនលោកនិយាយក្នុងន័យរិះគន់ទេ តែលោកសង្កេតឃើញថាលោក ស៊ី ជីនពីង គ្មានសញ្ញាណប្រជាធិបតេយ្យ នៅក្នុង​មនសិកាបន្តិចណាសោះឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ