អានតួអត្ថបទ
ចិន-កុមារអ៊ុយហ្គួរ

Amnesty៖​កូនៗ​របស់​គ្រួសារ​អ៊ុយហ្គួរ ត្រូវ​អាជ្ញាធរចិន​ចាប់បញ្ជូន​ទៅដាក់​មណ្ឌល​កុមារកំព្រា

បន្ទាប់ពី​រង​ការចោទប្រកាន់​ពីអង្គការ​ការពារ​សិទ្ធិមនុស្ស​ថា បាន​ចាប់ឃុំ​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ជាង​១លាននាក់ ក្នុង​មណ្ឌល​លត់ដំ នៅ ខេត្ត​ស៊ីនជាំង អាជ្ញាធរ​ចិន បាន​រងការរិះគន់​សាជាថ្មី ដោយ​លើកនេះ នៅក្នុងរឿង​រំលោភ​សិទ្ធិកុមារ។ តាមរបាយការណ៍ ថ្មី​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International អាជ្ញាធរ​ចិន នៅ​ខេត្ត​ស៊ីនជាំង​បាន​ចាប់បង្ខាំង កុមារ អ៊ុយហ្គួរ ដែល​មាន​ឪពុកម្តាយ​រត់ភៀសខ្លួន ទៅ បរទេស នៅក្នុង​មណ្ឌលកុមារកំព្រា​របស់​រដ្ឋ។

ក្មេងស្រីអ៊ុយហ្គួរ​ម្នាក់ នៅ​ពេល​ឈរ​មើល​ក្បួនប៉ូលិស​ចិន នៅ​ទីក្រុង​Urumqi ខេត្ត​ស៊ីនជាំង ឆ្នាំ ២០០៩
ក្មេងស្រីអ៊ុយហ្គួរ​ម្នាក់ នៅ​ពេល​ឈរ​មើល​ក្បួនប៉ូលិស​ចិន នៅ​ទីក្រុង​Urumqi ខេត្ត​ស៊ីនជាំង ឆ្នាំ ២០០៩ ASSOCIATED PRESS - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

អស់​ពី​ជំរំលត់ដំ​មនុស្ស​ចាស់ ដល់​ជំរំ​ដាក់​ក្មេងកំព្រា​អ៊ុយហ្គួរ? នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន ដែល​ចេញផ្សាយ នៅថ្ងៃ​ទី ព្រហស្បតិ៍ ទី ១៨​មីនា អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International បាន​រិះគន់​អាជ្ញាធរ​ចិន​ថា បាន​ចាប់ បំបែក ដោយ​បង្ខំ កូនៗ​ពី​ឪពុកម្តាយ​ជាតិ​អ៊ុយហ្គួរ នៅ ខេត្ត​ស៊ីនជាំង។

តាមរយៈ ការស្រាវជ្រាវ និង​ជួបសម្ភាសន៍​ជាមួយ ជនជាតិ​អ៊ុយហ្គួរ ចំនួន ៦គ្រួសារ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន នៅ ប្រទេស​អ៊ីតាលី អូស្ត្រាលី ហូឡង់ កាណាដា និង​តួកគី ​​អង្គការ​Amnesty ដែល​បាន​រកឃើញថា កុមារ​ជាច្រើន​នាក់ (មានក្មេងអាយុ​៥ឆ្នាំ) ដែល​បាន​បែក​ពី​ឪពុកម្តាយ (ដែល​បាន​រត់គេចខ្លួន​ចេញពី​ខេត្ត​ស៊ីនជាំង) ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់បញ្ជូន​ទៅ​ដាក់​មណ្ឌលកុមារ​កំព្រា របស់​រដ្ឋ​ក្នុង​ខេត្ត​ស៊ីនជាំង។

ប្តីប្រពន្ធ​អ៊ុយហ្គួរ​ពីរនាក់ គឺ Mihiban Kader និង​Ablikim Memtinin ដែល​កំពុង​និរទេស​ខ្លួន នៅ​ប្រទេស​អ៊ីតាលី​បាន​និយាយ​ប្រាប់ អង្គការ​សិទ្ធិមនុស្ស​ថា នៅពេល ពួកគេ​បង្ខំចិត្ត រត់ចាកផ្ទះសម្បែង ដើម្បី​គេចខ្លួន​ចេញពី​ការធ្វើបាប​របស់​ប៉ូលិស នៅក្នុង​អំឡុង​បង្រ្កាប​ខ្លាំង​នៅ​ខេត្ត​ស៊ីនជាំង នៅ​ឆ្នាំ ២០១៧ កូនៗ​របស់ពួក ចំនួន ៤នាក់ ត្រូវ​បាន​ផ្ទុកផ្តាក់​ឲ្យ​រស់នៅ​ជាមួយ​ជីដូនជីតា។ នៅពេល​ពួកគេ​បាន​ទទួលសិទ្ធិ​រស់នៅ​អ៊ីតាលី ពួកគេ​បានដាក់ពាក្យ​ធានា​យកកូនៗ ទាំង ៤​មករស់នៅ​ជាមួយ នៅអ៊ីតាលី ប៉ុន្តែ ប៉ូលិស​ចិន​ចាប់ស្ទាក់ មិន​ឲ្យ​កូនៗ​របស់ពួកគេ​ចាកចេញពី​ខេត្ត​ស៊ីនជាំង។ ចុងក្រោយ មកនេះ គេ​បាន​ទទួល​ដំណឹងទៀត​ថា ជីដូន ត្រូវគេ​ចាប់បញ្ជូន​ទៅ មណ្ឌលអប់រំ​លត់ដំ ចំណែក​ជីតា ត្រូវ​ប៉ូលិស​ចិន​ចាប់ឃុំ សួរចម្លើយ។ ដោយសារ​គ្មាន​សាច់ញាតិ​ណាម្នាក់ ហ៊ាន​ចេញ​មុខ​យក​កូនៗ​របស់ពួកគេ​ទៅ​ចិញ្ចឹម ដោយសារ​ខ្លាច​ប៉ូលិស​ចាប់បញ្ជូន​ទៅ​ជំរំលត់ដំ កូនៗ​ទាំង​៤​របស់ពួកគេ ត្រូវ​បាន​អាជ្ញាធរខេត្ត​ស៊ីនជាំង ចាប់បញ្ជូន​ទៅ​ដាក់​មណ្ឌលកុមារកំព្រា​របស់​រដ្ឋ។ អ្វីដែល​ពួកគេ​បារម្ភខ្លាចខ្លាំង គឺកូនៗ​របស់ពួកគេ​នឹង​អាច​ត្រូវ​គេលាងខួរក្បាល ទៅតាម​យុទ្ធសាស្រ្ត​​របស់រដ្ឋាភិបាល​ចិន ដែល​ចង់​បំបាត់​វប្បធម៌ សាសនា អត្តសញ្ញាណ​របស់ជនជាតិ​ភាគតិច​នៅប្រទេស​ចិន។

សម្រាប់​លោកស្រី Cécile Coudriou ប្រធាន​អង្គការ​Amnesty International នៅប្រទេស​បារាំង ជនជាតិ​អ៊ុយហ្គួរ​កំពុងស្ថិតក្នុង​គ្រោះ​ទុក្ខ​ពីរ គឺ រងការធ្វើទុក្ខបុកម្នេញ ដោយសារ​តែ​ពួកគេ​ជនជាតិ​អ៊ុយហ្គួរ ។ និង​មួយទៀត គឺ​ត្រូវ​បែកព្រាត់ រស់នៅ​ឆ្ងាយ ពីកូន ដែល​ត្រូវ​គេ​ចាប់បង្ខំឲ្យ​​ទៅរស់នៅ​មណ្ឌលក្មេងកំព្រា។

សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International ដោយ​មាន​ចេតនា បំបែកបំបាក់​មិន​ឲ្យ​កូនរស់នៅ​ជួបជុំ​ជាមួយ​ឪពុកម្តាយ  អាជ្ញាធរ​ចិន​បាន​រំលោភ​សិទ្ធិជា​មូលដ្ឋាន​របស់​កុមារ ដែល​មាន​ចែង​នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិកុមារ។ Amnesty International បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ ទៅលើ​អាជ្ញាធរ​ចិន​ឲ្យ​ដោះលែង និង​បញ្ជូន កូនក្មេង​ឲ្យរស់នៅ​ជួបជុំ​ជាមួយ​ឪពុកម្តាយ។

នៅមុន​របាយការណ៍​របស់​អង្គការ​Amnesty ទីក្រុង​ប៉េកាំង​បានរងរិះគន់​រួចហើយថា បានធ្វើទុក្ខបុកម្នេញ ​រំលោភ​សិទ្ធិ​ជនជាតិ​អ៊ុយហ្គួរ និង​ជនជាតិ​ដទៃទៀត​នៅ​ខេត្ត​ស៊ីនជាំង ដែល​នៅក្នុង​នោះ​មានតាំង​ពីការចាប់ឲ្យធ្វើការ​ដោយ​បង្ខំ ចាប់គ្រៀវ និង​រំលោភផ្លូវភេទ​លើ​ស្រ្តីអ៊ុយហ្គួរ នៅ​មណ្ឌលឃុំឃាំង។ រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​បដិសេធ​ការចោទប្រកាន់ ប៉ុន្តែ ក្រោយមក បាន​ទទួលស្គាល់​ថា ពិតជា​មានមណ្ឌល ដាក់​ជនជាតិ​អ៊ុយហ្គួរ ដែល​មាន​គោលដៅ អប់រំ លត់ដំ ដើម្បី​កុំ​ឲ្យពួកគេ ធ្លាក់ខ្លួន ទៅក្នុង​ចលនាភេរវនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ