អ.ស.ប.៖ ជនភៀសខ្លួនភូមា ឡើងដល់ជិត ៣ លាននាក់
នៅប្រទេសភូមា ជនភៀសខ្លួនព្រោះតែភ្នក់ភ្លើងសង្គ្រាម មានចំនួនកើនច្រើនឡើងៗពីមួយថ្ងៃទៅមួយ។ បើតាមទិន្នន័យរបស់ អង្គការសហប្រជាជាតិ ចំនួនជនភៀសខ្លួនភូមា ឡើងដល់ជិត ៣ លាននាក់ ត្រឹមខែឧសភា។ នា៦ខែចុងក្រោយនេះ មានសន្ទុះភៀសខ្លួនកាន់តែខ្លាំង ព្រោះតែដរចេញពីការវាយប្រហារប្រឆាំងរបបសឹកភូមា ពីសំណាក់កម្លាំងទ័ពក្រុមជនជាតិភាគតិច។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៨
ប្រទេសភូមា ក្នុងឆ្នាំ២០២៤ បានធ្លាក់ចូលនៅក្នុងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងន់ខ្លាំងណាស់។ នេះបើតាមការគូសបង្ហាញរបស់ អង្គការសហប្រជាជាតិ ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដើមសប្តាហ៍។ តាមប្រភពដដែល, គិតចាប់ពីដើមឆ្នាំ២០២១ តាំងពីពេលដែលឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារឡើងកាន់ក្តាប់អំណាចរដ្ឋ មកទល់នឹងគ្រានេះ យ៉ាងហោច ប្រជាពលរដ្ឋ ប្រមាណជាង ២ លាន ៧ សែននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចោលលំនៅដ្ឋានផ្ទះសម្បែង ដើម្បីគេចចេញពីសង្គ្រាមស៊ីវិល និងអំពើហិង្សាបង្ហូរឈាម។ ក្នុងចំណោមគ្រួសារជនភៀសខ្លួន ជិត ៣ លាននាក់នេះ មាន១ភាគ៣ សុទ្ធសឹងជាកូនក្មេង។ ពួកគេនិរទេសភៀសខ្លួនទៅកាន់ប្រទេសក្បែរខាង ដូចជា ថៃ ឥណ្ឌា និងបង់ក្លាដែស ជាដើម។ នៅជំរំភៀសខ្លួនបង់ក្លាដែស សម្បូរដោយជនជាតិរ៉ូហីងយ៉ា ណែនណាន់តាន់តាប់។ ស្ថានភាពទ្រាំទ្រលែងបានហើយ ដែលបង្ខំចិត្តឲ្យពួកគេប្រថុយជីវិតជាថ្មី តាមផ្លូវសមុទ្រ ទៅកាន់ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
អ្វីដែលកត់សម្គាល់ខ្លាំង ស្ទើរតែពាក់កណ្តាលនៃជនភៀសខ្លួន ជិត៣លាននាក់នោះ គឺនាំគ្នាសម្រុកភៀសខ្លួនខ្លាំងមែនទែន នាអំលុងពេល ៦-៧ ខែចុងក្រោយ។ នេះក៏ព្រោះតែភ្នក់ភ្លើងសង្គ្រាមស៊ីវិលកាន់តែឆេះរោលខ្លាំងឡើងៗ។ ក្រុមសម្ព័ន្ធប្រដាប់អាវុធជនជាតិភាគតិច ៣ក្រុម រួមសាមគ្គីគ្នា បានបើកការវាយប្រហារសម្រុកប្រឆាំងនឹងកម្លាំងយោធាភូមា ចាប់ពីខែតុលា ឆ្នាំ២០២៣។ ជាហេតុធ្វើឲ្យ របបសឹកភូមាបានបាត់បង់មូលដ្ឋានយោធា ជាច្រើន និងបាត់បង់តំបន់ច្រកផ្លូវដង្ហើមពាណិជ្ជកម្មរបស់ខ្លួន ជាមួយ ចិន។
កម្លាំងក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបសឹកភូមា ក៏បានរីករាលដាលច្រើន និងកាន់តែកើនកម្លាំងខ្លាំង ព្រោះតែបានជំនួយថវិកានិងសម្ភារៈពីសំណាក់រដ្ឋាភិបាលស្រមោល។ រដ្ឋាភិបាលស្រមោលភូមា មានក្រុមអតីតអ្នកនយោបាយរបបចាស់ ចូលរួមផង។ នៅក្បែរព្រំដែន បង់ក្លាដែស និងឥណ្ឌា មូលដ្ឋានទីតាំងយោធាភូមាមួយចំនួន ក៏ត្រូវក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបសឹក យកដណ្តើមខ្លះដែរ។ រីឯ នៅព្រំដែនថៃ ក៏មានក្រុមជនជាតិភាគតិចងើបបះបោរប្រឆាំងទៀត។
នៅដើមខែមេសា ឆ្នាំ២០២៤ បណ្តាញព័ត៌មានអង់គ្លេស BBC បានផ្សព្វផ្សាយថា ពួកក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបសឹកភូមា បានវាយលុក ស្ទើរតែ ៦០% នៃផ្ទៃប្រទេស។ សូម្បីតែមូលដ្ឋានយោធារដ្ឋធានីណៃពិដោរ និងស្ថាប័នសាធារណៈរបបសឹកភូមា ក៏ឋិតនៅក្នុងផ្ទាំងស៊ីបរបស់កម្លាំងបះបោរដែរ។
ភូមា មានប្រជាជនប្រមាណ ៥៤ លាននាក់។ មនុស្សស្លាប់រាប់ពាន់នាក់ព្រោះតែសង្គ្រាមស៊ីវិល ហើយ អង្គការសហប្រជាជាតិ បញ្ជាក់ទៀតថា ជនជាតិភូមា យ៉ាងតិច ១២,៩ លាននាក់កំពុងតែខ្វះស្បៀងអាហារទទួលទាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ