អានតួអត្ថបទ
ចិន-ភេរវកម្ម

ចិន៖មានស្លាប់ ៤នាក់ និងរបួស ៥នាក់នៅក្នុងអំពើភេរវកម្មប្រឆាំងនឹងអាគាររដ្ឋបាល

នៅ​ក្នុង​ប្រទេស​ចិន មាន​មនុស្ស​ស្លាប់ ៤នាក់ និង​របួស ៥នាក់​នៅ​ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ច្នៃ​នៅ​ក្នុង​អាគារ​រដ្ឋបាល​មួយ​នៃ​ក្នុង​ស្រុក​ម៉ីងជីង​ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស។ ប៉ូលិស​ស្រុក​ម៉ីងជីង​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញសង្គម​ថា ជន​ដែល​បាន​បង្ក​អំពើ​ភេរវកម្ម​បំផ្ទុះ​ដាក់​គ្រាប់បែក​ច្នៃ​នៅ​ក្នុង​អាគារ​នោះ​ជា​បុរស​ម្នាក់​អាយុ ៥៩ឆ្នាំ ហើយ​រូប​គេ​ក៏​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ។ បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ក្នុង​ស្រុក អំពើភេរវកម្ម​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​ដែល​រដ្ឋ​បាន​រឹបអូស​ពី​ប្រជាជន​ដើម្បី​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍន៍។

ក្រុមប៉ូលិសចិន
ក្រុមប៉ូលិសចិន AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ស្រុក​ម៉ីងជីង​ជា​ស្រុក​មួយ​ស្ថិត​ក្បែរ​ខេត្ត​កង់តុង និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ​តែ ៣ ០០០នាក់​ប៉ុណ្ណោះ។ តែ​ស្រុក​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ធ្វើ​កំណែទម្រង់​ដីធ្លី និង​ការ​ធ្វើ​នគរោបនីយកម្ម។ គេហទំព័រ​ព័ត៌មាន​មួយ​បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​ខ្ទេចខ្ទីរ​របស់​ការិយាល័យ​មួយ​ជាមួយ​នឹង​ឈាម​ជាប់​នឹង​ជញ្ជាំង រួម​ទាំង​មនុស្ស​ដេកស្លាប់​ចំនួន ២នាក់។ ចំណែក​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​បញ្ជាក់​ថា ការិយាល័យ​ដែល​បាន​រង​ការវាយប្រហារ​ជា​ការិយាល័យ​របស់​គណៈកម្មាធិការ​ស្រុក​ទទួល​បន្ទុក​ចាត់ចែង និង​សម្រេច​ក្នុង​រឿង​កម្មសិទ្ធិដីធ្លី។

កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ រដ្ឋអំណាច​ស្រុក​បាន​ប្រគល់​ដី​ចំនួន ១១០ហិចតា​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដើម្បី​បង្កើត​ស្រុកចំណាស់​មួយ​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍ នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ប្រចាំថ្ងៃ​ក្នុង​ខេត្ត​កង់តុង។ តែ​បញ្ហា​នៅ​ត្រង់​ថា គម្រោង​បង្កើត​ស្រុក​ចំណាស់​មួយ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ១លាន​អឺរ៉ូ​មួយ​នេះ​ត្រូវ​ការ​ដី​ដែល​ប្រជាជន​កំពុង​រស់នៅ និង​ត្រូវ​រក​ទីតាំង​ថ្មី​ឲ្យ​ពួក​គេ​រស់នៅ​ដោយ​មាន​ការ​បង់លុយ​បន្ថែម​ជា​សំណង។ ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ​បាន​បញ្ជាក់​នៅ​លើ​បណ្តាញសង្គម​ថា អំពើភេរវកម្ម​ពេល​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណង​ផ្សេងៗ​ដែល​កើត​ចេញ​ពី​ការ​ដោះដូរ​ដី​រវាង​រដ្ឋអំណាច​ស្រុក និង​ប្រជាជន។

តែ AFP មិន​អាច​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​នេះ​បាន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន រឿង​រដ្ឋ​យក​ដី​ប្រជាជន​ដោយ​បង្ខំ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​លុយ​តិចតួច ឬ​មិន​ឲ្យ​សោះ​តែង​ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​រដ្ឋអំណាច និង​ប្រជាពលរដ្ឋ។ ការ​សិក្សា​មួយ​ធ្វើ​ដោយ​សកលវិទ្យាល័យ​ហុងកុង​ឲ្យ​ដឹង​ថា​ក្នុង​ចន្លោះ​ឆ្នាំ ២០០៥ និង ២០១៥ មាន​ប្រជាកសិករ​ពី ១លាន​ទៅ ៥លាននាក់​ត្រូវ​បាន​រដ្ឋ​យក​ដីស្រែ​របស់​ពួក​គេ​ជា​រៀងរាល់​ឆ្នាំ​ដែល​ពេល​ខ្លះ​មិន​បាន​ឲ្យ​ប្រាក់សំណង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ