អានតួអត្ថបទ
ចិន

Global Times៖​ចិន​បាន​បញ្ជៀស​មហាសោកនាដកម្ម​នៅ​ក្នុង​តំបន់​ស៊ីនជាំង

នៅ​ក្នុង​ប្រទេស​ចិន កាសែត​ផ្លូវការ​ឈ្មោះ Global Times ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ ទី១៣ សីហា​បាន​បញ្ជាក់​ថា នយោបាយ​សន្តិសុខ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​តំបន់​ស៊ីនជាំង​បាន​ចូលរួម​បញ្ជៀស​មហា​សោកនាដកម្ម​នៅ​ក្នុង​តំបន់​ស្ថិត​ប៉ែក​ខាងលិច​បង្អស់​នៃ​ប្រទេស។ អត្ថបទ​របស់ Global Times ជា​ចម្លើយ​សាធារណៈ​លើកទី១ របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ពាក្យ​រិះគន់ ទិតៀន​របស់​ក្រុម​អ្នកស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។

ប៉ូលិស​ចិន​ក្នុង​តំបន់​ស៊ីនជាំង
ប៉ូលិស​ចិន​ក្នុង​តំបន់​ស៊ីនជាំង AFP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន​ដែល​គណៈកម្មាធិការ​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​ព័ត៌មាន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ជា​ច្រើន​ដែល​បញ្ជាក់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ស៊ីនជាំង​ពី​សំណាក់​រដ្ឋអំណាច​ចិន។ តាម​គណៈកម្មាធិការ​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ មាន​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ចំនួន ១លាននាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំ​ក្នុង​ជំរំ​មួយ​ដ៏​ធំ​ក្រោម​ហេតុផល​លាក់ការ​សម្ងាត់។ លោកស្រី Gay McDougall សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​ដើម្បី​បំបាត់​ភាព​រឹងអើង​ពូជសាសន៍​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ភាគតិច​ចំនួន ២លាននាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​ពួក​អ៊ុយហ្គួរ និង​ជាតិពិន្ធុ​ផ្សេង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទៅ​រស់នៅ​ក្នុង​ជំរំ​អប់រំ​នយោបាយ។

សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​វិសាមញ្ញ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែល​បើក​ធ្វើ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​បាន​បិទ​បញ្ចប់​ក្នុង​ថ្ងៃ​ចន្ទ ទី១៣ សីហា​នេះ​ដោយ​មាន​ប្រតិភូ​ចិន​ចូលរួម​ប្រមាណ​ជា ៥០នាក់។ តែ​គណៈប្រតិភូ​ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ចំពោះ​ព័ត៌មាន​ដែល​លើក​ឡើង​ដោយ​គណៈកម្មាធិការ​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ។ ប្រតិកម្ម​ផ្លូវការ​របស់​ចិន​បាន​ធ្វើ​ឡើង​ដោយ​កាសែត Global Times ដែល​អះអាង​ថា ការ​រិះគន់ ទិតៀន​លើ​ស្ថានការណ៍​ក្នុង​តំបន់​ស៊ីនជាំង​មាន​គោលដៅ​បង្ក​ភាព​បះបោរ និង​ចលាចល។ តាម Global Times សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ស៊ីនជាំង​សព្វថ្ងៃ​ជា​លទ្ធផល​បាន​មក​ពី​ការ​អនុវត្តន៍​នយោបាយ​តឹងរឹង​របស់​រដ្ឋាភិបាល​ចិន និង​ថា បើ​កុំ​តែ​មាន​នយោបាយ​មួយ​នេះ ម្ល៉េះ​ស្ថានការណ៍​តំបន់​របស់​ចិន​មួយ​នេះ​នឹង​ក្លាយ​ដូច​នៅ​ប្រទេស​លីប៊ី ឬ​ស៊ីរី។

កាសែត​ផ្លូវការ​ចិន​ដដែល​បាន​សរសេរ​បន្ថែម​ថា ការ​រៀបចំ​ឲ្យ​មាន​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ​នៅ​តំបន់​ស៊ីនជាំង​ពី​សំណាក់​រដ្ឋអំណាច​ចិន និង​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ចូលរួម​ជួយ​បញ្ជៀស​មហា​សោកនាដកម្ម និង​បាន​ជួយ​ស្រោចស្រង់​ជិវិត​មនុស្ស​ជា​ច្រើន​នាក់។ គួរ​រម្លឹក​ជូន​ថា​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក រដ្ឋាភិបាល​ចិន​បាន​អះអាង​ពី​ការ​គំរាមកំហែង​របស់​ពួក​អ៊ីស្លាមនិយមជ្រុល​នៅ​ក្នុង​តំបន់​ស៊ីនជាំង និង​ថា ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​តែង​ព្យាយាម​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រវាង​ក្រុម​ជនជាតិ​ភាគតិច​អ្នក​កាន់សាសនា​អ៊ីស្លាម ពួក​អ៊ុយហ្គួរ និង​ពួក​ហាន​ដែល​ជា​ជនជាតិ​ចិន​ភាគ​ច្រើន​នៅ​ចិន​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ