អានតួអត្ថបទ
កូរ៉េខាងជើង-មីស៊ីល

ហេតុអ្វីប្រទេស​លោកខាងលិច​ចេញមុខ​ព្រមាន នៅក្រោយកូរ៉េខាងជើង​បាញ់ “អាវុធធុនទំនើបថ្មី”?

ប៉ុន្មានថ្ងៃក្រោយ បាញ់មីស៊ីល​ចម្ងាយជិត ដែលអាមេរិក​មិនសូវ​ផ្តោតចំណាប់អារម្មណ៍ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល ២គ្រាប់ ម្តងទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ការបាញ់សាកល្បង “អាវុធធុនទំនើបថ្មី” របស់​ក្រុងព្យុងយ៉ាង បាន​បង្ក​ឲ្យមានប្រតិកម្ម ជាបន្តបន្ទាប់​ពីប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក។ អាមេរិក​ដែល​បាន​ទាមទារ​ឲ្យមានការកោះប្រជុំបន្ទាន់ នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃសុក្រនេះ។

ទីភ្នាក់ងារកូរ៉េខាងជើង KCNA បង្ហាញរូបភាព​ បាញ់​សាកល្បង​អាវុធ​ធុនទំនើបថ្មី​របស់​កូរ៉េខាងជើង នៅថ្ងៃ ព្រហស្បតិ៍ ទី ២៥ មីនា ២០២១។​
ទីភ្នាក់ងារកូរ៉េខាងជើង KCNA បង្ហាញរូបភាព​ បាញ់​សាកល្បង​អាវុធ​ធុនទំនើបថ្មី​របស់​កូរ៉េខាងជើង នៅថ្ងៃ ព្រហស្បតិ៍ ទី ២៥ មីនា ២០២១។​ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

ផ្ទុយពី​ការបាញ់សាកល្បង​មីស៊ីល​ចម្ងាយជិត កាលពី​ថ្ងៃ​អាទិត្យ ដែល​អាមេរិក និង​កូរ៉េខាងត្បូង ជាអ្នកជូនដំណឹង កូរ៉េខាងជើង បាន​ចេញមុខ​ប្រកាស​ដោយ​ខ្លួនឯង នៅថ្ងៃ​សុក្រនេះ ពីការបាញ់​សាកល្បង​ដោយជោគជ័យ អាវុធធុន​ទំនើបថ្មី​របស់ខ្លួន កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

តាមទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA ដែល​ទីក្រុង​សេអ៊ូល​បានទទួល និង​ផ្សព្វផ្សាយ​បន្ត​ទៅអ្នកកាសែត ការបាញ់សាកល្បង អាវុធ​ធុនទំនើបថ្មី ពីរគ្រឿង ធ្វើឡើង ក្រោម​ការតាមដាន​របស់​មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង លោក Ri Pyong Chol។ មន្រ្តីជាន់ខ្ពស់​រូបនេះ បាន​ប្រកាស​ដែរថា ការធ្វើតេស្ត​សាកល្បង​លើកនេះ សំខាន់ណាស់​សម្រាប់​កែលម្អ​សមត្ថភាព​កងទ័ព​កូរ៉េខាងជើង ឲ្យកាន់​ប្រសើរឡើង និង​ដើម្បី ទប់ស្កាត់​រាល់​ការគំរាមកំហែង យោធា នៅ​ឧបទ្វីបកូរ៉េ។

ទីភ្នាក់ងារព័ត៌មាន​ផ្លូវរដ្ឋ​កូរ៉េខាងជើង មិនបាន​ប្រើពាក្យ មីស៊ីល​បាលីស្ទិក សម្រាប់​សំគាល់​អាវុធ ដែល​គេ​បាន​បាញ់​ទៅក្នុង​សមុទ្រ​ជប៉ុន​នោះទេ។ តាម​ទីភ្នាក់ងារ​KCNA ដដែល អាវុធ​ធុនទំនើបថ្មី បាន​ហោះ​ក្នុង​ចម្ងាយ ៦០០គីឡូម៉ែត្រ និង​មាន​សមត្ថភាព​ផ្ទុកវត្ថុទម្ងន់ ២,៥តោន។

នៅថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ទីបញ្ជាការអន្តរយោធា​កូរ៉េខាងត្បូង នាយករដ្ឋមន្រ្តី​ជប៉ុន លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា Yoshihide Suga​បាន​ចេញមុខ​ប្រកាស​ថា អាវុធ​ធុនទំនើបថ្មី​ដែលព្យុងយ៉ាង​បាន​បាញ់​កាលពី​ម្សិលមិញ គឺ​ជា​មីស៊ីល​បាលីស្ទិក និងថា សន្តិភាព សន្តិសុខ នៅ​ជប៉ុន និង​នៅក្នុង​តំបន់​កំពុង​រងការគំរាមកំហែង នៅក្រោយ ការបាញ់​មីស៊ីល ២គ្រាប់​របស់​កូរ៉េខាងជើង។

តាមលោក Vipin Narang អ្នកជំនាញ​អាមេរិក​នៅវិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​Massachusetts អាវុធ​ធុនទំនើប​ថ្មី​ដែលកូរ៉េខាងជើង បាញ់​សាកល្បង​កាលពីម្សិលមិញ អាច​ជាមីស៊ីល​ដែល​ព្យុងយ៉ាង​បាន​បង្ហាញ​នៅក្នុង​ក្បួនព្យុហយាត្រាទ័ព កាលពីខែ​មករាកន្លងទៅ។ ដោយ​អាច​ផ្ទុកវត្ថុ ទម្ងន់ ២,៥តោន គេ​អាច​សន្និដ្ឋាន​ថា មីស៊ីល​មាន​សមត្ថភាព ផ្ទុកក្បាលគ្រាប់បែកនុយក្លេអ៊ែរ។

អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច ​ហាមប្រាម​កូរ៉េខាងជើង មិន​ឲ្យបន្ត​កម្មវិធី​ផលិត​មីស៊ីលបាលីស្ទិក និង​គ្រាប់បែកនុយក្លេអ៊ែរ។ ការបាញ់​សាកល្បង មីស៊ីលបាលីស្ទិក នៅ​ថ្ងៃ ព្រហស្បតិ៍ បាន​ទាញចំណាប់អារម្មណ៍​របស់​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​បាន​ព្រមាន​កូរ៉េខាងជើង ពីផល​វិបាក បើសិនជា​នៅតែបន្ត​បង្កើតភាពតានតឹង។ លោកចូ បៃដិន បាន​និយាយ​ថា លោកត្រៀមខ្លួន បង្កើត​ការពិភាក្សា​ផ្លូវទូត​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​ក្នុង​លក្ខខណ្ឌដែល​កូរ៉េខាងជើង​យល់ព្រម​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ។

បារាំង អង់គ្លេស និងអាល្លឺម៉ង់ បាន​ទាមទារឲ្យ​កូរ៉េខាងជើង លះបង់​ចោល​ការបាញ់សាកល្បងអាវុធ និង​ត្រូវ​ប្រញាប់​ចរចា​ជាមួយ អាមេរិក។ អាមេរិក​ដែល​បាន​សុំ​ឲ្យ​គណៈកម្មការ​ដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ កោះប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​សុក្រ ដើម្បី និយាយ​ពី​ការបាញ់​សាកល្បង​មីស៊ីលបាលីស្ទិក​ចុងក្រោយ របស់កូរ៉េខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ