អានតួអត្ថបទ
ថៃ-កូវីដ១៩

ថៃ៖អាជ្ញាធរខេត្តមួយចំនួនបានចេញវិធានការរឹតបន្តឹងដើម្បីទប់ការឆ្លងកូវីដ១៩ ក្នុងពេលចូលឆ្នាំថ្មី

នៅ​ក្នុង​ប្រទេស​ថៃ អាជ្ញាធរ​ខេត្ត​ចំនួន ៣៨ខេត្ត​ក្នុង​ចំណោម ៧៧ខេត្ត​បាន​ចេញ​វិធានការ​រៀងៗ​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខាង​មុខ។ នៅ​ក្នុង​វិធានការ​នេះ ប្រជាជន​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក និង​ពី​ខេត្ត​ផ្សេង​ចូល​ទៅ​កាន់​ខេត្ត​ទាំង ៣៨ខេត្ត​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ពី ១០ថ្ងៃ​ទៅ ១៤ថ្ងៃ។ វិធានការ​របស់​ខេត្ត​មួយ​ចំនួន​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ករណី​ឆ្លង​ថ្មី​នៅ​មាន​ចំនួន​ច្រើន។ ជាក់ស្តែង​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ មេសា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៩៦៧ករណី។

នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ ចាន់អូចា AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​បាងកក​ជា​ប្រភព​នៃ​រលកឆ្លង​កូវីដ១៩ លើក​ទី៣ ដោយ​នៅ​ក្នុង​ខែ​មេសា​នេះ មាន​អ្នក​ឆ្លង​ជាង ១ ០០០នាក់។ បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃទី១២ មេសា​នៅ​ទូទាំង​ប្រទេស មាន​អ្នក​វិជ្ជមាន​កូវីដ១៩ ជាង ៤ ០០០នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ អគ្គនាយក​នៃ​នាយកដ្ឋាន​សេវាកម្ម​សុខាភិបាល​បាន​បញ្ជាក់​ពី​វត្តមាន​ចរាចរណ៍​វីរុសកូវីដ១៩ បំប្លែងខ្លួន​ដែល​មាន​អត្រា​ឆ្លង​ខ្លាំង។ តាម​អគ្គនាយក​រូប​នេះ​ដដែល ក្រៅ​ពី​មន្ទីរពេទ្យ រដ្ឋាភិបាល​បាន​បង្កើត​ទីតាំង​មួយ​ចំនួន​ដែល​អាច​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ បាន​រហូត​ដល់​ទៅ ៣ ០០០នាក់។ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី១៣ មេសា ការ​រៀបចំ​ពីធី​ជា​ច្រើន​ត្រូវ​បាន​កាត់​បន្ថយ និង​លុបចោល។

ជាក់ស្តែង​ក្នុង​ទីក្រុង​បាងកក អាជ្ញាធរ​ក្រុង​បាន​លុបចោល​ការ​រៀបចំ​ពិធី​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ចៀសវាង​ការ​ជួបជុំ។ ចំណែក​នាយករដ្ឋមន្រ្តី​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​អំពាវនាវ​ក្នុង​ថ្ងៃ​សៅរ៍ ទី១០ មេសា​ឲ្យ​ប្រជាជន​នៅ​ផ្ទះ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​កុំ​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ដែល​ទាក់ទាញ​ហ្វូង​មនុស្ស ដូច​ជា​ការ​ជះទឹក​ជា​ដើម។ ក្នុង​ថ្ងៃ​សុក្រ ទី៩ មេសា រដ្ឋាភិបាល​បាន​សម្រេច​បិទទ្វារ​ទីកន្លែងកំសាន្ត​នានា​នៅ​ក្នុង ៤១ខេត្ត​សម្រាប់​រយៈ​ពេល ២សប្តាហ៍។ តាម​ធម្មតា​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី មាន​ប្រជាជន​ថៃ​ជា​ច្រើន​ពាន់នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ជាមួយ​ក្រុម​គ្រួសារ។

ជា​ផ្លូវការ រដ្ឋាភិបាល​មិន​បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បម្លាស់ទី​របស់​ប្រជាជន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទេ។ តែ​ក្នុង​ថ្ងៃ​អាទិត្យ ទី១២ មេសា មាន​ខេត្ត​ចំនួន ៣៨ខេត្ត​ក្នុង​ចំណោម​ខេត្ត​ទាំង ៧៧ខេត្ត​របស់​ថៃ​បាន​ចេញ​វិធានការ​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩ នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ វិធានការ​បាន​តម្រូវ​ឲ្យ​ប្រជាជន​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​បាងកក និង​ពី​ខេត្ត​ផ្សេងៗ​ទៅ​កាន់​ខេត្ត​ទាំង ៣៨ខេត្ត​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ពី ១០ថ្ងៃ​ទៅ ១៤ថ្ងៃ។

គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី១១ មេសា ថៃ​មាន​អ្នក​ឆ្លង​កូវីដ១៩ សរុប​ចំនួន ៣២ ០០០នាក់ និង​អ្នក​ស្លាប់ ៩៧នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ