អានតួអត្ថបទ
ថៃ-កូវីដ១៩

ថៃ៖រដ្ឋាភិបាលបិទសកម្មភាពសេដ្ឋកិច្ចមិនចាំបាច់ក្នុងក្រុងបាងកកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩

នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋាភិបាល​បាន​បន្ត​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ សាឡុងម៉ាស្សា ក្លឹបកំសាន្ត ហាងកាហ្វេ និង​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​បាងកក​ត្រូវ​បិទទ្វារ​មួយ​រយៈ​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី២ មករា។ ចំណែក​ការ​លក់​គ្រឿងស្រវឹង​ក្នុង​ទីក្រុង​បាងកក​ក៏​នឹង​ត្រូវ​ហាមឃាត់​មួយ​រយៈ​ដែរ។ វិធានការ​ចាស់ដៃ​របស់​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​សន្ទុះ​នៃ​ការ​ឆ្លង​កូវីដ១៩ នៅ​ក្នុង​សហគមន៍​ដែល​មាន​ប្រភព​ចេញ​ពី​ផ្សារ​លក់​គ្រឿងសមុទ្រ​ឈ្មោះ​ម៉ាហាឆៃ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។

នៅថៃ រដ្ឋាភិបាលបិទសកម្មភាពសេដ្ឋកិច្ចមិនចាំបាច់ក្នុងក្រុងបាងកកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩
នៅថៃ រដ្ឋាភិបាលបិទសកម្មភាពសេដ្ឋកិច្ចមិនចាំបាច់ក្នុងក្រុងបាងកកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ AP - Chalida Ekvitthayavechnukul
ផ្សាយពាណិជ្ជកម្ម

វិធានការ​នៅ​ក្នុង​ជំហាន​ដំបូង​ដែល​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី២ មករា គឺ​ការ​បិទ​សកម្មភាព​មិន​ចាំ​បាច់​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​បាងកក ដូច​ជា​សាឡុងម៉ាស្សា ក្លឹបកំសាន្ត ហាងកាហ្វេ ភោជនីយដ្ឋាន ហាង​សំអាង កន្លែង​ហាត់​កីឡា​គ្រប់​ប្រភេទ។ ទន្ទឹម​គ្នា​នេះ ការ​លក់​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​ក៏​នឹង​ត្រូវ​ហាម​ឃាត់​នៅ​ក្នុង​ទីក្រុង​បាងកក​ដែរ។ ក្រុង​បាងកក​ដែល​រដ្ឋអំណាច​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ២ ៦០០ករណី​នា​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ ហើយ​បើ​គិត​នៅ​ទូទាំង​ប្រទេស គឺ​មាន​ជាង ៧ ៣០០ករណី។ នៅ​ថ្ងៃ​សុក្រ ទី១ មករា រដ្ឋអំណាច​ក្រុង​បាងកក​បាន​ប្រកាស​បិទសាលារៀន​រដ្ឋ​ចំនួន ២សប្តាហ៍។

អ្នក​នាំ​ពាក្យ​ក្រុម​ការងារ​ទទួល​បន្ទុក​ជំងឺ​កូវីដ១៩ បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ចង់​ប្រើ​វិធានការ​ចាស់ដៃ ដូច​ជា​ការ​បិទខ្ទប់​ប្រទេស​ទាំង​ស្រុង ឬ​មួយ​បំរាមគោចរ​ទេ តែ​បាន​ជ្រើស​យក​វិធានការ​ផ្ទាំងស៊ីប​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ តាម​អ្នក​នាំ​ពាក្យ​ក្រុម​ការងារ​ទទួល​បន្ទុក​ជំងឺ​កូវីដ១៩ រូប​នេះ​ដដែល វិធានការ​រឹតបន្តឹង និង​ការ​បិទខ្ទប់​នៅ​កន្លែង​ផ្សេង​ទៀត​ក្រៅ​ពី​ទីក្រុង​បាងកក​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៤ មករា​រហូត​ដល់​ថ្ងៃទី១ កុម្ភៈ។ គួរ​រម្លឹក​ថា​គិត​រហូត​ដល់​ខែ​វិច្ឆិកា ថៃ​ជា​ប្រទេស​មួយ​ដែល​មាន​ករណី​ឆ្លង​តិចតួច ពោល​មាន​ជាង ៤ ០០០ករណី និង​មាន​ស្លាប់​ចំនួន ៦០នាក់​ប៉ុណ្ណោះ។

តែ​វត្តមាន​ករណី​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ផ្សារ​លក់​គ្រឿងសមុទ្រ​ឈ្មោះ​ម៉ាហាឆៃ​នា​ខែ​ធ្នូ​កន្លង​ទៅ​បាន​ធ្វើ​ករណី​ឆ្លង​មាន​សន្ទុះ​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នៅ​ទូទាំង​ប្រទេស។ មាន ៥៣ខេត្ត​ក្នុង​ចំណោម​៧៧ខេត្ត​របស់​ថៃ​បាន​ស្គាល់​កំណើន​ករណី​ឆ្លង​កូវីដ១៩។ ចំណាត់ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​របស់​រដ្ឋាភិបាល​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច ពិសេស​វិស័យ​ទេសចរណ៍ និង​វិស័យ​នាំ​ចេញ​ដែល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ពឹង​ផ្អែក​ខ្លាំង​សម្រាប់​ចំណូល​សេដ្ឋកិច្ច​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ