អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

សេដ្ឋកិច្ច៖វិស័យនាំចេញរបស់ចិនក្នុងខែវិច្ឆិកា ២០២០ កើនឡើងចំនួន ២១,១%

នៅ​ក្នុង​ប្រទេស​ចិនអគ្គនាយកដ្ឋាន​គយ​បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី៧ ធ្នូ​ថា ការ​នាំ​ចេញ​ទូទៅ​បាន​កើន​ឡើង​ចំនួន ២១,១% ក្នុង​ខែ​វិច្ឆិកា។ កំណើន​វិស័យ​នាំ​ចេញ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​មាន​អតិរេក (ផលសល់)​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន ពិសេស​ជាមួយ​សហរដ្ឋអាមេរិក។ ក្រៅ​ពី​វិស័យ​នាំ​ចេញ វិស័យ​នាំ​ចូល​ចិន​មាន​កំណើន ៤,៥% ក្នុង​ខែ​វិច្ឆិកា ពោល​កើន​លើស​តិចតួច​ធៀប​នឹង​ខែ​តុលា​ដែល​មាន ៤,៧%។

វិស័យនាំចេញរបស់ចិនក្នុងខែវិច្ឆិកា ២០២០ កើនឡើងចំនួន ២១,១%។
វិស័យនាំចេញរបស់ចិនក្នុងខែវិច្ឆិកា ២០២០ កើនឡើងចំនួន ២១,១%។ AP
ផ្សាយពាណិជ្ជកម្ម

កំណើន​វិស័យ​នាំ​ចេញ​បាន​មក​ពី​ការ​នាំ​ចេញ​ច្រើន​នូវ​សម្ភារៈ​បរិក្ខារពេទ្យ។ ក្នុង​ចន្លោះ​ខែ​មករា និង​ខែ​វិច្ឆិកា ការ​នាំ​ចេញ​សម្ភារៈ​បរិក្ខារពេទ្យ​បាន​កើន​ឡើង​ចំនួន ៤២,៥%។ ចំណែក​ផលិតផល​វាយនភ័ណ្ឌ ក្នុង​នោះ​មាន​ម៉ាស​បាន​កើន​ឡើង​ចំនួន ៣៣%។ បុណ្យណូអែល និង​ចូលឆ្នាំ​សកល​ក៏​ជា​ឱកាស​សម្រាប់​វិស័យ​នាំ​ចេញ​របស់​ចិន ពិសេស​ការ​នាំ​ចេញ​នូវ​ផលិតផល​អេឡិចត្រូនិក ហើយ​តម្រូវការ​ផលិតផល​អេឡិចត្រូនិក​នេះ​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដែល​តម្រូវ​ឲ្យ​បុគ្គល​ធ្វើ​ការ​ពី​ផ្ទះ។ តែ​អ្នក​ជំនាញ​បាន​យល់​ឃើញ​ថា ការ​នាំ​ចេញ​នូវ​សម្ភារៈបរិក្ខារ​ពេទ្យ​អាច​នឹង​ធ្លាក់​ចុះ​បន្តិច​វិញ នៅ​ពេល​ដែល​មាន​ថ្នាំវ៉ាក់សាំង។

ដោយឡែក​នៅ​ក្នុង​វិស័យ​នាំចូល ចិន​បាន​ស្គាល់​កំណើន ៤,៥% ក្នុង​វិច្ឆិកា។ តែ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ខែ​តុលា​ដែល​មាន ៤,៧%។ កំណើន​វិស័យ​នាំ​ចេញ​បាន​ធ្វើ​ឲ្យ​ចិន​មាន​ផលលើស​ពាណិជ្ជកម្ម​ច្រើន ពិសេស​ជាមួយ​សហរដ្ឋអាមេរិក។ ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ ទំនិញ​ចិន​នាំ​ទៅ​អាមេរិក​មាន​ទំហំ​ច្រើន​ជាង​ទំនិញ​អាមេរិក​នាំ​ទៅ​ចិន​ដែល​គិត​ជា​ទឹកប្រាក់​កើន​ចំនួន ៣៧ ៤០០លានដុល្លារ ពោល​លើស​ខែ​តុលា​ដែល​មាន ៣០ ៧៥០លានដុល្លារ។ គួរ​បញ្ជាក់​ថា អតិរេក (ផលសល់)​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​បន្ត​កើន​ឡើង​ជា​ដំណឹង​ល្អ​សម្រាប់​ចិន តែ​មិន​ល្អ​សម្រាប់​អាមេរិក។

អតិរេក (ផលសល់)​ពាណិជ្ជកម្ម​នេះ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​លើ​ចិន និង​ជា​ដើមចម​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីតោន​មក​ដល់​សព្វថ្ងៃ។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​ចង់​ឃើញ​ផលលើស​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​មាន​សមភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ