អានតួអត្ថបទ
សេដ្ឋកិច្ចថៃ

ជំងឺកូវីដ​រលកទី២​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ បន្ត​ធ្លាក់ចុះ គួរ​ឲ្យ​កត់សំគាល់

ប្រទេស​ថៃ ដែលកំពុងរងគ្រោះសាជាថ្មី ដោយសារ​ជំងឺកូវីដ រលកទី ២ បាន​កែប្រែ​ឡើងវិញ ​ការព្យាករណ៍​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ ២០២១។ តាម​តួលេខ​ចុះផ្សាយ​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​អភិវឌ្ឍ​សង្គម កាលពី​ថ្ងៃ​ចន្ទ សេដ្ឋកិច្ច​ថៃ នៅត្រីមាសទី១ ឆ្នាំនេះ បាន​បន្ត​ធ្លាក់ចុះ អស់ ២,៦% បើប្រៀបធៀប​នឹង​ត្រីមាស​ទី១​ឆ្នាំមុន។

តូបលក់អាហារ​នៅផ្សារមេឃ ក្នុងក្រុង​បាងកក នៅខែ​មិថុនា ឆ្នាំ ២០២០
តូបលក់អាហារ​នៅផ្សារមេឃ ក្នុងក្រុង​បាងកក នៅខែ​មិថុនា ឆ្នាំ ២០២០ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ ដែល​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃធ្លាក់ចុះអស់ ៦% កាលពី​ឆ្នាំ ២០២០។ បើតាម ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ថៃ នៅ​ត្រីមាសទី១​ដើម​ឆ្នាំនេះ បាន​បន្ត​ធ្លាក់ចុះ ប្រមាណ ២,៦% បើធៀប​នឹង​ត្រីមាស​ទី១​ឆ្នាំមុន។

រដ្ឋាភិបាល​ថៃ ត្រូវ​កែប្រែ ការព្យាករណ៍​អត្រាកំណើន​សេដ្ឋកិច្ច​របស់ខ្លួន ឡើងវិញ នៅបន្ទាប់ពី​ប្រទេស​រងគ្រោះ​ដោយសារ​រលកទី២​នៃជំងឺកូវីដ ១៩​ចាប់តាំង​ពី​ខែ​មេសាមក។

នៅថ្ងៃ​ចន្ទ អាជ្ញាធរ​រាប់ឃើញ​មាន​ករណី​ឆ្លងថ្មី ចំនួន ៩៦៣៥ ក្នុងរយៈពេល​តែមួយថ្ងៃ ដែលនៅក្នុងនោះ មាន​ជិត ៧ពាន់នាក់ ជា​អ្នកទោស ជាប់ ក្នុង​ពន្ធនាគារ។ នាយកដ្ឋាន​ពន្ធនាគារ​ថៃ គ្រោង នឹង​ធ្វើតេស្ត​កូវីដ ទ្រង់ទ្រាយធំ ទៅលើ​អ្នកទោស​ទាំងអស់ របស់​ថៃ ដែល​មាន ជាង ៣សែននាក់ ពោល គឺ នៅបន្ទាប់ពី អ្នកទោស ជាច្រើន​រយនាក់ បានឆ្លងជំងឺកូវីដ នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។ ក្នុងចំណោមអ្នកទោស​ដែល​ឆ្លងជំងឺកូវីដ ក្នុងពន្ធនាគារ មានផងដែរ សកម្មជននៃចលនា​ទាមទារ​ប្រជាធិបតេយ្យ​ថៃ ដែល​ធ្លាប់​ចូលរួម​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និង​ការធ្វើ​កំណែទម្រង់ ស្ថាប័ន​រាជវាំងថៃ។

នៅប្រទេស​ថៃ ជំងឺកូវីដ បាន​សម្លាប់​មនុស្ស សរុប ៦១៤ នាក់។ ករណី​ស្លាប់​ច្រើន នៅប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ បូកផ្សំ​នឹង​លំហូរចាល់អ្នកជំងឺ​នៅ​មន្ទីរពេទ្យ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ ចាត់វិធានការបិទ ទីកន្លែង​សាធារណៈ អំពាវនាវ​ឲ្យ​ប្រជាជន​ធ្វើការ​ពីផ្ទះ និង​កាត់បន្ថយ ការធ្វើដំណើរ​មិន​ចាំបាច់។ វិធានការថ្មី របស់​រដ្ឋាភិបាល​នឹងអាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ ធ្លាក់ចុះ មួយកម្រិត​ទៀត។ ថៃ ដែល​គម្រោង​បើកទ្វារ​ទទួល​ទេសចរ​ដែល បាន​ចាក់វ៉ាក់សាំងបង្ការកូវីដ នៅខែ កក្កដាខាងមុខ កំពុង​ប្រឈម​នឹង​ស្ថានភាព​មិនច្បាស់លាស់ បើសិន ជា​ត្រូវ បោកបក់ ម្តងទៀត ដោយសារ​រលក​ទី៣​នៃ​ជំងឺកូវីដ។

វិបត្តិ​កូវីដ លើកនេះ នឹង​អាច​ទៅរង្គោះរង្គើ អំណាច​របស់​លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែល​កំពុង​រង​ការរិះគន់ ថា គ្រប់គ្រង​មិនបាន​ល្អ វិបត្តិកូវីដ។ នៅ​សប្តាហ៍ មុន សមាជិក​សភា​មកពីគណបក្ស​ប្រឆាំង​បាន​ដាក់ពាក្យ​ទៅ​គណៈកម្មាការ​ជាតិ​ប្រឆាំង​អំពើពុករលួយ ដើម្បី​សុំ​ឲ្យ​ស៊ើបអង្កេត ទៅលើ​ការទទួលខុសត្រូវ​របស់​លោកនាយករដ្ឋមន្រ្តីថៃ ទាក់ទង​នឹង​ភាពយឺតយ៉ាវ​ក្នុងយុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅប្រទេស​ថៃ។

គួរបញ្ជាក់ថា លោក​ប្រាយុទ្ធ ចាន់អូចា ធ្លាប់​បាន​អះអាងថា ការចាក់វ៉ាក់សាំង ជា​មធ្យោបាយ​តែមួយគត់ ដើម្បី​ងើបចេញ​ពីវិបត្តិ​លើកនេះ ប៉ុន្តែ គិតរហូត​មកដល់​ពេលនេះ មានប្រជាជន​ថៃ មិន​ដល់​១លាននាក់ផង ពោលគឺ ប្រមាណ ៨សែននាក់ ដែលបាន​ចាក់វ៉ាក់សាំង ២ដូស ក្នុង​ពេល​ប្រទេស​ថៃ មាន​ប្រជាជន​សរុប ជិត ៧០លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ