អានតួអត្ថបទ
អាមេរិក-កូរ៉េខាងត្បូង

ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្វើដំណើរ​ទៅវ៉ាស៊ីនតោន ដើម្បី និយាយពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង

ប្រធានាធិបតី​អាមេរិក លោកចូ បៃដិន នឹងទទួល​ជួប ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចៃអ៊ីន នៅថ្ងៃ​សុក្រនេះ នៅសេតវិមាន ដើម្បី​និយាយ​ពី​សំណុំរឿង​ដ៏រស៊ើប(ការជំរុញ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោលអាវុធ​នុយក្លេអ៊ែរ)។ វត្តមាន​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បន្ទាប់ពី​នាយករដ្ឋមន្រ្តីជប៉ុន នៅ​សេតវិមាន បាន​បញ្ជាក់​ពី​ការផ្តល់​អាទិភាព របស់​រដ្ឋបាលលោក​ចូ បៃដិន ទៅលើ​យុទ្ធសាស្រ្ត​នយោបាយ នៅតំបន់​អាស៊ី ដើម្បី ទប់ទល់​មហាអំណាច​ចិន។

ទង់ជាតិកូរ៉េខាងត្បូង នៅលើរថយន្ត​ដែល​ដឹក​លោកស្រី ប្រធានាធិបតី ប៉ាក់ គង់ហេ ទៅ​សេតវិមាន​កាលពី​ខែ​តុលា ឆ្នាំ ២០១៥
ទង់ជាតិកូរ៉េខាងត្បូង នៅលើរថយន្ត​ដែល​ដឹក​លោកស្រី ប្រធានាធិបតី ប៉ាក់ គង់ហេ ទៅ​សេតវិមាន​កាលពី​ខែ​តុលា ឆ្នាំ ២០១៥ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

នៅ​វ៉ាស៊ីនតោន​ លោកប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចៃអ៊ីន ជាមេដឹកនាំ​ប្រទេស​អាស៊ី ទី២ បន្ទាប់​ពីនាយករដ្ឋមន្រ្តីជប៉ុន ដែល​លោកប្រធានាធិបតី​ចូ បៃដិន ទទួល​បើកជំនួប​ទ្វេភាគី​នៅ​សេតវិមាន។

សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជាប្រធានបទ​ចំបង​នៃជំនួប​ទ្វេភាគី រវាង​សម្ព័ន្ធមិត្ត ទាំងពីរ អាមេរិក និងកូរ៉េខាងត្បូង។ ប៉ុន្តែ ក្នុង​កាលៈទេសៈ ដែល​ពិភពលោក​បាញ់ក្រសែភ្នែក​សំដៅ ជម្លោះប្រដាប់អាវុធ អ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន សេតវិមាន បាន​ពន្លយរួចហើយថា នៅក្រោយ ជំនួប​ទ្វេ​ភាគី របស់​មេដឹកនាំ អាមេរិក​និង​កូរ៉េខាងត្បូងលើកនេះ នឹង​គ្មាន​សេចក្តីថ្លែងការណ៍ រួម ធំដុំ​ណាមួយ សម្រាប់​ប្រឆាំង តទល់​នឹង​កូរ៉េខាងជើងនោះទេ។

តាមអ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​អាមេរិកម្នាក់​ដែល​ដកស្រង់​សំដី​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP មានលទ្ធភាព​តិចណាស់ ដែល​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ យុទ្ធសាស្រ្ត ការទូត ដែល​រដ្ឋបាល​លោក​ចូ បៃដិន ចាត់ទុក​ជាអាទិភាព​សម្រាប់​ដោះស្រាយ​វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។

នៅមុន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក ប្រធានាធិបតី កូរ៉េខាងត្បូង​ធ្លាប់​បានលើកឡើង​ថា លោក​នឹង​ចំណាយពេល​វេលា​មួយឆ្នាំ​ចុងក្រោយ​នៃអាណត្តិ​របស់លោក ដើម្បី​ជំរុញ ឲ្យមាន​សន្តិភាព ពេញលេញ​នៅឧបទ្វីប កូរ៉េ។ ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្លាប់​បានដើរតួ​ជាអាជ្ញាកណ្តាល ជំរុញ ឲ្យ​មាន​ជំនួបកំពូល​ជាប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ អាមេរិក និងកូរ៉េខាងជើង កាលពី ២ឆ្នាំមុន។ ប៉ុន្តែ ចាប់តាំង ពី ជំនួបកំពូល អាមេរិក កូរ៉េខាងជើង បរាជ័យ​ជាប់គាំង ប្រធានាធិបតី​កូរ៉េខាងត្បូង មានក្តីសង្ឃឹមថា​ ប្រធានាធិបតី អាមេរិក ថ្មី លោក​ ចូ បៃដិន នឹងចូលរួម យ៉ាងសកម្ម នៅក្នុង​សំណុំរឿងនុយក្លេអ៊ែរ​កូរ៉េខាងជើង​ដ៏​ស្មុគស្មាញ​មួយនេះ។

តើ​គេ​ត្រូវធ្វើយ៉ាងណា​ដើម្បី ទាក់ទាញ​ឲ្យកូរ៉េខាងជើង ដែល​អរិភាព និង​រិះគន់​នយោបាយការបរទេស លាក់ពុត​របស់អាមេរិក ឲ្យចូលតុចរចា​វិញបាន? សេតវិមាន និង ប្រធានាធិបតី​កូរ៉េខាងត្បូង ធ្លាប់បាន​បញ្ជាក់ថា គេ​ចង់​ត្រលប់ទៅប្រើ​សេចក្តីថ្លែងការណ៍រួម អាមេរិក និងកូរ៉េខាងជើង នៅក្នុង​ជំនួបកំពូល​នៅ​សិង្ហបុរី ឆ្នាំ ២០១៨។ ជា​សេចក្តីថ្លែងការណ៍​ដែល​និយាយ​យ៉ាងខ្លី ពីការលុបបំបាត់​នុយក្លេអ៊ែរទាំងស្រុង នៅ​ឧបទ្វីបកូរ៉េ

ដោយទទួល​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំកូរ៉េខាងត្បូង និង​ជប៉ុន ក្នុង​រយៈពេលតែ​១ខែ រដ្ឋបាល​លោក​ចូ បៃដិន បង្ហាញ​សញ្ញា ថា អាមេរិក​ផ្តល់​សារៈសំខាន់​លើ​តំបន់​អាស៊ី ជាទី​ដែល​អាមេរិកត្រូវ​ប្រឈមនឹង​ការពង្រីកឥទ្ធិពល អំណាច​យោធា និងសេដ្ឋកិច្ច​របស់​ប្រទេស​ចិន។ ប៉ុន្តែ ផ្ទុយពី​នាយករដ្ឋមន្រ្តីជប៉ុន ដែលបានចូលរួមជាមួយ ប្រធានាធិបតី ដើម្បី បរិហា ថ្កោលទោស ចិន ក្នុងសំណុំរឿង​តៃវ៉ាន់ ប្រធានាធិបតី​កូរ៉េខាងត្បូង ទំនង​ប្រយ័ត្នប្រយែង មិន​ធ្វើសេចក្តីថ្លែងការណ៍រួមណាមួយ ជាមួយ​អាមេរិក ដែល​នឹង​ធ្វើ​ឲ្យ​ចិន​ខឹងអាក់អន់​ចិត្ត​នោះទេ។ កូរ៉េខាងត្បូង​នៅចាំ​បាន​បទពិសោធន៍ ឈឺចាប់ នៅ ឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ នៅពេល ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម សំខាន់​ បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើសេអ៊ូល ដោយសារ​តែរឿង​ពង្រាយប្រព័ន្ធខែលមីស៊ីលអាមេរិក នៅទឹកដី​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ