អានតួអត្ថបទ
អ.ស.ប.-ភូមា

Human Rights Watch ស្នើឲ្យស៊ើបអង្កេតលើការចែកចាយទិន្នន័យរបស់ពលរដ្ឋរ៉ូហ៊ីងយ៉ាដោយ អ.ស.ប.

អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​ចោទ​ឧត្តមស្នងការ​អន្តរជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ហៅ​កាត់ HCR ពី​បទ​បាន​ចែកចាយ​ទិន្នន័យ​ដែល​ប្រមូល​ពី​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង ៨០០ ០០០នាក់​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ តាម Human Rights Watch ទិន្នន័យ​ទាំង​នោះ​ត្រូវ​បាន​ HCR បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ភូមា​ដែល​ជា​ទីកន្លែង​ដែល​ពួក​រ៉ូហ៊ីងយ៉ា​បាន​ភៀសខ្លួន​ចេញ​ក្រោម​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​កងទ័ព​ភូមា។ តែ HCR បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់ និង​អះអាង​ពី​នីតិវិធី និង​តម្លាភាព​ក្នុង​ការ​រក្សា​ទុក​នូវ​ទិន្នន័យ​ដែល​ខ្លួន​ប្រមូល​បាន​ពី​ជនភៀសខ្លួន​ទាំង​អស់​នៅ​ក្នុង​លោក។

ជំរំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​បង់ក្លាដែស។
ជំរំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​បង់ក្លាដែស។ AP - Shafiqur Rahman
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ ឧត្តមស្នងការ​អន្តរជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ហៅ​កាត់ (HCR) បាន​ប្រមូល​ទិន្នន័យ​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង ៨០០ ០០០នាក់​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ជំរំ​នៃ​ប្រទេស​បង់ក្លាដែស។ គោលដៅ​នៃ​ការ​ប្រមូល​ទិន្នន័យ​ពី​ពួក​រ៉ូហ៊ីយ៉ា​នេះ គឺ​ដើម្បី​ឲ្យ​រដ្ឋអំណាច​បង់ក្លាដែស​យក​ទៅ​ធ្វើ​ប័ណ្ណសម្គាល់ខ្លួន​ដែល​ជា​លិខិតស្នាម​ចាំ​បាច់​ក្នុង​ការ​ទទួល​ជំនួយ​មនុស្សធម៌។ តែ​បើ​តាម​អង្គការ​សិទ្ធិមនុស្ស Human Rights Watch (HRW) រដ្ឋអំណាច​បង់ក្លាដែស​បាន​បញ្ជូន​ទិន្នន័យ​របស់​រ៉ូហ៊ីងយ៉ា​ទាំង​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល​ភូមា។ តាម Human Rights Watch ទិន្នន័យ​ដែល​ប្រមូល​ពី​រ៉ូហ៊ីងយ៉ា​មាន​ដូច​ជា​រូបថត ស្នាមមេដៃ និង​ជីវប្រវត្តិ​របស់​រ៉ូហ៊ីងយ៉ា​ម្នាក់ៗ រួច​ចែកចាយ​ទៅ​ឲ្យ​ភូមា​ដែល​ជា​ប្រទេស​ដែល​ពួក​រ៉ូហ៊ីងយ៉ា​បាន​ភៀសខ្លួន​ចេញ​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​កងទ័ព​ភូមា។

HRW បាន​បញ្ជាក់​ថា ពួក​រ៉ូហ៊ីងយ៉ា​ប្រហែល​ជា​មិន​បាន​ដឹង​ពី​ការ​ដែល​ទិន្ន័យ​របស់​ពួក​គេ​អាច​ត្រូវ​បាន​ចែកចាយ​ទៅ​ឲ្យ​រដ្ឋាភិបាល​ភូមា​ទេ។ ចំណែក​លោកស្រី Lama Fakih នាយិកា​ទទួល​បន្ទុក​វិបត្តិ និង​ជម្លោះ​របស់ HRW ដែល​បាន​ជួប​សម្ភាសន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន ២៤នាក់ និង​បាន​និយាយ​ជាមួយ​អ្នក​ជំនាញ​ផ្សេង​ទៀត​បាន​ថ្លែង​ថា នីតិវិធី​របស់ HCR បាន​បង្ក​ហានិភ័យ​បន្ថែម​ទៀត​ចំពោះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ តែ HCR បាន​ច្រានចោល​លើ​ការ​ចោទ​ប្រកាន់​របស់ HRW។ អ្នកនាំ​ពាក្យ HCR លោកស្រី Andrej Mahecic បាន​បញ្ជាក់​ប្រាប់ AFP ថា HCR មាន​នីតិវិធី​ត្រឹមត្រូវ និង​ច្បាស់លាស់​ដើម្បី​ធានា​ពី​សុវត្ថិភាព​លើ​ទិន្នន័យ​ដែល HCR ប្រមូល​បាន​ពី​ការ​ចុះ​ឈ្មោះ​ជនភៀសខ្លួន​នៅ​ទូទាំង​ពិភពលោក។

HCR ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រមូល និង​ការ​ចែកចាយ​ទិន្នន័យ​របស់​ពួក​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។ តែ​តាម HRW ក្នុង​ចំណោម​ពួក​រ៉ូហ៊ីងយ៉ា ២៤នាក់​ដែល​បាន​សួរនាំ មាន ២៣នាក់​បាន​ឆ្លើយ​ថា ពួក​គេ​មិន​ត្រូវ​បាន​ជូន​ព័ត៌មាន​ច្បាស់លាស់​ពី​រឿង​នេះ​ទេ។ រដ្ឋាភិបាល​ភូមា​បាន​ប្រើ​ទិន្នន័យ​ផ្តល់​ដោយ​បង់ក្លាដែស​ដើម្បី​បញ្ជាក់​ពី​ចំនួន​រ៉ូហ៊ីងយ៉ា ៤២០០០នាក់​ដែល​ត្រូវ​ត្រឡប់​ចូល​ភូមា​វិញ។ តែ HCR បាន​គូសបញ្ជាក់​ថា ការ​វិល​ត្រឡប់​របស់​ពួក​រ៉ូហ៊ីងយ៉ា​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រចិត្ត និង​ថា រដ្ឋាភិបាល​បង់ក្លាដែស​មិន​បាន​បង្ខំ​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ណា​ម្នាក់​ត្រឡប់​ទៅ​ភូមា​វិញ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី HRW យល់​ឃើញ​ថា ហានិភ័យ​កំពុង​មាន​ចំពោះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ព្រោះ​រដ្ឋអំណាច​ភូមា​ដឹង និង​មាន​ក្នុង​ដៃ​នូវ​បញ្ជី​ឈ្មោះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាង​នៅ​បង់ក្លាដែស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ