អានតួអត្ថបទ
ជប៉ុន

ជប៉ុន​រំឭកខួប៧៦ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរដោយ​អាមេរិក

៩សីហា ១៩៤៥-៩​សីហា ២០២១ ថ្ងៃនេះ​ជា​គម្រប់​ខួប​៧៦​ឆ្នាំ​គត់ ដែល​ក្រុង​ណាហ្កាសាគី បាន​រងគ្រោះ​ខ្ទេច​ខ្ទី ពី​​ការ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ដោយ​សហរដ្ឋ​អាមេរិក។ បី​ថ្ងៃ​ក្រោយ​ការ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក្រុង​អ៊ីរ៉ូស្ហីម៉ាសម្លាប់​ជីវិ​ត​មនុស្ស​ជាង​១៤ម៉ឺននាក់ ថ្ងៃទី ៩​សីហា១៩៤៥ នៅ​វេលា​ម៉ោង ១១​និង​ពីរ​នាទី ​អាមេរិកបាន​ទម្លាក់​គ្រាប់​បែប​បរមាណូមួយ​គ្រាប់ទៀត លើ​ក្រុង​ណាហ្កាសាគី បង្ក​ឱ្យ​ស្លាប់​មនុស្ស​អស់៧៤០០នាក់។ នា​ឱកាសប្រារព្វ​ខួប​លើក​ទី ៧៦​ឆ្នាំ​នេះ អភិបាលក្រុង​​ណាហ្កាសាគី បាន​អំពាវនាវ​ឱ្យ​សហគមន៍អន្តរជាតិ អនុម័ត​សន្ធិសញ្ញា​ថ្មីស្តី​ពី​ការហាមឃាត់​អាវុធនុយក្លេអ៊ែរ។

ក្រុង​ណាហ្កាសាគី រំលឹកខួប​៧៦​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ ពី​សំណាក់អាមេរិក
ក្រុង​ណាហ្កាសាគី រំលឹកខួប​៧៦​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ ពី​សំណាក់អាមេរិក STR JIJI PRESS/AFP
ផ្សាយពាណិជ្ជកម្ម

៧៦​ឆ្នាំ​ក្រោយ អ្នករួច​ពី​ស្លាប់ និង​តំណាង​មេដឹកនាំបរទេស​មួយ​ចំនួន​តូច​ បាន​មក​គោរពវិញ្ញណក្ខន្ធ​និង​ស្មឹងស្មាន​ មួយ​នាទី​ នៅ​កន្លែងនិង​ចំម៉ោង​គ្រាប់​បែក​ធ្លាក់​។ ​ដោយ​ហេតុ​កូវីដ​១៩ និងជា​លើក​ទីពីរ ការ​ប្រារព្វពិធី​រំឭកខួប​នៃ​ការ​ទម្លាក់​គ្រាប់​បែកនុយក្លេអ៊ែរ​ បាន​សង្រួម​តូចនិង​​មាន​ឥស្សរជន​​នយោបាយ​ចូលរួមតិច​តួច​បំផុត។  

ប៉ុន្តែពិធី​ឆ្នាំ​​នេះមាន​បង្កប់អត្ថន័យ​ពិសេសសម្រាប់​ជប៉ុន ក្នុងការ​បំពង​សំឡេង​ប្រឆាំង​នឹង​អាវុធនុយក្លេអ៊ែរ ​អភិបាល​ក្រុង​ណាហ្កាសាគី Tomihisa Taue បាន​ឱកាស​ស្រែក​អំពាវនាវ ឱ្យ​មេដឹកនាំ​អន្តរជាតិ​ទាំង​អស់ ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​ កាត់​បន្ថយ​អាវុធនុយក្លេអ៊ែរ និង​ស្តារ​ទំនុក​ចិត្ត​គ្នា​តាមរយៈ​ការ​ចរចា។ ចំណែក​សង្គម​ស៊ីវិល​ក៏​ត្រូវ​តែ​ចូលចំណែក​ជំរុញ​ពិភពលោកក្នុង​ការ​កាត់​បន្ថយ​​អាវុធ​នុយក្លេអ៊ែរ​ដែរ។

“​ក្នុង​នាម​ជា​ប្រទេស​រងគ្រោះ​ដោយ​គ្រាប់បែកនុយក្លេអ៊ែរ​តែមួយ​គត់​នៅលើ​ពិភពលោក ជប៉ុន​មាន​បេសកកម្មដ៏ចាំបាច់​មួយ គឺ​ជំរុញ​សហគមន៍អន្តរជាតិ មួយ​ដំណាក់ម្តងៗ ឆ្ពោះ​រកពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​”។ ​នេះ​ជា​ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​ជប៉ុន យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា។

សូម​បញ្ជាក់​ថា នេះ​ជា​ពិធី​​រំឭកខួប​លើក​ទីមួយ គិតចាប់​តាំងពី​សន្ធិសញ្ញា​ហាមឃាត់​ ​អាវុធនុយក្លេអ៊ែរចូល​ជា​ធរមាន​មក​។ តែប្រទេស​ចំនួន​ភាគ​ច្រើន​ជា​ប្រទេស​មានអាវុធ​នុយក្លេអ៊ែរ មាន​ជាអាទិ៍ សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស អ៊ីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន និង​កូរ៉េខាង​ជើង មិន​បាន​ចុះ​ហត្ថលេខា​​លើ​​សន្ធិសញ្ញាហាមឃាត់​អាវុធនុយក្លេអ៊ែរនេះ​ទេ។ ​ ជា​ប្រទេសរងគ្រោះនុយក្លេអ៊ែរ​ផ្ទាល់ ​តែ​ក្រោយ​មក​ក្លាយ​​​ជាសម្ព័ន្ធមិត្តមិន​អាចកាត់​ផ្តាច់​ពី​​​​​អាមេរិកបាន​ ជប៉ុនក៏​មិន​បាន​ចុះ​ហត្ថលេខាលើក​សន្ធិសញ្ញា​នេះ​​ដែរ។

កាលពី​ថ្ងៃ​សុក្រ​ទី៦​សីហា ក្នុង​ពេល​កំពុងមានការ​ប្រកួត​កីឡាអូឡាំពិក ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា បាន​ប្រារព្វ​ពិធី​​រំឭកខួប​នៃ​ការ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ដែរ ប៉ុន្តែ​ពុំ​មាន​ទេ កម្មវិធី​គោរព​ស្មឹង​ស្មាន​មួយ​នាទី​​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នុយក្លេអ៊ែរ ​ក្នុង​កម្មវិធី​កីឡាអូឡាំពិក នៅ​តូក្យូ តាម​សំណើ​ជប៉ុន​។ ​ប្រធាន​គណៈកម្មការ​អូឡាពិក បាន​បដិសេធ​​ ដោយ​ពន្យល់​ថាចង់​​រំឭកជា​​លក្ខណៈ​សកល តាម​រយៈ​លិខិតឧទ្ទិសការបិទ​បញ្ចប់​កីឡាអូឡាំពិក​ដល់​ជនរងគ្រោះ​ក្នុង​គ្រប់​សោកនាដកម្ម​​ទាំង​អស់​នៅលើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ