អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

ប្រធាន​CIA​អាមេរិក​ជួប​ប្រជុំ​ជា​សម្ងាត់​ជាមួយ​មេ​ដឹក​នាំ​តាលីបង់​នៅ​ទី​ក្រុង​កាប៊ុល

ប្រធាន​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ CIA លោក​ វីល្លៀម បឺន​ (William Burns) បាន​ជួបជា​សម្ងាត់​ជាមួយ​មេដឹកនាំកំពូល​តាលីបង់​លោក ម៉ុលឡា បារ៉ាដា​ កាលពីថ្ងៃចន្ទ ទី២៣ សីហា​។ កិច្ចប្រជុំនេះ​ត្រូវបានរៀបចំឡើង​ ខណៈ​ដែល​សហរដ្ឋអាមេរិក​ កំពុងមមាញឹក​ដឹកជម្លៀស​ពលរដ្ឋ​ និង​សម្ព័ន្ធមិត្ត​ចេញពី​អាហ្វហ្កានីស្ថាន​តាមកាល​កំណត់​នាថ្ងៃទី​ ៣១​ ខែសីហា​ខាងមុខ​។

ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីល្លៀម បឺន (William Burns)បានជួបជាសម្ងាត់ ជាមួយមេដឹកនាំកំពូលតាលីបង់ លោក ម៉ុលឡា បារ៉ាដា កាលពីថ្ងៃចន្ទ ទី២៣ សីហា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Washington Post។
ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីល្លៀម បឺន (William Burns)បានជួបជាសម្ងាត់ ជាមួយមេដឹកនាំកំពូលតាលីបង់ លោក ម៉ុលឡា បារ៉ាដា កាលពីថ្ងៃចន្ទ ទី២៣ សីហា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Washington Post។ Karim Jaafar AFP/Archivos
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ក្រោម​រដ្ឋបាល​របស់​លោកចូ បៃដិន​ មាន​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​មន្រ្តី​តាលីបង់ទាំង​នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ និង​នៅទីក្រុង​ដូហា​ប្រទេសកាតា​ក្នុងអំឡុង​ពេលបំពេញ​ប្រតិបត្តិការ​ជម្លៀស​មនុស្ស​ចេញពី​ទីក្រុងកាប៊ុល​ ។

ក៏ប៉ុន្តែ​ កិច្ច​ប្រជុំ​សម្ងាត់​រវាង​ប្រធាន​ CIA អាមេរិក ​ជាមួយ​សហស្ថាបនិក​តាលីបង់​គឺ​ជា​កិច្ចពិភាក្សា​ដ៏ធំបំផុត​រាប់ចាប់តាំងពី​រដ្ឋធានីកាប៊ុល​ធ្លាក់ក្នុងដៃរបស់ពួកតាលីបង់​នៅថ្ងៃទី ១៥ សីហា​មក​។ កាសែត​ The Washington Post បានរាយការណ៍​ជាលើកដំបូងបង្អស់​ពី​ជំនួបសម្ងាត់នេះ​កាលថ្ងៃអង្គារ​ ទី២៤​ សីហា​ម្សិលមិញ​។

ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​លោក វីល្លៀម បឺន គឺជា​អ្នកការទូតដែល​មាន​បទពិសោធន៍​ខ្លាំងបំផុតម្នាក់របស់​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន​។ ចំណែក​លោកម៉ុលឡា ​អាប់ឌុល​ ហ្កានី បារ៉ាដា វិញ​ គឺជា​មេដឹកនាំកំពូលម្នាក់​របស់​របប​តាលីបង់​ និង​ជា​អ្នកដែល​បាន​ដឹកនាំ​ការិយាល័យ​នយោបាយ​របស់​ចលនា​តាលីបង់​នៅប្រទេស​កាតា​។

អ្នកនាំពាក្យ​ CIA​ មិន​បាន​បញ្ជាក់ប្រាប់​អ្វី​សោះ​ពី​កិច្ចប្រជុំ​នេះ​ដល់​ទីភ្នាក់ងារព័ត៌មានបារាំង​ AFP និង​បាន​ប្រាប់​ថា ​CIA  មិន​ដែល​និយាយ​ឬ​ក៏​ពិភាក្សាអ្វី​អំពី​ការ​ធ្វើដំណើររបស់​ប្រធាន​ខ្លួនឡើយ​។

ចំណែក​កាសែត​ The Washington Post ដែលបាន​ដក​ស្រង់​ប្រភព​អនាមិក​អាមេរិក​អំពី​កិច្ចប្រជុំ​ខាងលើ ក៏​មិន​ទទួល​បាន​ខ្លឹមសារ​នៃ​កិច្ច​ពិភាក្សា​រវាងមេដឹកនាំ​ តាលីបង់​ និង​មេ CIA អាមេរិក​ដែរ​។ ប៉ុន្តែ​មាន​ការ​លើកឡើងថា អ្នកទាំងពីរ​បានពិភាក្សា​គ្នាជុំវិញ​ការ​ពន្យារ​ពេល​នៃ​បេសកកម្ម​របស់​អាមេរិក​ក្នុងការ​ជម្លៀស​មនុស្ស​ចេញចេញពី​អាហ្វហ្កានីស្ថាន​។

គួរជ្រាបថា​ អាមេរិក​បាន​កំណត់យកថ្ងៃទី​ ៣១ ខែសីហា​ ជាថ្ងៃបិទបញ្ចប់ប្រតិបត្តិការដឹកជម្លៀស​ពលរដ្ឋអាមេរិក​ និងសម្ព័ន្ធមិត្តអាហ្វហ្កានីស្ថាន​រាប់ម៉ឺននាក់​ចេញពីទីក្រុងកាប៊ុល​។ ប្រឈមនឹង​ស្ថានការណ៍​ជ្រួលច្របល់​ដែលកើតមានឡើងជារៀងរាល់ថ្ងៃ​នៅព្រលានយន្តហោះក្រុងកាប៊ុល​ សហភាពអឺរ៉ុប​ បាន​អំពាវនាវ​ឲ្យ​អាមេរិក ​ពន្យារ​ពេល​បិទ​បញ្ចប់​បេសកកម្ម​​​។ ប៉ុន្តែ​ អ្នកនាំពាក្យ​របប​តាលីបង់​ បាន​ព្រមានកាលថ្ងៃចន្ទដើម​សប្តាហ៍នេះ មិន​ឲ្យ​អាមេរិក​បន្តទុក​កងទ័ព​នៅ​ព្រលាន​យន្តហោះ​លើសពី​ថ្ងៃទី​៣១ សីហា​ជាដាច់ខាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ