អានតួអត្ថបទ
បារាំង-តាលីបង់

បារាំងឃុំខ្លួនជនអាហ្វហ្កានីស្ថានម្នាក់ ដែលគេសង្ស័យ​​ជា​សមាជិក​ក្រុម​តាលីបង់ បន្ទាប់​ពីជម្លៀស​មកដល់​ទឹកដី​បារាំង

សហរដ្ឋអាេមរិក កំពុងតែសំរុកជម្លៀសមនុស្ស ចេញពីទីក្រុងកាប៊ុល ខណៈដែលឱសានុវាទ​ចុងក្រោយ ថ្ងៃទី៣១សីហា កាន់តែខិតជិតមកដល់។ គិតពីថ្ងៃទី​១៤សីហាមក សហរដ្ឋអាមេរិក បានជម្លៀសមនុស្ស បានសរុប ប្រមាណ​៤៨០០០នាក់ ដោយ​ក្នុងនោះ មាន​១១០០០នាក់ នៅក្នុងរវាង​១២ម៉ោងចុងក្រោយ កាលពីថ្ងៃចន្ទទី​២៣សីហាម្សិលមិញ។ ប្រទេសផ្សេងទៀត មាន​អង់គ្លេស អាល្លឺម៉ង់ និង​បារាំងជាដើម ក៏កំពុងតែប្រឹងប្រែង ប្រញាប់​ជម្លៀសមនុស្ស​ចេញពីក្រុងកាប៊ុលដែរ។ តែយ៉ាងណា ការជម្លៀសមនុស្ស​ដោយតក់ក្រហល់ ក្នុង​ចំនួន​ច្រើន​បែបនេះ កំពុងតែ​បង្កឲ្យ​មានការព្រួយ​បារម្ភ ថាវាអាចមា​ន​ក្រុម​ជន​ជីហាតអ៊ីស្លាម ឬសមាជិក​ក្រុមតាលីបង់ ដោយ​មកជាមួយ​។ ជាក់ស្តែង អាជ្ញាធរបារាំង បាន​សម្រេចឃុំខ្លួនបណ្តោះអាសន្ន ​ជន​ជាតិអាហ្វហ្កានីស្ថាន​ម្នាក់ បន្ទាប់ពី​ជននេះត្រូវបានគេ​ជម្លៀសតាមយន្តហោះ មកដល់ទីក្រុងប៉ារីស។

មនុស្សម្នារាប់រយនាក់ កំពុងឈររងចាំនៅខាងក្រៅព្រលានយន្តហោះក្រុង​កាប៊ុល ដើម្បីអាចចូលទៅ​សុំសិទ្ធិ​ធ្វើដំណើរ ចាកចេញតាមយន្តហោះយោធា។ កាប៊ុល ថ្ងៃទី១៧ សីហា ២០២១
មនុស្សម្នារាប់រយនាក់ កំពុងឈររងចាំនៅខាងក្រៅព្រលានយន្តហោះក្រុង​កាប៊ុល ដើម្បីអាចចូលទៅ​សុំសិទ្ធិ​ធ្វើដំណើរ ចាកចេញតាមយន្តហោះយោធា។ កាប៊ុល ថ្ងៃទី១៧ សីហា ២០២១ AP - STR
ផ្សាយពាណិជ្ជកម្ម

ជនជាតិអាហ្វហ្កានីស្ថានម្នាក់ ក្នុងចំណោម៥នាក់ ដែលស្ថិតក្នុងការសង្ស័យ ត្រូវបានអាជ្ញាធរបារាំង សម្រេចឃុំខ្លួន​បណ្តោះអាសន្ន បន្ទាប់ពីជននោះ ត្រូវបាន​ទាហានបារាំង ជម្លៀសចេញពីទីក្រុងកាប៊ុល មកដល់ទឹកដីបារាំង។

យោងតាម​លិខិត​ប្រកាសរបស់​ក្រសួងមហាផ្ទៃបារាំង ជនអាហ្វហ្កានីស្ថាន​ម្នាក់ អាយុ២៦ឆ្នាំ ដែលត្រូវគេដាក់ឃុំបណ្តោះអាសន្ន​នោះ បានទទួលស្គាល់ថាខ្លួន ធ្លាប់ជាសមាជិក​របស់​ក្រុម​តាលីបង់ និងធ្លាប់​បានកាន់អាវុធ យាមច្រកចេញចូលមួយ​កន្លែងនៅក្រុង​កាប៊ុល ឲ្យ​ក្រុម​តាលីបង់ថែមទៀតផង។ ចំណែក​មនុស្ស​៤នាក់ផ្សេងទៀត ដែលស្ថិតនៅក្នុងការសង្ស័យ គឺមានជាប់ពាក់ព័ន្ធនឹងជនម្នាក់នេះ។

សូមបញ្ជាក់ថា ជនជាតិអាហ្វហ្កានីស្ថានទាំង​៥នាក់ ពេល​មកដល់​ទឹកដីបារាំងភ្លាម ត្រូវបាន ការិយាល័យ​សន្តិសុខផ្ទៃក្នុងបារាំង ចេញលិខិត​បង្គាប់ឲ្យស្ថិតនៅក្រោម​វិធានការ​តាមដាន និង​ត្រួតពិនិត្យ​រដ្ឋបាល (Micas) ដោយយោងតាមច្បាប់​ប្រឆាំងភេរវកម្ម​បារាំង។ ក៏ប៉ុន្តែជន​ម្នាក់​ក្នុងចំណោម​៥នាក់ បាន​ដើរចេញ​ក្រៅដែនបរិវេន ដែលអាជ្ញាធរបានកំណត់ អស់រយៈពេល​ប៉ុន្មាន​នាទី​ ទើបអាជ្ញាធរបារាំងបានសម្រេច​ ដាក់ជននោះ​ក្នុងការឃុំឃាំងបណ្តោះអាសន្ន។ នេះបើផ្អែក តាមការបញ្ជាក់ របស់លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅវិទ្យុ franceinfo។

ដោយឡែក លោក Gabriel Attal អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង ដែលបាន​ផ្តល់​បទសម្ភាសន៍ ដល់ទូរទស្សន៍ BFMTV នៅព្រឹកថ្ងៃអង្គារនេះ បាន​ឲ្យ​ដឹងថា ជនអាហ្វហ្កានីស្ថានម្នាក់ ដែលត្រូវបានគេសម្រេចឃុំខ្លួន​បណ្តោះអាសន្ននោះ គឺជា​មនុស្ស​ដែល​បានចូលរួមយ៉ាងសកម្ម នៅ​ក្នុងការជួយ​ជម្លៀសបុគ្គលិក​របស់ស្ថានទូតបារាំង នៅទី​ក្រុងកាប៊ុល។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាល​បារាំង បានអះអាងថា រដ្ឋាភិបាល​នឹងមិនលេងសើច ជាមួយ​សន្តិសុខរបស់​ប្រជាជនបារាំងទេ។ លោក​បញ្ជាក់ថា ជនជាតិអាហ្វហ្កានីស្ថានទាំងអស់ ដែលត្រូវបានកងទ័ព​បារាំង ជម្លៀសចេញពី​ក្រុងកាប៊ុល គឺសុទ្ធតែត្រូវបាន​តាមដានអង្កេតប្រវត្តិ យ៉ាងល្អិតល្អន់ នៅឯមូលដ្ឋានទ័ពបារាំង ទីក្រុងអាប៊ូដាប៊ី មុននឹង​ដឹកមកដល់​ទឹកដីបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ