អានតួអត្ថបទ
អូស្រ្តាលី-កូវីដ១៩

អូស្រា្តលីកំពុងស្គាល់សន្ទុះកំណើនករណីឆ្លងកូវីដ១៩ដោយមានជាង ១ ០០០ករណីក្នុងរយៈពេល ២៤ម៉ោង

នៅ​ក្នុង​ប្រទេស​អូស្រា្តលី ចំនួន​ករណី​ឆ្លង​កូវីដ១៩ កំពុង​ហក់​ឡើង​ខ្ពស់​ដោយ​មាន​ជាង ១០០០ករណី​ក្នុង​រយៈពេល ២៤ម៉ោង។ នេះ​ជា​អត្រា​ឆ្លង​មួយ​ខ្ពស់​ដែល​អូស្រា្តលី​មិន​ធ្លាប់​ប្រទះ ខណៈ​ដែល​មាន​ប្រជាជន​មិន​ដល់ ១០០០នាក់​ផង​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩។ សន្ទុះ​កំណើន​ករណី​ឆ្លង​ពេល​នេះ​បាន​កើត​មាន​ខ្លាំង​នៅ​ក្នុង​ទីក្រុង​ស៊ីនី​ដែល​កំពុង​ស្ថិត​ក្នុង​ការ​បិទខ្ទប់​តាំង​ពី ២ខែ​កន្លង​មក។ ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​នេះ រដ្ឋអំណាច​បាន​បោះបង់​ចោល​នូវ​យុទ្ធសាស្រ្ត​ហ្សេរ៉ូកូវីដ និង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។

អូស្រា្តលីកំពុងស្គាល់សន្ទុះកំណើនករណីឆ្លងកូវីដ១៩ដោយមានជាង ១ ០០០ករណីក្នុងរយៈពេល ២៤ម៉ោង
អូស្រា្តលីកំពុងស្គាល់សន្ទុះកំណើនករណីឆ្លងកូវីដ១៩ដោយមានជាង ១ ០០០ករណីក្នុងរយៈពេល ២៤ម៉ោង REUTERS - LOREN ELLIOTT
ផ្សាយពាណិជ្ជកម្ម

ធ្លាប់​ជា​ប្រទេស​ដែល​ទទួល​បាន​ការ​សាទរ​ពី​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ បាន​ល្អ​ក្នុង​ឆ្នាំ ២០២០ អូស្រា្តលី​ហាក់​កំពុង​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​កូវីដ១៩ នៅ​ពេល​នេះ។ គ្រាន់​តែ​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​រាប់​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ សីហា អូស្រា្តលី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១០២៩ករណី។ នេះ​ជា​តួលេខ​មួយ​ខ្ពស់​ខ្លាំង​ដែល​អូស្រា្តលី​មិន​ធ្លាប់​ស្គាល់​គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩ ដំបូង និង​ដែល​ជំងឺ​មួយ​នេះ​បាន​សម្លាប់​ប្រជាជន​អូស្រា្តលី​មិន​ដល់ ១ ០០០នាក់​ផង។ ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​នេះ រដ្ឋអំណាច​បាន​សម្រេច​ពន្យារ​ការ​បិទខ្ទប់​ទីក្រុង​ស៊ីនី​រហូត​ដល់​ដំណាច់​ខែ​កញ្ញា។

ក្រៅ​ពី​ទីក្រុង​ស៊ីនី ការ​បិទខ្ទប់​ក៏​មាន​នៅ​តាម​តំបន់​ជនបទ​មួយ​ចំនួន​ក្នុង​រដ្ឋ New South Wales ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​មួយ​ចំនួន​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពិសេស​នៅ​ក្នុង​តំបន់​ដែល​រស់នៅ​ច្រើន​ដោយ​សហគមន៍​ជនជាតិដើម។ អ្វី​ជា​ការ​កត់សម្គាល់ កំណើន​ករណី​ឆ្លង​ថ្មី​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ស៊ីនី​ដែល​បាន​រង​ការ​បិទខ្ទប់​តាំង​ពី ២ខែ​មក​ហើយ។ ប្រឈម​នឹង​ស្ថានការណ៍​មួយ​នេះ រដ្ឋអំណាច​ក្រុង​ស៊ីនី​បាន​សម្រេច​បោះបង់​ចោល​វិញ​នូវ​យុទ្ធសាស្រ្ត​ហ្សេរ៉ូ​កូវីដ​ដោយ​ងាក​ទៅ​បង្កើន​យុទ្ធសាស្រ្ត​ចាក់​វ៉ាក់សាំង​វិញ​ម្តង។ យុទ្ធសាស្រ្ត​មួយ​នេះ​ហាក់​កំពុង​មាន​សន្ទុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​កំពុង​ត្រូវ​បាន​រដ្ឋអំណាច​លើក​ទឹកចិត្ត​បន្ថែម។

គ្រាន់​តែ​នៅ​ថ្ងៃ​ពុធ ទី២៥ សីហា មាន​មនុស្ស​ជាង ៣៣០ ០០០នាក់​បាន​ចាក់​វ៉ាក់សាំង។ ទោះ​បី​ជា​ប្រទេស​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ក៏​ដោយ​ក៏​រដ្ឋអំណាច​បាន​ប្រកាស​ដោយ​សន្យា​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​នឹង​អាច​រក​ឃើញ​ឡើង​វិញ​នូវ​សេរីភាព​មួយ​ចំនួន​ពី​ពេល​នេះ​ទៅ​ពាក់​កណ្តាលខែ​កញ្ញា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ