អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

AIEA ៖ កូរ៉េខាង​ជើង​ទំនង​ជាដាក់​ឱ្យ​​ដំណើរការ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឡើង​វិញ

នៅកូរ៉េខាង​ជើង ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរមួយ​​ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon ដែល​ផលិត​​សារធាតុ​ភ្លុយតូនីញ៉ូម​ ទំនង​ជា​កំពុង​មាន​ដំណើរការ​ឡើង​វិញ​។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅ​កាត់​ថាអាអ៊ីអឺអា​ AIEA​។ ភ្នាក់ងារ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​កូរ៉េខាង​ជើង។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon រូបថត​កាលពី​ថ្ងៃទី ២៧​ មិនថុនា ២០០៨
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon រូបថត​កាលពី​ថ្ងៃទី ២៧​ មិនថុនា ២០០៨ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​នុយក្លេអ៊ែរYongbyon ដែលជា​បាន​ផ្អាក​សកម្មភាព​តាំង​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​​២០១៨​មក ​ទំនងមាន​​ដំណើរការ​ឡើង​វិញ ​​ចាប់​​ពី​​ដើម​ខែ​កក្កដា ២០២១មក។ គេ​សង្កេត​ឃើញ​មាន​សញ្ញា​ជាច្រើន​ ដែល​បញ្ជាក់​អំពី​ដំណើរការ​នៃ​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ មាន​អាទិ៍​ ការ​បង្ហូរ​ទឹក​សម្រាប់​បញ្ចុះ​កម្តៅ​ម៉ាស៊ីន។ នេះ​បើ​តាម​ការ​លម្អិត​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ទី​ភ្នាក់ងារ​ថាមពលបរមាណូ AIEA។

សម្រាប់​AIEA ម៉ាស៊ីន​ប្រតិករនុយក្លេអ៊ែរ​ដែល​មាន​សមត្ថភាព​ដល់​ទៅ​៥​មេហ្កាវ៉ាត់ ចាប់​ដំណើរការ​ឡើង​វិញ មាន​ន័យ​ថា​ព្យុងយ៉ាង​ចាប់​អភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរ​របស់​ខ្លួន​ឡើង​វិញ ដោយ​រំលោភ​យ៉ាង​ងងើល​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជាជាតិ។​​ ការ​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​​ឡើង​វិញ បូក​នឹង​​ដំណឹង​ដែល​គេ​ទើប​ទទួល​បានកាល​ពី​ថ្មីៗ​​ថា​ព្យុងយ៉ាង​បាន​ប្រើ​មន្ទីរ​ពិសោធន៍​វិទ្យុគីមី​ នៅក្បែរ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ សម្រាប់​ញែក​សារធាតុ​ភ្លុយតូនីញ៉ូម​​ចេញ​ពីសំណល់​​ចំហេះរបស់​ម៉ាស៊ីន​ប្រតិករ ជា​តំណាង​នៃ​ការ​ព្រួយ​បារម្ភ​យ៉ាង​ក្រែ​លែង​​។ នេះ​បើ​តាម​របាយការណ៍​ដដែល។

សូម​បញ្ជាក់​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ ជា​ដើម​ហេតុ​នាំ​ឱ្យ​ជំនួប​​លើក​ទីពីរ រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោក​គីមជុងអ៊ុន នៅ​ហាណូយឆ្នាំ​២០១៩​ ត្រូវ​បរាជ័យ។ កាលណោះ កូរ៉េខាង​ជើង​បាន​ស្នើសុំ​​រំសាយ​មជ្ឈមណ្ឌល​Yongbyon តែ​មួយ​ផ្នែក​ ដោយ​រក្សា​ទុក​​រចនា​សម្ព័ន្ធ​ផលិត​នុយក្លេអ៊ែរដដែល ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ភាគ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​មិនព្រម​ ទើប​​ការ​ចរចា​ត្រូវ​ជាប់​គាំង​ស្តូក​រហូតមក ហើយ​ព្យុងយ៉ាង​ត្រូវ​រង​​ទណ្ឌកម្ម​អន្តរជាតិបន្ថែម​កាន់​តែ​ច្រើន​ពី​បទ​អភិវឌ្ឍន៍​កម្មវិធីនុយក្លេអ៊ែរ​យោធា ដែល​បាន​រីក​ចម្រើន​កាន់​តែ​ខ្លាំង ក្រោម​ការ​ដឹកនាំ​របស់​លោក​គីមជុងអ៊ុន។

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​មួយរយ​គីឡូម៉ែត្រ​ពី​ក្រុង​ព្យុងយ៉ាង មជ្ឈមណ្ឌល​Yongbyon សាង​សង់ហើយ​នៅ​ឆ្នាំ​១៩៨៦ មាន​បំពាក់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ដំបូងគេ​ និង​​ជា​ប្រភព​​​ផ្តល់​រ៉ែ​ភ្លុយតូនីញ៉ូម​តែ​មួយ​គត់​របស់​កូរ៉េខាង​ជើងដែល​គេ​ស្គាល់។ ប៉ុន្តែ​Yongbyon​ មិន​មែន​ជា​មជ្ឈមណ្ឌល​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​តែ​មួយ​​របស់​ព្យុងយ៉ាង​ឡើយ។ ដូច្នេះ​ការ​បិទ​មជ្ឈមណ្ឌល​នេះ មិនមែន​មាន​ន័យកម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​ត្រូវ​ចប់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ