អានតួអត្ថបទ
ថៃ

ថៃ៖នាយករដ្ឋមន្រ្តីលោកប្រាយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលរបស់លោករួចផុតពីញតិ្តចាប់ថ្នាក់របស់បក្សប្រឆាំង

នៅ​ក្នុង​ប្រទេស​ថៃ សភា​បាន​បោះឆ្នោត​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី៤ កញ្ញា​នេះ​ដោយ​បាន​ទាត់ចោល​លើ​ញត្តិ​ចាប់ថ្នាក់​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​គណបក្សប្រឆាំង។ នាយករដ្ឋមន្រ្តី​លោក​ប្រាយុទ្ធ ចាន់អូចា និង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​បាន​ទទួល​សំឡេង​គាំទ្រ​ភាគច្រើន​ឲ្យ​បន្ត​ការ​ដឹកនាំ​ប្រទេស​ជា​បន្ត​ទៀត។ គួរ​រម្លឹក​ថា ដើមចម​នៃ​ញត្តិចាប់ថ្នាក់​របស់​គណបក្សប្រឆាំង​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​ផ្ទុះ​រឿងអាស្រូវ​ជាប់សង្ស័យ​រវាង​ក្រុម​ម៉ាហ៊្វីយ៉ា និង​សមាជិក​រដ្ឋាភិបាល​របស់​លោក​ចាន់អូចា។

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលរបស់លោករួចផុតពីញតិ្តចាប់ថ្នាក់របស់បក្សប្រឆាំង
នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលរបស់លោករួចផុតពីញតិ្តចាប់ថ្នាក់របស់បក្សប្រឆាំង AP - Sompong Sonnak
ផ្សាយពាណិជ្ជកម្ម

ទីបំផុត និង​ដោយ​មិន​ភ្ញាក់ផ្អើល លោក​ប្រាយុទ្ធ ចាន់អូចា និង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​បាន​រួច​ផុត​ពី​ញត្តិចាប់ថ្នាក់​របស់​គណបក្សប្រឆាំង នោះ​បើ​ទោះ​បី​ជា​នៅ​លើក​នេះ គណបក្សប្រឆាំង​ប្រមូល​បាន​សំឡេង​គាំទ្រ​លើ​ញត្តិចាប់ថ្នាក់​របស់​ខ្លួន​ច្រើន​ជាង​លើក​មុនៗ​ក៏​ដោយ។ គួរ​រម្លឹក​ថា វត្តមាន​ញត្តិចាប់ថ្នាក់​ដែល​ផ្តួចផ្តើម​ដោយ​គណបក្សប្រឆាំង​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ។

នៅ​ម្ខាង មាន​ក្រុម​អ្នក​តំណាងរាស្រ្ត​បាន​បញ្ជាក់​ថា ក្រុម​ភ្នាក់ងារ​នៃ​ការ​សមគំនិត​ប្រឆាំង​នឹង​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​សន្យា​ផ្តល់​លុយ​សុទ្ធ​ចំនួន ៥លានបាត ឬ​ស្មើ​ប្រមាណ ១៣០ ០០០អឺរ៉ូ​ទៅ​ឲ្យ​អ្នកតំណាងរាស្រ្ត​ណា​ដែល​យល់ព្រម​មិន​គាំទ្រ​លោក​ចាន់អូចា។ ចំណែក​នៅ​ម្ខាង​ទៀត មាន​ក្រុម​អ្នក​តំណាងរាស្រ្ត​បាន​បញ្ជាក់​ផ្ទុយ​ពី​នេះ​ដែល​ថា ការ​សន្យា​ដូច​គ្នា​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​អ្នកតំណាងរាស្រ្ត​ណា​ដែល​គាំទ្រ​លោក​ចាន់អូចា។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ដើមចម​នៃ​រឿងអាស្រូវ​នៃ​ការ​ព្យាយាម​អូសទាញ​ក្រុម​អ្នកតំណាងរាស្រ្ត​ឲ្យ​ប្រឆាំង និង​គាំទ្រ​លោក​ចាន់អូចា​បាន​ផ្តើម​ចេញ​ពី​អនុរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​លោក​ថាម៉ាណាត ប៉្រុមប៉ាវ។ លោក​ប៉្រុមប៉ាវ​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​រត់ពន្ធគ្រឿងញាន​នៅ​ប្រទេស​អូស្រា្តលី​ក្នុង​ទសវត្ស ៩០ និង​ដែល​លោក​ចាន់អូចា​បាន​ទុក​ឲ្យ​លោក​ប៉្រុមប៉ាវ​កាន់​តំណែង​មក​ដល់​សព្វថ្ងៃ។

រឿងរ៉ាវ​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ជុំវិញ​ទំនាក់ទំនង​រវាង​ពួក​ម៉ាហ៊្វីយ៉ា​ថៃ និង​សមាជិក​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។ យ៉ាង​ណា​ក៏​ដោយ ក្រុម​បាតុករ​ថៃ​បាន​សន្យា​ថា ដរាប​ណា​លោក​ប្រាយុទ្ធ ចាន់អូចា និង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​បន្ត​កាន់​អំណាច ពួក​គេ​នឹង​មិន​បញ្ឈប់​ក្បួន​បាតុកម្ម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ