អានតួអត្ថបទ
អូស្ត្រាលី-វ៉ាក់សាំងកូវីដ​១៩

កូវីដ១៩- អូស្ត្រាលី​នឹង​ទទួល​​ថ្នាំ​បង្ការ​​Pfizer ៤​លាន​ដូស​ពីអង់គ្លេស

នៅពី​រ​បី​ថ្ងៃ​ខាង​មុខ​នេះ វ៉ាក់សាំង​ចំនួន​បួន​លាន​ដូស ផលិត​ដោយ​ក្រុមហ៊ុន Pfizer/BioNTech ​ នឹង​ទៅ​ដល់​អូស្ត្រាលី​ ក្នុង​ក្របខ័ណ្ឌ​នៃកិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​ជាមួយ​អង់គ្លេស។ អូស្ត្រាលី​សង្ឃឹម​ថា​ជាមួយ​នឹង​ថ្នាំ​បង្ការ​Pfizer យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នឹង​មាន​សន្ទុះខ្លាំង ​ ព្រោះ​​កន្លង​មក ពលរដ្ឋ​​អូស្ត្រាលីហាក់​នៅ​រារែក​ចិត្ត​ ដោយ​មិន​សូវ​ទុក​ចិត្ត​​លើ​​ថ្នាំ​បង្ការ AstraZeneca។

ពលរដ្ឋ​អូស្ត្រាលី​កំពុង​ចាក់​ថ្នាំ បង្ការ​ ប្រឆាំង​កូវីដ នៅ​ស៊ីដនី
ពលរដ្ឋ​អូស្ត្រាលី​កំពុង​ចាក់​ថ្នាំ បង្ការ​ ប្រឆាំង​កូវីដ នៅ​ស៊ីដនី AP - Nick Moir
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​​ថ្នាំប​ង្ការ​បាន​ចាប់​ផ្តើមដំបូង​​យ៉ាង​គើមៗ​បំផុត តែ​ពេល​នេះអូស្ត្រាលី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​៣០ម៉ឺន​ដូស ​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​ជា​​ល្បឿន​ដែល​ត្រូវ​ប្រកាន់​យក​ដើម្បី​ការពារប្រទេស​ពី​កូវីដ​១៩។ ប៉ុន្តែ​ជាមួយ​នឹងការ​មក​ដល់​នូវ​វ៉ាក់សាំង​ Pfizer ចំនួន​៤​លាន​ដូស​ពី​អង់គ្លេស ការ​ចាក់​ថ្នាំ​បង្ការ​នៅ​អូស្ត្រាលី​នឹង​កាន់​តែ​មាន​ល្បឿន​ខ្លាំង​។

កន្លង​មក​ អូស្ត្រាលី​មាន​ថ្នាំ​បង្កា​រប្រឆាំង​នឹង​កូវីដ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ សម្រាប់​ចាក់​ជូន​ពលរដ្ឋ នោះ​គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ​ ដែល​ល្អូមល្អាម​ថា​អាច​បង្ក​ផលរំខាន កើត​ជំងឺ​ដុំ​កំណាក​ឈាម​ក្នុង​សរសៃ​វែន។ ផលរំខាន​ក្នុង​កំរិត​ដ៏​ទាប​បំផុត​ និង​ទាប​ខ្លាំង​ណាស់​បើ​ប្រៀប​ទៅ​នឹង​ហានិភ័យ​បង្ក​ឡើងដោយ​ជំងឺ​កូវីដ១៩នោះ។

ប៉ុន្តែ​ទោះ​ផលរំខានរបស់​AstraZeneca​អាច​កើត​មាន​យ៉ាង​កម្រ​បំផុត​ក្តី ក៏​គ្រប់គ្រាន់​សម្រាប់​នាំ​ក្តី​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ​អូស្ត្រាលី​​ទូទៅ​មួយ​ចំនួន​ដែរ។ អ្នក​មាន​សិទ្ធិ ដល់​អាយុ​ចាក់​ថ្នាំបង្ការ​មិន​តិច​ទេ បាន​បដិសេធ​មិន​ទៅ ចាក់វ៉ាក់សាំង​ ដោយ​ខ្លាច​មាន​ផល​រំខាន​ ឯ​ខ្លះ​ទៀតមិន​ព្រមចាក់​ ដោយ​មាន​អារម្មណ៍​ថា​ហេតុ​អ្វី​បាន​ជា​អាជ្ញាធរអូស្ត្រាលី​ស្នើ​ថ្នាំ​ធុន​អន់។ ​ជាក់ស្តែង​មាន​ពលរដ្ឋ​អូស្ត្រាលី​អាយុ​លើស​៦០​ឆ្នាំ​ ប្រមាណ​២០% មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​ដូស​ទីមួយ​ផង បើ​ទោះ​បី​ជា​ពួក​គាត់​មាន​សិទ្ធិ​តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ​ក៏ដោយ។

ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​ក្រោយ​អាយុ​៦០​ឆ្នាំ​ និង​ក្មេង​ល្មមៗ​វិញ បែរ​ជា​រួសរាន់​ខ្លាំង​ចង់​ទៅ​ចាក់​ថ្នាំ​បង្ការ​។ គិត​មក​ទល់​នឹង​ថ្ងៃ​នេះ មាន​ពលរដ្ឋ​អូស្ត្រាលី​អាយុ​លើស​ពី​១៦​ឆ្នាំ ចំនួន ៣៧%​ហើយ​បាន​ទទួល​ថ្នាំ​បង្ការ។ ប្រសិន​បើ​អូស្ត្រាលី​អាច​បន្ត​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​បាន​ក្នុង​ល្បឿន​នេះ​រហូត នោះ​អូស្ត្រាលី​នឹង​អាច​មាន​សម្រេច​កម្មវត្ថុ​មាន​ចាក់​វ៉ាក់សាំង​ជូនពលរដ្ឋ​បាន​ដល់​៨០%​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា។ កំរិត​ចាំ​បាច់​មុន​នឹង​អាច​បើក​ព្រំដែន​ឡើង​វិញ បន្ទាប់​បិទ​ជិត​ឈឹង​តាំង​ពី​ខែ​មីនា​២០២០​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ