អានតួអត្ថបទ
កុមារ-កូវីដ-អប់រំ

យូនីសេហ្វ៖ វិបត្តិកូវីដ ធ្វើ​ឲ្យ​ក្មេង​អាស៊ីខាងត្បូង ជាង ៤៣៤​លាននាក់ ខកខាន មិនបាន​ទៅសាលា

ការបិទទ្វារ​សាលារៀន នៅក្នុង​អំឡុង​វិបត្តិកូវីដ ជាង ១ឆ្នាំមកនេះ បានធ្វើ​ឲ្យ​សិស្សសាលា ជាង ៤៣៤លាននាក់ នៅ​តំបន់​អាស៊ីខាងត្បូង មិន​បាន​ទទួល​ការសិក្សា​អប់រំ។ នេះបើតាម​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ ចេញផ្សាយ នៅថ្ងៃ ព្រហស្បតិ៍ ទី ៩ កញ្ញា។ របាយការណ៍​របស់​ទីភ្នាក់ងារ​ទទួលបន្ទុក​ផ្នែក​កុមារ របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន ពីការកើនឡើង នៃ​វិសមភាព ដ៏​គួរឲ្យ​ព្រួយបារម្ភ នៅពេល អ្នកជំនាញ​ខាងកុមារ ទាញសញ្ញាអាសន្ន ពីគ្រោះថ្នាក់ បាត់បង់​គុណភាព ធនធាន​មនុស្ស សម្រាប់​ប្រទេស ទៅ​ថ្ងៃ​អនាគត។

កុមារ​នៅ​តំបន់សំណង់អនាធិបតេយ្យ​ក្នុងប្រទេស​ឥណ្ឌា រៀននៅកណ្តាលវាល
កុមារ​នៅ​តំបន់សំណង់អនាធិបតេយ្យ​ក្នុងប្រទេស​ឥណ្ឌា រៀននៅកណ្តាលវាល AP - Channi Anand
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ របស់អង្គការ​យូនីសេហ្វ បាន​បង្ហាញថា នៅមុន ជំងឺរាតត្បាត​កូវីដ លេចមុខ នៅ​ចុងឆ្នាំ ២០១៩ កុមារ​អាយុ ១០ឆ្នាំ នៅ​តំបន់អាស៊ី​ខាងត្បូង ជិត ៦០% មិនចេះអានអក្សរ ឬ​មើលយល់អត្ថបទ សាមញ្ញ ដែលជាមូលដ្ឋាន​គ្រឹះ។ អង្គការ​យូនីសេហ្វ​បារម្ភថា ការបន្ត បិទ​សាលារៀន ដោយសារ​តែ​ជំងឺរាតត្បាត​កូវីដ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​អវិជ្ជា​របស់​កុមារ កាន់តែ​ធ្លាក់ចុះ អាក្រក់ មួយកម្រិត​បន្ថែម​ទៀត។

នៅតាម​បណ្តាប្រទេស​ក្រីក្រ​មួយចំនួន វិធានការ​រឹតបន្តឹង សុខភាព​បាន​បណ្តាល​ឲ្យ​សាលារៀន មណ្ឌល​ដែល​ទទួល​បាន​ជំនួយ​ពី​អង្គការ​អន្តរជាតិ ត្រូវបិទទ្វារ។ នេះហេតុផល​សំខាន់មួយ ធ្វើ​ឲ្យ​កុមារមកពីគ្រួសារ​ក្រីករ ត្រូវ​បាត់បង់​ទាំងឱកាសរៀនសូត្រ និង ជំនួយ​អាហារូបត្ថម្ភ។ ក្មេងស្រី កូនអ្នកក្រ និង​កុមារកំព្រា ពិការ ជា​អ្នករងគ្រោះ​ខ្លាំង​ជាងគេ ដោយសារ​តែ​សាលារៀន​ត្រូវ​បិទទ្វារ និងត្រូវ​ជំនួសមកវិញ ដោយ​ការសិក្សា​តាមអនឡាញ។

នៅឥណ្ឌា ៨០%​នៃ​យុវជន អាយុ ចន្លោះ​១៤ និង ១៨ឆ្នាំ បាន​និយាយ​ថា ពួកគេ​បាន​រៀនសូត្រ​តិចជាងមុន បើប្រៀបធៀប​នឹង​ការរៀនផ្ទាល់​នៅក្នុង​ថ្នាក់។ ចំណែក កុមារ​ឥណ្ឌា អាយុ ពី ៦ ទៅ ១៣ឆ្នាំ ចំនួន ៤២%​និយាយ​ថា ពួកគេ​គ្មានមធ្យោបាយ ដើម្បីរៀនតាមអនឡាញ។ នៅ​ប៉ាគីស្ថាន​ឯណោះ​វិញ ក្មេងសាលា​ប្រមាណ ២៣%​អះអាងថា ពួកគេ​គ្មាន​ឧបករណ៍ អេឡិចត្រូនិក ដើម្បី​អាចចូលរៀន តាមអនឡាញ។

របាយការណ៍​របស់​យូនីសេហ្វ បង្ហាញ​ដែរ​ថា ឪពុកម្តាយ​របស់​ក្មេង នៅស្រីលង្កា​បាន​ត្អូញត្អែរ ពីការសិក្សា​រៀនសូត្រ យឺតយ៉ាវ ក្នុង​កាលៈទេសៈ កូវីដ។

នៅត្រង់ចំណុចនេះ អង្គការ​យូនីសេហ្វ​បាន​អំពាវនាវ​ឲ្យ​គ្រូបង្រៀន ពិនិត្យ មើលឡើងវិញ សមត្ថភាព កម្រិតចំណេះដឹង​របស់​សិស្ស មុន​នឹង​បន្ត​មេរៀនទៅមុខ។ គ្រូបង្រៀន​ត្រូវ បង្រៀន បន្ថែម ដើម្បីបំពេញ បង្រ្គប់​ចំណេះដឹង ដែលក្មេងសាលា ខកខាន មិនបាន​ទទួល ដោយសារ​តែ សាលាត្រូវបិទទ្វារ។

អង្គការផ្នែកកុមារ​របស់​អង្គការ​សហប្រជាជាតិ ទាមទារ​ផងដែរ ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព ចាក់​វ៉ាក់សាំង ដល់​គ្រូបង្រៀន និង​បណ្តុះបណ្តាលពួកគេ ឲ្យ​អាច​មាន​សមត្ថភាព បង្រៀនសិស្ស ដែល​គ្មាន​មធ្យោបាយ ទទួលបាន​បច្ចេកវិទ្យា។ នៅក្នុង​របាយការណ៍ យូនីសេហ្វ បាន​ដកស្រង់​សំដី របស់​គ្រូបង្រៀន​ស្រីលង្កា​ម្នាក់ ដែល​បាន​បង្ហាញ​ក្តីកង្វល់ថា បើសិន វិបត្តិកូវីដ នៅតែ បន្ត នោះឆ្នាំសិក្សានៅ​សកលវិទ្យាល័យ នឹង​ត្រូវ​បាត់បង់​អស់​ជា​ច្រើន​ឆ្នាំទៀត។ ដូច្នេះ តើ​រដ្ឋាភិបាល នឹង​អាច​រំពឹង​អ្វី​ពី​អនាគត​ធនធានមនុស្ស នៅថ្ងៃអនាគត?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ