អានតួអត្ថបទ

ចិន និង​រុស្ស៊ី ចេញមុខ​ការពារ​កូរ៉េខាងជើង នៅក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ

ប៉ុន្មានថ្ងៃក្រោយ កូរ៉េខាងជើង បាញ់សាកល្បង​មីស៊ីល អ៊ីពែសូនិច ដែលលឿនជាង​សំឡេង ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ បរាជ័យ​មិនអាច​ចេញសេចក្តីថ្លែងការណ៍រួម​ស្តីពីមីស៊ីល លឿនជាងសំឡេង​របស់​កូរ៉េខាងជើង។ តាម​មន្រ្តីទូត​នៅ​អង្គការ​សហប្រជាជាតិ នៅក្នុង​កិច្ចប្រជុំបន្ទាន់ កាលពី​ថ្ងៃ​សុក្រ​ទី ១ តុលា ចិន​និង​រុស្ស៊ី ជាថ្មី​ម្តងទៀត បានចេញមុខ ជំទាស់ មិន​ឲ្យ​អង្គការសហប្រជាជាតិ​ចាត់វិធានការណាមួយ​ប្រឆាំង​កូរ៉េខាងជើង។

រូបភាព ក្រុមប្រឹក្សា​សន្តិសុខ​ធ្លាប់​កោះប្រជុំ​និយាយ​ពីបញ្ហា​កូរ៉េខាងជើង​ នៅឆ្នាំ ២០០៩
រូបភាព ក្រុមប្រឹក្សា​សន្តិសុខ​ធ្លាប់​កោះប្រជុំ​និយាយ​ពីបញ្ហា​កូរ៉េខាងជើង​ នៅឆ្នាំ ២០០៩ ASSOCIATED PRESS - OSAMU HONDA
ផ្សាយពាណិជ្ជកម្ម

គោលដៅ​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ ពិភាក្សា វិភាគ ពីមីស៊ីលអ៊ីពែរសូនិក ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍នេះ។ ​បារាំង​ដែលជាអ្នកស្នើ​អត្ថបទព្រាង​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​ចង់​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​​ចេញសេចក្តីសម្រេច​មួយ ដែល​បញ្ជាក់​ពី​ក្តីបារម្ភ នៅចំពោះមុខ​សកម្មភាព​បាញ់មីស៊ីល​របស់​កូរ៉េខាងជើង និង​ការអនុវត្ត​ឲ្យបាន​ពេញទំហឹង ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង។

តាមមន្រ្តីទូត ដែលបានចូល​រួម​ក្នុង​កិច្ចប្រជុំបិទទ្វារ និង​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP សមាជិកភាគច្រើន ដូចជាអាមេរិក អង់គ្លេស គាំទ្រ ការលើកឡើង របស់​បារាំង​ ដែល​ចង់​ឲ្យ​ក្រុមប្រឹក្សា​ចេញ​សេចក្តីសម្រេចមួយ សម្រាប់​ក្រុមអ្នកកាសែត ប៉ុន្តែ ភាគីចិន និង​រុស្ស៊ី ដែលជា​សមាជិក​អចិន្រ្តៃយ៍​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ បាន​អះអាងថា វា​មិនទាន់​ដល់ពេលដែល​ត្រូវ​ធ្វើ និងថា គេ​ត្រូវការពេលវេលា​បន្ថែម ដើម្បី​សិក្សា​សំណុំរឿង​មីស៊ីល​របស់​កូរ៉េខាងជើង។

នៅ​ក្នុង​កិច្ចប្រជុំ កាលពីថ្ងៃ​សុក្រ ចិន​បាន​ឆ្លៀត​និយាយ​រិះគន់ កិច្ចព្រមព្រៀង ដែល​អាមេរិក អង់គ្លេស និង​អូស្ត្រាលី​បានធ្វើឡើងរួមគ្នា ដោយ​ក្បត់​បារាំង។ តាមភាគីចិន គឺ​កិច្ចព្រមព្រៀងដែល​មាន​និយាយ​ពី​ការលក់ បំពាក់ នាវាមុជទឹក​ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ អាមេរិក ឲ្យ​កងទ័ព​អូស្ត្រាលី ដែល​គំរាមកំហែង តំបន់។ តាម​មន្រ្តី​ទូត ដែលសុំ​មិន​បញ្ចេញឈ្មោះ អ្នកតំណាង​អាមេរិក និង​អង់គ្លេស​បាន​ឆ្លើយ​បក​ទៅវិញថា រឿងលក់នាវាមុជទឹក​ទៅ​ឲ្យអូស្ត្រាលី គ្មានទាក់ទង​នឹង​សំណុំរឿង​កូរ៉េខាងជើង​នោះទេ។

ចាប់តាំង​ពី​ឆ្នាំ ២០១៧ ឆ្នាំ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង ដោយសារ​ការបាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បែកបាក់ ខ្វែងគំនិតគ្នា រហូត​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​បរាជ័យ មិនអាច​ចាត់វិធានការ​ថ្មី ដើម្បី ឆ្លើយតប​កូរ៉េខាងជើង។ រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ គ្រាន់តែ​ទាមទារ​ឲ្យ​គេ​ពង្រឹង​ការដាក់ទណ្ឌកម្ម​កន្លងមក ពោល​គឺ​គ្មាន​ទណ្ឌកម្ម​ថ្មីលើ​កូរ៉េខាងជើង​នោះទេ។

ទោះជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ កូរ៉េខាងជើង​នៅ​បន្ត​អភិវឌ្ឍ​កម្មវិធីយោធា និង​បាញ់​សាកល្បង​ដោយ​ជោគជ័យ  គ្រាប់មីស៊ីល ដែល​កូរ៉េខាងជើង​អះអាងថា ជា​មីស៊ីល​អ៊ីពែរសូនិក ដែល​ហោះលឿនជាង សំឡេងដល់ទៅ​៥ដង។

កន្លងមក ចិន និង​រុស្ស៊ី​ធ្លាប់បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា សន្តិសុខ​លុបចោល ទណ្ឌកម្មសេដ្ឋកិច្ច​មួយចំណែក ដែល​គេ​ដាក់ទៅលើ​កូរ៉េខាងជើង ដើម្បី​សម្រាល​បន្ទុក​កូរ៉េខាងជើង ប៉ុន្តែ សំណើរបស់​ចិន និង​រុស្ស៊ី ត្រូវ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ដទៃទៀត ដូចជា​អាមេរិក​ជាដើម បោះឆ្នោត​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ