អានតួអត្ថបទ
កូរ៉េខាងជើង-អង្គការសហប្រជាជាតិ-មីស៊ីល

កូរ៉េខាងជើង​រិះគន់​អ.ស.ប​ ជុំវិញ​កិច្ច​ប្រជុំ​ស្តី​ពី​ការ​សាក​ល្បង​មីស៊ីល​របស់​ខ្លួន

កូរ៉េខាងជើង​នៅថ្ងៃអាទិត្យ ទី៣ តុលានេះ​ ចេញ​មុខ​រិះគន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា​និង​វិភាគ​អំពី​មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​។ សម្រាប់​ក្រុង​ព្យុង​យ៉ាង​ កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នេះ​មិន​ខុស​អីពី​អំពើ​រំលោភ​បំពាន​ដោយចេតនា​លើ​អធិបតេយ្យភាព​របស់​ខ្លួន​ឡើយ​។

នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១នេះ កូរ៉េខាងជើងរិះគន់អង្គការសហប្រជាជាតិដែលបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា និងវិភាគអំពីមីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បង។
នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១នេះ កូរ៉េខាងជើងរិះគន់អង្គការសហប្រជាជាតិដែលបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា និងវិភាគអំពីមីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បង។ STR KCNA VIA KNS/AFP/File
ផ្សាយពាណិជ្ជកម្ម

នៅ​មួយ​រយៈពេល​ចុង​ក្រោយនេះ​ កូរ៉េខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល​ជា​បន្តបន្ទាប់​។ កាលពីថ្ងៃសុក្រ​ ក្រុងព្យុងយ៉ាង​បាន​ប្រកាស​អំពី​ជោគជ័យ​របស់ខ្លួន​ក្នុង​ការ​បាញ់​សាកល្បង​មីស៊ីល​ប្រឆាំង​យន្តហោះ​។ ចំណែក​កាលពីខែ​កញ្ញាកន្លងទៅ​ កូរ៉េខាងជើង​ដដែល​បាន​បាញ់​សាកល្បង​មីស៊ីល​បណ្តែត​រយៈ​ចម្ងាយ​ឆ្ងាយ​ មីស៊ីល​បាលីស្ទិក​ ហើយនៅ​ថ្ងៃអង្គារ​ដើម​សប្តាហ៍នេះ​ទៀត​ កូរ៉េខាងជើង​ បាន​បាញ់​សាកល្បង​មីស៊ីលអ៊ីពែរសូនិក​ដែល​អាច​មាន​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ​៥ដង​។

សកម្មភាព​របស់​កូរ៉េខាងជើង​បាន​ជំរុញ​ឲ្យ​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃសុក្រ​ ទី១ តុលា​។ កិច្ចប្រជុំ​ដែល​ត្រូវ​បានស្នើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ អង់គ្លេស​ និងបារាំង​នេះប្រព្រឹត្តទៅ​រយៈពេល​ជាង​មួយ​ម៉ោង​ហើយ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​សេចក្តីថ្លែងការណ៍ណាមួយឡើយ​ដោយសារ​ចិន​និង​រុស្ស៊ីចេញ​មុខ​ការពារ​កូរ៉េខាងជើង​ និង​ជំទាស់​មិន​ឲ្យ​អង្គការ​សហប្រជាជាតិចាត់​វិធានការ​ប្រឆាំង​កូរ៉េខាងជើង​។

ទោះបីជា​ក្រុមប្រឹក្សា​សន្តិសុខ​បរាជ័យ​មិនអាច​ចេញ​សេចក្តីថ្លែង​ការណ៍​រួមក្តី​ ក៏​កូរ៉េ​ខាង​ជើងនៅតែមានការខឹងសម្បានិងចាត់ទុកកិច្ច​ប្រជុំ​របស់អង្គការសហប្រជាជាតិថា​ជា​ការ​រំលោភបំពាន​ដោយចេតនា​លើ​អធិបតេយ្យភាពរបស់ខ្លួន​ និងជា​ការ​បង្កហេតុ​ដែល​ព្យុង​យ៉ាងមិនអាចទទួលយកបានសោះឡើយ​។ សម្រាប់រដ្ឋអំណាចក្រុងព្យុងយ៉ាង​ ការ​ទាម​ទារ​ឲ្យ​កូរ៉េខាងជើង​លះបង់សិទ្ធិ​ការពារ​ខ្លួន​មានន័យថា​ជាការ​បង្ហាញ​ពីចេតនា​មិន​ទទួល​ស្គាល់​កូរ៉េខាងជើង​ថាជា​រដ្ឋ​អធិបតេយ្យ​នោះទេ​។

គួរបញ្ជាក់ថា​ ជាយូរ​មកហើយ​ដែល​ប្រទេស​កូរ៉េខាងជើង​បាន​ធ្វើ​តេស្ត​សាកល្បង​អាវុធ​ដើម្បី​សម្រេច​បាននូវ​ផែនការ​អាទិភាពរបស់ខ្លួន​។ ចំណែករដ្ឋបាល​អាមេរិក​របស់​លោកចូ បៃដិន​ បាន​ប្រកាស​ម្តងហើយម្តងទៀត​ពី​ឆន្ទៈក្នុងការ​ជួបជាមួយ​តំណាង​កូរ៉េខាងជើង​ដើម្បី​ពិភាក្សាគ្នា​ឆ្ពោះទៅស្វែងរក​ការរំសាយ​អាវុធនុយក្លេអ៊ែរ​។

ប៉ុន្តែ ​ក្រុងព្យុងយ៉ាង​ធ្វើព្រងើយ​និង​ថា​ការបោះដៃ​ផ្តល់​កិច្ចចរចា​ដែល​គ្មាន​លក្ខខណ្ឌ​ជាមុន​គឺជាល្បិច​របស់​ក្រុង​វ៉ាស៊ីនតោន​។ មេដឹកនាំកូរ៉េខាងជើង ​គីម ជុងអ៊ុន​ ថែមទាំង​បាន​ចោទ​ប្រកាន់​រដ្ឋបាល​បៃដិន​ ថា​បាន​បន្ត​គោលនយោបាយ​ប្រឆាំងកូរ៉េខាងជើង​ដូច​ប្រធានាធិបតី​អាមេរិក​មុនៗ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ