អានតួអត្ថបទ
ថៃ

កូវីដ១៩៖ថៃគ្រោងបើកប្រទេសចាប់ពីថ្ងៃទី១ វិច្ឆិកាដើម្បីទទួលអ្នកទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច

នៅ​ក្នុង​ប្រទេស​ថៃ នាយករដ្ឋមន្រ្តី​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី១១ តុលា​ពី​គម្រោង​បើក​ប្រទេស​បណ្តើរៗ​ចាប់​ពី​ថ្ងៃទី១ វិច្ឆិកា​ដើម្បី​ទទួល​អ្នកទេសចរបរទេស​ដែល​ចាក់​វ៉ាក់សាំង​រួច។ ការ​សម្រេច​របស់​លោក​ចាន់អូចា​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កំពុង​ព្យាយាម​ស្រោចស្រង់​ឧស្សាហកម្ម​ទេសចរ​របស់​ខ្លួន​ដែល​បាន​រងផលប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​វិបត្តិ​កូវីដ១៩។ លោក​ចាន់អូចា​យល់​ថា វា​ល្មម​ដល់​ពេល​ដែល​ថៃ​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ប្រឈម​ទប់​នឹង​កូវីដ១៩ និង​រស់នៅ​ជាមួយ​នឹង​ជំងឺ​មួយ​នេះ។

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូចា AP - Tran Van Minh
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​បទអន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​ដែល​នាយករដ្ឋមន្រ្តី​ថៃ​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ប្រកាស​ពី​គម្រោង​បើក​ប្រទេស​ដើម្បី​ទទួល​អ្នកទេសចរ​បរទេស​ចាប់​ពី​ថ្ងៃទី១ វិច្ឆិកា។ តែ​ជា​គម្រោង​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ និង​ជា​ដំណាក់កាល។ នៅ​ក្នុង​ជំហាន​ដំបូង គឺ​សម្រាប់​អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​ពី ១០ប្រទេស​ដែល​មាន​ហានិភ័យ​កូវីដ១៩​ទាប និង​បាន​ចាក់​វ៉ាក់សាំង​រួច។ ១០ប្រទេស​នេះ​មាន​ដូច​ជា​អាមេរិក ចិន អង់គ្លេស អាល្លឺម៉ង់ និង​ប្រទេស​សិង្ហបុរី។ តែ​លោក​ចាន់អូចា​បាន​សន្យា​ថា បញ្ជី​ឈ្មោះ​ប្រទេស​នេះ​នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​ដោយ​ផ្អែក​លើ​ស្ថានការណ៍​កូវីដ១៩ របស់​ប្រទេស​នីមួយៗ។

តែ​លោក​ចាន់អូចា​បាន​លំអិត​ថា  អ្នកទេសចរ​បរទេស​មក​ពី ១០ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ក៏​ត្រូវ​បង្ហាញ​លទ្ធផល​ធ្វើ​តេស្តិ៍​អវិជ្ជមាន​កូវីដ១៩ និង​ត្រូវ​ធ្វើ​តេស្តិ៍​ម្តង​ទៀត​នៅ​ពេល​មក​ដល់​ទឹកដី​ថៃ។ បើ​ការ​ធ្វើ​តេស្តិ៍​ចុង​ក្រោយ​បង្ហាញ​លទ្ធផល​អវិជ្ជមាន ពួក​គេ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ទឹកដី​ថៃ​ដូច​ពលរដ្ឋ​ថៃ​អ៊ីចឹង​ដែរ នេះ​ជា​ការ​បន្ថែម​របស់​លោក​ចាន់អូចា។ ចុះ​អ្នកទេសចរបរទេស​មក​ពី​ប្រទេស​ផ្សេង​ដែល​មិន​ស្ថិត​ក្នុង​បញ្ជី ១០ប្រទេស តើ​ពួក​គេ​អាច​ទៅ​លេង​ថៃ​បាន ឬ​អត់?។ ពិត​ជា​បាន តែ​ពួក​គេ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ពេល​ទៅ​ដល់​ទឹកដី​ថៃ នេះ​បើ​តាម​លោក​ចាន់អូចា។

ជម្រើស​គម្រោង​បើក​ប្រទេស​សម្រាប់​អ្នកទេសចរបរទេស​របស់​លោក​ចាន់អូចា​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ថៃ​កំពុង​ព្យាយាម​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ដែល​បាន​រងគ្រោះ​ខ្លាំង​ដោយ​កូវីដ១៩។ វិធានការ​រឹតបន្តឹង និង​ការ​បិទខ្ទប់​ប្រទេស​ដើម្បី​ប្រឆាំង​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរបរទេស​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២០ ចំនួន​អ្នក​ទេសចរបរទេស​មាន​តែ ៦,៧លាននាក់​ប៉ុណ្ណោះ ពោល​តិច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ដល់​ទៅ ៣៩,៩លាននាក់។ ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ជា ៥០ ០០០លានដុល្លារ។

ពិតណាស់ ថៃ​មិន​សូវ​មាន​ករណី​ឆ្លង​កូវីដ១៩ ទេ​នៅ​ក្នុង​ឆ្នាំ ២០២០។ តែ​បាន​ស្គាល់​សន្ទុះ​ឆ្លង​ខ្លាំង​តាំង​ពី​ខែ​មេសា ឆ្នាំ ២០២១។ ជា​សរុបគិតត្រឹម​ថ្ងៃទី១២ តុលា ថៃ​មាន​ករណី​ឆ្លង​ជាង ១,៧លានករណី និង​មាន​ស្លាប់​ជិត ១៨ ០០០នាក់។ ចំណែក​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​វិញ មាន​ពលរដ្ឋ​ចំនួន ៤៨% បាន​ចាក់​ដូសទី១ និង​ជាង ៣០% បាន​ចាក់​ទាំង​ពីរ​ដូស។ សម្រាប់​ប្រមុខរដ្ឋាភិបាល​លោក​ចាន់អូចា ថៃ​មិន​អាច​បន្ត​បិទប្រទេស​បាន​ទៀត​ទេ និង​ដល់​ពេល​ដែល​ថៃ​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​រៀន​រស់នៅ​ជាមួយ​នឹង​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ