អានតួអត្ថបទ
ចិន-តៃវ៉ាន់-អាមេរិក

ចិន​គំរាម​ដាក់​ពិន័យ​កម្រិត​ធ្ងន់​ចំពោះ​អ្នក​នយោបាយ​តៃវ៉ាន់​ដែល​គាំទ្រ​ការ​ប្រកាស​ឯករាជ្យ

ខណៈ​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង​និង​តៃប៉ិ​កើនឡើងខ្លាំង​ រដ្ឋ​អំណាចចិន​បាន​ប្រកាស​គំរាម​ថានឹង​ផ្តន្ទា​ដាក់​ពិន័យធ្ងន់ធ្ងរ​ ទៅលើ​អ្នក​នយោបាយ​តៃវ៉ាន់​ទាំងឡាយ​ណា​ដែល​នៅ​តែ​រឹងរូស​និយម​គាំទ្រ​ការ​ប្រកាស​ឯករាជ្យ​។ ជាការ​គួរឲ្យកត់​សម្គាល់ ការ​ប្រកាស​របស់ចិននេះ​ ធ្លាក់​មក​បន្ទាប់ពី​អាមេរិកអះអាង​ថា​នឹងលើក​ទ័ពទៅ​ជួយ​តៃវ៉ាន់​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ចិន​។

ប្រធានាធិបតីតៃវ៉ាន់លោក ស្រី សៃ អ៊ីវេន ក្នុងពេលជួបសំណេះសំណាលជាមួយ ប្រធានដឹកនាំគណៈប្រតិភូសភាអឺរ៉ុបលោក Raphael Glucksmann កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ២០២១។
ប្រធានាធិបតីតៃវ៉ាន់លោក ស្រី សៃ អ៊ីវេន ក្នុងពេលជួបសំណេះសំណាលជាមួយ ប្រធានដឹកនាំគណៈប្រតិភូសភាអឺរ៉ុបលោក Raphael Glucksmann កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ ២០២១។ VIA REUTERS - TAIWAN PRESIDENTIAL OFFICE
ផ្សាយពាណិជ្ជកម្ម

ចិន​ដែល​តែង​តែអះអាង​ថាតៃវ៉ាន់​ជាដែន​ខេត្តមួយរបស់ខ្លួន និង​ត្រូវ​រឹប​អូស​យក​នៅថ្ងៃ​ណា​មួយ​ដោយ​កម្លាំងទ័ព​ប្រសិនបើចាំបាច់នោះ​ បាន​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំងដើម្បី​កាត់​ផ្តាច់​កោះ​ប្រជាធិតេយ្យ​មួយនេះ​ពីឆាក​អន្តរជាតិ​។

កាល​ពី​ថ្ងៃ​សុក្រ ទី៥ វិច្ឆិកាម្សិលមិញ​ ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ផ្តន្ទាឲ្យ​ទទួល​ពិន័យ​ព្រហ្មទណ្ឌ​មួយជីវិត​ទៅលើ​ក្រុម​អ្នក​គាំទ្រ​ឯករាជ្យភាព​របស់តៃវ៉ាន់ ដោយ​អនុលោម​តាម​ច្បាប់។

ក្រោមហេតុផលថាបានព្យាបាទ​និយាយ​បង្ខាច់បង្ខូចក្រុង​ប៉េកាំង​ មន្ត្រី​រដ្ឋាភិបាលតៃវ៉ាន់មួយចំនួន​ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ចីខ្មៅរបស់ចិន​។ ពួកគេទាំងនោះ​មាន​ជាអាទិ៍​ នាយក​រដ្ឋ​មន្ត្រី​តៃវ៉ាន់ លោក ស៊ូ តេង ចាង​ (Su Tseng-chang) ប្រធានសភា តៃវ៉ាន់​លោក យូ ស្ហីគុន (Yu Shyi-kun) និង និងលោក ចូសេហ្វ វូ (Joseph Wu) ដែលជារដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់។ អាជ្ញាធរក្រុង​ប៉េកាំងបានហាមឃាត់អ្នកនយោបាយតៃវ៉ាន់ទាំងអស់នេះនិង​សមាជិក​គ្រួសារ​របស់​ពួកគេមិនឲ្យធ្វើដំណើរចូលដីគោក ហុងកុង ឬម៉ាកាវបានឡើយ។

ភ្លាមៗនៅថ្ងៃសុក្រដដែលនោះ​ នាយករដ្ឋមន្ត្រីតៃវ៉ាន់​បានចេញមុខនិយាយថា​លោក​មិន​ខ្លាចនឹងការសម្លុតគំរាមកំហែងរបស់ចិនឡើយនិងថា​ចិនមិនជា​អ្នក​គ្រប់គ្រង​តៃវ៉ាន់​នោះទេ តែចិនតាមចង់​ក្រសោបយក​កោះប្រជាធិបតេយ្យនេះរហូតមក​។

គួរបញ្ជាក់ថា​ ចិនដីគោក​និងកោះតៃវ៉ាន់គ្រប់គ្រងដោយរដ្ឋាភិបាលដាច់ដោយឡែកពីគ្នាតាំងពីឆ្នាំ ១៩៤៩មក។ ចាប់តាំងពីពេលនោះ តៃវ៉ាន់ ដែល​មាន​ប្រជាជន​ចំនួន​ប្រមាណ ២៤ លាននាក់ បាន​ផ្លាស់ប្តូរទៅកាន់របបប្រជាធិបតេយ្យ ខុសពីចិនដែលប្រកាន់​របប​កុម្មុយនិស្ត។

គួរជ្រាបដែរថានៅមួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងក្រុងប៉េកាំង និងតៃប៉ិ កើតឡើង​ខ្លាំង ជាពិសេស​បន្ទាប់ពីចិនបញ្ជូនយន្តហោះចម្បាំង​ជាច្រើនគ្រឿងចូល​ទៅក្នុង​ដែនអាកាស​តៃវ៉ាន់ជាញឹកញយ។

ដោយមើលឃើញបែបនេះ អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់បានប្រកាសថានឹង​លើក​ទ័ពចូលជួយតៃវ៉ាន់ ប្រសិនបើចិនហ៊ានបើកការវាយប្រកាស​យោធាលើ​តៃវ៉ាន់នោះ​។ មួយរយៈក្រោយមកទៀត ពោលនៅព្រហស្បតិ៍ ទី៤ វិច្ឆិកានេះ ប្រធានគណៈ​ប្រតិ​ភូសភា​អឺរ៉ុប​ដែល​កំពុងបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ​បានហៅលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ថាជា "កំណប់ទ្រព្យ" និងបានសន្យាថានឹងគាំទ្រកោះតៃវ៉ាន់ រហូតធ្វើឲ្យចិនទ្រាំ​មិន​បាននិងចេញមុខគំរាមមិនលែកលែងចំពោះអ្នកនយោបាយតៃវ៉ាន់ដែលគាំទ្រ​ការ​ប្រកាសឯករាជ្យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ