អានតួអត្ថបទ
អាមេរិក-ចិន-តៃវ៉ាន់

មន្ត្រី​មន្ទីរ​បញ្ចកោណ​ថា​អាមេរិក​ពិត​ជា​មាន​សមត្ថភាព​ការពារ​តៃវ៉ាន់​បាន

យោធា​អាមេរិក​ពិត​ណាស់​មាន​សមត្ថភាព​ការពារ​តៃវ៉ាន់​ពី​ការ​វាយ​ប្រហារ​របស់​ចិន។ នេះគឺ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់នៃ​មន្ទីរ​បញ្ចកោណ​ លោក​ ម៉ាក មីលី​ (Mark Milley) នៅ​ថ្ងៃពុធ​ ទី៣ វិច្ឆិកា​ ដោយ​បន្ថែមថា​ អាមេរិក​នឹង​ចូល​ជួយ​តៃវ៉ាន់​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ឲ្យ​ធ្វើដូច្នោះ​។

លោកអគ្គមេបញ្ជាការកងទ័ពអាមេរិកម៉ាក មីលី (Mark Milley)។
លោកអគ្គមេបញ្ជាការកងទ័ពអាមេរិកម៉ាក មីលី (Mark Milley)។ AP - Susan Walsh
ផ្សាយពាណិជ្ជកម្ម

លោកអគ្គ​មេ​បញ្ជាការ​កងទ័ព​អាមេរិក​ ម៉ាក មីលី​ គូសបញ្ជាក់​ថា​រូប​លោក​មិនគិតថានោះ​ទេ​ថាចិននឹង​បើក​ការវាយប្រហារ​យោធា​ប្រឆាំង​នឹង​កោះតៃវ៉ាន់​ក្នុង​រយៈពេល​ ២៤ ខែ​ខាង​មុខ​។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​តើ​មន្ទីរ​បញ្ចកោណ​អាច​ការពារ​តៃវ៉ាន់​បាន​ឬ​អត់​នោះ​?

លោក​បាន​ឆ្លើយ​វិញភ្លាមថា​គ្មាន​ចម្ងល់​ឡើយ​ទាក់ទង​រឿងនេះ​។ ក្នុង​ករណី​ដែល​ហេតុការណ៍បែប​នេះ​កើតឡើង​ នោះ​មន្ទីរ​បញ្ចកោណ​អាមេរិក​ប្រាកដណាស់នឹង​ការពារតៃវ៉ាន់​បាន​ព្រោះ​អាមេរិក​មាន​សមត្ថភាព​ធ្វើអ្វីៗ​គ្រប់បែបយ៉ាង​នៅជុំវិញ​ពិភពលោកប្រសិន​បើ​ចាំបាច់​។

នៅឯ​វេទិកា​សន្តិសុខ​ Aspen​ មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណរូបនេះ​បាន​ឲ្យដឹងដែរ​ថា​គឺ​ប្រធានាធិបតី​អាមេរិក​ដែលជា​អ្នក​មាន​សិទ្ធិសម្រេច​ថាតើ​ត្រូវ​ឈានជើង​ចូល​ជួយ​តៃវ៉ាន់​ឬ​មិនជួយ​ ប្រសិនបើ​ចិន​ចូលឈ្លានពាន​ដើម្បីកាន់កាប់​តៃ​ប៉ិមែននោះ​។

ដោយឡែក ទោះបីជាមិនគិតថាចិននឹងបញ្ចេញ​សកម្មភាព​ណា​មួយប្រឆាំងនឹងកោះតៃវ៉ាន់នាពេលខាង​មុខឆាប់ៗនេះក្តី ប៉ុន្តែ លោក​អគ្គមេបញ្ជាការ​កងទ័ពអាមេរិក​ក៏បាន​ព្រមាន​ថាដែរថា​យោធា​ចិនអាច​អភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿន​បាន​ក្នុង​រយៈពេលដ៏ខ្លី​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល។ សម្តីនេះគឺលោក​ម៉ាក មីលី ចង់​សំដៅដល់​ការ​សាកល្បង​មីស៊ីល​អ៊ីពែរសូនិក​លឿងជាង​សំឡេង​របស់ចិន កាលពី​ខែ​សីហាកន្លងទៅ។ ​

គួរបញ្ជាក់ថា​ នៅមួយរយៈចុងក្រោយនេះ​ ចិនដីគោក​និង​កោះតៃវ៉ាន់​បានដំឡើង​សំឡេង​ដាក់គ្នាខ្លាំងជាថ្មីទៀត។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ តុលា​ លោកចូ បៃដិន បាន​អះអាង​ថាសហរដ្ឋ​អាមេរិក​នឹងលើក​ទ័ពទៅ​ជួយ​តៃវ៉ាន់ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ចិន។

យ៉ាងណាក្តី​ ទីក្រុង​វ៉ាស៊ីនតោន​យល់ឃើញ​ថា​ជម្លោះ​រវាង​ប៉េកាំង​ និង​តៃប៉ិ​ គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ដោយសន្តិវិធី​ និងដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​ប្រជាជន​ទាំងសងខាង​។

គួរជ្រាបទៀតថា ក្នុង​អំឡុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​តៃវ៉ាន់និង​ចិននេះដែរ​ គណៈ​ប្រតិ​ភូ​សភាអឺរ៉ុបមួយក្រុម​បានធ្វើ​ទស្សនកិច្ចទៅកាន់​តៃវ៉ាន់នៅថ្ងៃពុធនេះ​។ ទស្សនកិច្ចនេះ​គឺជា​ផ្នែកមួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់អឺរ៉ុប​ ដើម្បី​កសាង​ទំនាក់​ទំនង​កាន់តែជិត​ស្និទ្ធ​ជាមួយ​ទីក្រុងតៃប៉ិ​ បើទោះបីជា​មាន​ការ​ព្រមាន​ពី​ប្រទេសចិនយ៉ាងណា​ក៏ដោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ