អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចិនថា​តៃវ៉ាន់​គ្មានសិទ្ធិ​ចូ​លជា​សមាជិក​​ស្ថាប័ន​អង្គការ​សហប្រជាជាតិទេ

នៅ​ថ្ងៃពុធ​ទី ២៧ តុលា ២០២១​នេះ ចិន​បាន​ច្រាន​ចោល​ទាំង​ស្រុង​សំណើ​របស់​សហរដ្ឋ​អាមេរិក​ ដែល​ចង់​ឱ្យ​តៃវ៉ាន់​បាន ​ចេញ​មុខ​ចេញមាត់​ពេញ​លេញ ​ក្លាយ​ជា​សមាជិកអង្គការ​សហប្រជាជាតិ​។ ប្រតិកម្ម​របស់​ចិន ​ធ្វើ​ឡើង​ក្រោយ​ពី​ប្រមុខ​ការទូត​អាមេរិក លោក អង់តូនី ប្លីងកិន Antony Blinken បាន​ប្រកាស​នៅ​ល្ងាច​មិញ (ថ្ងៃអង្គារ​ទី ២៦​តុលា) អំពាវនាវ​ឱ្យ​ប្រទេស​នៅ​លើ​ពិភពលោក គាំទ្រ ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​តៃវ៉ាន់ នៅក្នុង​ក្របខ័ណ្ឌ​ការងារ​អង្គការ​សហប្រជាជាតិ​និង​សហគមន៍អន្តរជាតិ។

ចិនថា​តៃវ៉ាន់​គ្មានសិទ្ធិ​ចូ​លជា​សមាជិក​​ស្ថាប័ន​អង្គការ​សហប្រជាជាតិទេ
ចិនថា​តៃវ៉ាន់​គ្មានសិទ្ធិ​ចូ​លជា​សមាជិក​​ស្ថាប័ន​អង្គការ​សហប្រជាជាតិទេ Philip FONG AFP/File
ផ្សាយពាណិជ្ជកម្ម

តៃវ៉ាន់​ជា​ដៃគូ​ដ៏​សំខាន់​របស់​អាមេរិក និង​ជា​គំរូ​ជោគជ័យ​នៃលទ្ធិ​ប្រជាធិបតេយ្យ ដូច្នេះ​ប្រទេស​លើ​លោក គួរ​តែ​គាំទ្រ​ឱ្យ​តៃវ៉ាន់​បាន​ចូល​រួម​យ៉ាង​សកម្ម និង​ខ្លាំងក្លា​ ក្នុងកិច្ចការងារ​របស់​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោក​ប្លីងកិន ប្រមុខការ​ទូត​អាមេរិក ដោយ​បន្ថែម​ទៀត​ថា ការ​ចូល​រួម​របស់​តៃវ៉ាន់ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រឈម​នឹង​ឧបសគ្គជា​ច្រើន​ដែល​ពិភពលោក​កំពុង​ឆ្លង​កាត់​នាពេលបច្ចុប្បន្ននេះ។ តែ​ដោយ​ហេតុ​មាន​ការជំទាស់ខ្លាំង ដោយ​មិន​និយាយ​ចំឈ្មោះ​​ “ចិន” លោក ប្លីងកិន បានអះអាងថា​ នារយៈពេល​ចុងក្រោយ​នេះ ​តៃវ៉ាន់មិនអាចបញ្ចេញ​សកម្មភាព​បាន​សោះ​ក្នុង​​អង្គការ​សុខភាព​ពិភពលោក និង​ អង្គការ​​អាកាសចរណ៍​ស៊ីវិលអន្តរជាតិ។

បើ​តាម​លោក​ប្រមុខ​ការទូត ការគាំទ្រ​ឱ្យ​​តៃវ៉ាន់បានក្លាយ​ជា​សមាជិក​​ក្នុង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ មិនមែន​ជារឿង​​នយោបាយ​ទេ តែ​ដោយ​សំអាង​លើ​ការ​សិក្សាព្រឹត្តិការណ៍​ពិត​ (ជា​ការណនិយម​) ហើយ​ស្រប​ទៅ​នឹង​ទ្រឹស្តី​នយោបាយ​របស់​កោះ​ចំពោះ​ចិន​ទៀត។ តៃវ៉ាន់​បាន​ចូល​រួម​ក្នុង​ស្ថាប័ន​ជំនាញ​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​មាន​សកម្មភាព​ជាក់ស្តែង​ស្រាប់​ទៅហើយ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំកន្លងមកនេះ។ ផាត់​តៃវ៉ាន់​ពី​ប្រព័ន្ធអង្គការ​សហប្រជាជាតិ បាន​ធ្វើ​ឱ្យ​ខូច​ការងារ​សំខាន់ៗ​របស់​អង្គការសហប្រជាជាតិ​និង​ ភ្នាក់ងារ​ជា​ច្រើន។

គ្រាន់​តែ​បាន​ឃើញ​សេចក្តី​អំពាវនាវ​នេះ​ភ្លាម ដោយ​គ្មាន​បង្អង់​ ចិនបាន​បញ្ចេញ​ប្រតិកម្ម​បដិសេធ​យ៉ាង​ដាច់អហង្ការ ថា​ តៃវ៉ាន់​គ្មាន​សិទ្ធិ​ ចេញ​មុខ​ចេញ​មាត់​ពេញលេញ​នៅ​​អង្គការ​ប្រជាជាតិ​ទេ មាន​តែរដ្ឋ​ឯករាជ្យប៉ុណ្ណោះ ដែល​អាច​​ក្លាយ​ជា​សមាជិកអង្គការ​សហប្រជាជាតិ​បាន។ សម្រាប់​ប៉េកាំង តៃវ៉ាន់ ជា​ខេត្ត​មួយ​ដែល​ចិន​គ្រប់គ្រង​មិនបាន និង​ដែល​រង់​ចាំ​ការ​បង្រួបបង្រួម ហើយ​ចិន​អាច​ប្រើ​កម្លាំង​វាយក្រសោប​យកមក​វិញ ​នៅ​ថ្ងៃណា​មួយផង​បើ​ចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ