អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-ចិន-តៃវ៉ាន់

អាមេរិក​និង​ចិន ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​តៃវ៉ាន់ មុន​​ជំនួបកំពូល ​បៃដិន-ស៊ីជីនពីង

នៅ​ថ្ងៃចន្ទទី ១៥​វិច្ឆិកា ២០២១ ប្រធានាធិបតី​​អាមេរិក​ចូបៃដិន និង​សមភាគីចិន លោក ស៊ី ជីនពីង ត្រូវមាន​ជំនួប​ តាមវីដេអូខុនហ្វេរិន ជា​លើក​ទីបី។ តែ​មួយ​ថ្ងៃមុន​បើក​ជំនួប​កំពូល ​ សហរដ្ឋ​អាមេរិក​និង​ចិន​បា​នផ្តោះប្តូរ​ពាក្យ​សំដីបែប​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង ជុំ​វិញ​សំណុំ​រឿង​តៃវ៉ាន់។

លោក Antony Blinken (ឆ្វេង) និង​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​អាមេរិក​និ​ងចិន
លោក Antony Blinken (ឆ្វេង) និង​លោក Wang Yi រដ្ឋមន្ត្រីការបរទេស​អាមេរិក​និ​ងចិន Tiziana Fabi Pool/AFP/Archivos
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចពិភាក្សាជាមួយ​សមភាគី​ចិន វ៉ាង យី រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក អង់តូនី ប្លីងកិន បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សម្ពាធ​យោធា ការទូត និង​សេដ្ឋកិច្ច របស់​រដ្ឋាភិបាល​ប៉េកាំង ដែល​ដាក់​ប្រឆាំងលើ​តៃវ៉ាន់។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​​ជំរុញ​បន្ថែម​ ឱ្យ​ប៉េកាំង​បើក​កិច្ចចរចា​ច្បាស់​លាស់​មួយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​​តៃវ៉ាន់​ ដោយ​សន្តិវិធី ​ដោយ​ស្រប​តាម​ការ​ចង់បាន​ និង​ដោយ​ស្រប​តាម​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តៃវ៉ាន់។

ប៉ុន្តែ ​លោក វ៉ាង យី បាន​ព្រមាន​តប​វិញ​ភ្លាម ប្រឆាំង​រាល់​គ្រប់​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​ណា​ដែល​​មាន​លក្ខណៈគាំទ្រ​ការ​ទាមទារ​ឯករាជ្យ​តៃវ៉ាន់។ សម្រាប់​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ​ការគាំទ្រ​ឯករាជ្យ​តៃវ៉ាន់ ទោះក្នុង​ទម្រង់​ណា​ក៏​ដោយ សុទ្ធ​តែ​បំផ្លាញ​​សន្តិភាពនៅ​តំបន់​ច្រក​សមុទ្ទ​តៃវ៉ាន់​ទាំង​អស់។

សូម​រំលឹក​ថា ក្រៅ​អំពី​​ប្រកាន់​ជំហរ​ដាច់​ខាត​រៀង​ខ្លួនៗ ​ក្នុង​សំណុំ​រឿង​ពាណិជ្ជកម្ម​ឬ​សំណុំ​រឿង​សិទ្ធិមនុស្ស ភាព​តាន​តឹង​អាមេរិក-​ចិន​បាន​ប៉ោង​​ឡើង​​ជា​រៀង​រាល់​ថ្ងៃ។ តាំង​ពី​​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយមកនេះ សំណុំ​រឿង​តៃវ៉ាន់ បានចូល​​មក​ចង​រឹត​ បន្ថែម​មួយ​ជាន់​ទៀត។ បន្ទាប់​ពី​បាន​​ដាក់​គំនាប​ការទូត​ធ្វើ​ឱ្យ​តៃវ៉ាន់​កាន់​តែ​ឯកា ចិន​បាន​បង្កើន​សកម្មភាព​យោធាក្បែរៗ​កោះ​តៃវ៉ាន់។ ឯ​សហរដ្ឋ​អាមេរិក​ក៏​បាន​សន្យា​ជួយការពារ​និង​ពង្រឹង​កម្លាំង​ទ័ព​តៃវ៉ាន់។​

ការ​ប្រទាក់​សំដី​គ្នា​​​​ជា​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​​ជំនួបរវាង​ប្រមុខ​ការ​ទូត​ទាំង​ពីរ​ប្រទេស ដែល​ជា​ការ​ត្រៀម​លក្ខណៈបើក​ជំនួប​កំពូល​ថ្នាក់ប្រមុខ​រដ្ឋ។ ជំនួបកំពូល ចូ​បៃដិន-ស៊ីជីនពីង​​ ​នៅ​ថ្ងៃ​ចន្ទទី ១៥​វិច្ឆិកា​ស្អែក ជា​ឱកាស​មួយ​សម្រាប់​ប្រមុខ​ដឹកនាំ ទាំងពីរ​ពិភាក្សា​គ្នាប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ អំពីភាព​​ប្រកួតប្រជែង​គ្នា ​តែ​ត្រូវ​ធ្វើការ​រួម​គ្នា​ក្នុង​វិស័យ​ដែល​ផ្តល់​ប្រយោជន៍រួម។

លោក​ប្រធានាធិបតី​អាមេរិក​ ​ចង់​ជួប​លោក​ស៊ីជីនពីង​ដោយ​ផ្ទាល់ដែរ ប៉ុន្តែ​តាំង​ពី​ជិត​ពីរ​ឆ្នាំ​មក​នេះ ដោយ​ហេតុ​កូវីដ១៩ ប្រធានាធិបតី​ចិន​ មិន​ដែល​ចាក​ចេញ​ក្រៅ​ប្រទេស​សោះ​។ នៅ​ទី​បំផុត ជំនួប​កំពូល​ជា​លើក​ទី​បី ប្រព្រឹត្ត​តាម​អនឡាញ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ