អានតួអត្ថបទ
អាមេរិក-អាស៊ី

អាមេរិកអំពាវនាវឲ្យចិនបញ្ឈប់ទង្វើឈ្លានពាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​កំពុង​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ថ្លែង​ក្នុង​ថ្ងៃ​អង្គារ ទី១៤ ធ្នូ​ពី​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី លោក​ប៊្លីនកិន​បាន​អំពាវនាវ​ឲ្យ​ចិន​បញ្ឈប់​ទង្វើ​ឈ្លានពាន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ គួរ​រម្លឹក​ថា មាន​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន ៣ នៅ​ក្នុង​កម្មវិធី​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក គឺ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ។

ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិនក្នុង​ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១៤ ធ្នូ ២០២១។
ប្រមុខការទូតអាមេរិកលោកអង់តូនី ប៊្លីនកិនក្នុង​ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១៤ ធ្នូ ២០២១។ AP - Olivier Douliery
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ពី​សកលវិទ្យាល័យ​ក្នុង​ទីក្រុង​ហ្សាការតា លោក​ប្រមុខ​ការទូត​អាមេរិក​អង់តូនី ប៊្លីនកិន​បាន​បញ្ជាក់​ថា អាមេរិក​បាន​ប្តេជ្ញាចិត្ត​ធានា​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៅ​ក្នុង​សមុទ្រចិនខាងត្បូង​ដែល​ទង្វើ​ឈ្លានពាន​របស់​ចិន​បាន​គំរាមកំហែង​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក​សម្រាប់​ទឹកប្រាក់​ជាង ៣ ០០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ទន្ទឹម​គ្នា​នេះ លោក​ប៊្លីនកិន​បាន​អះអាង​ជា​ថ្មី​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាមេរិក​ដើម្បី​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។

ប្រមុខ​ការទូត​អាមេរិក​បាន​ព្យាយាម​បញ្ជាក់​ពី​ឆន្ទៈ​របស់​អាមេរិក​ក្នុង​ការ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់ និង​សន្យា​ការពារ​សិទ្ធិ​របស់​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ជម្រើស​ផ្លូវ​ដែល​ពួក​គេ​ត្រូវ​ដើរ​ដោយ​មិន​ត្រូវ​ទទួល​រង​ការ​គាបសង្កត់ ឬ​ការ​បំភិតបំភ័យ​ពី​ប្រទេស​ណា​មួយ​ទេ។ តាម​លោក​ប៊្លីនកិន មាន​ក្តីបារម្ភ​ច្រើន​ណាស់​ទាក់ទង​នឹង​ទង្វើ​ឈ្លានពាន​របស់​ចិន​តាំង​ពី​អាស៊ីឦសាន​ដល់​អាស៊ីអាគ្នេយ៍ និង​តាំង​ពី​ទន្លេមេគង្គ​ដល់​កោះ​ប៉ាស៊ីហ្វិក។ « គ្រប់​ប្រទេស​ក្នុង​តំបន់​ចង់​ឲ្យ​ចិន​ប្តូរ​ឥរិយាបទ​នេះ ហើយ​យើង​ក៏​អ៊ីចឹង​ដែរ » នេះ​ជា​ការ​បន្ថែម​របស់​លោក​ប៊្លីនកិន។

ការ​ថ្លែង​ដូច​នេះ​របស់​ប្រមុខ​ការទូត​អាមេរិក​បាន​ធ្វើ​ឡើង ខណៈ​ដែល​តំបន់​កំពុង​ស្គាល់​កំណើន​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ សមុទ្រចិនខាងត្បូង​ដែល​ជា​តំបន់​គន្លឹះ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​កំពុង​ត្រូវ​បាន​ចិន​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ និង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​ប្រទេស​វៀតណាម។ ក្រៅ​ពី​បាន​វាយប្រហារ​ចិន​ចំ​មុខ​ក្នុង​រឿង​សមុទ្រចិនខាងត្បូង លោក​ប៊្លីនកិន​ក៏​បាន​ដៀមដាម​ដាក់​ចិន​លើ​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។

លោក​ប៊្លីនកិន​បាន​សន្យា​ថា អាមេរិក​នឹង​ធ្វើ​ការ​ជាមួយ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ដើម្បី​ផ្តល់ និង​បំពាក់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​គុណភាព​ខ្ពស់។ គួរ​បញ្ជាក់​ថា គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​របស់​ចិន​ត្រូវ​បាន​ក្រុមប្រទេសលោកខាង​លិច​ចាត់​ទុក​ជា​គម្រោង​មិន​សូវ​មាន​អំណោយផល​សម្រាប់​បរិស្ថាន និង​សម្រាប់​ការងារ​នៅ​ក្នុង​ប្រទេស​ពាក់ព័ន្ធ។ តែ​គម្រោង​របស់​ចិន​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ជាប់​បំណុល​ចិន​កាន់​តែ​ធ្ងន់ ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ