អានតួអត្ថបទ
អាមេរិក-អាស៊ី

រដ្ឋមន្រ្តីការពារជាតិអាមេរិកចង់ពង្រឹងសម្ព័ន្ធមិត្តនៅអាស៊ីដើម្បីទប់នឹងឥទ្ធិពលរបស់ចិន

នៅ​សហរដ្ឋអាមេរិក រដ្ឋមន្រ្តី​ការពារជាតិ​លោក​ឡយដ៍ អូស្ទីន​ដែល​បាន​ចូល​កាន់​តំណែង​ក្នុង​ថ្ងៃទី២២ មករា​បាន​ជ្រើស​យក​តំបន់​អាស៊ី​ដើម្បី​បំពេញ​ទស្សនកិច្ច​លើកទី១ នៅ​បរទេស​សម្រាប់​រយៈពេល​មួយ​សប្តាហ៍។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​ត្រូវ​បាន​លោក​ឡយដ៍ អូស្ទីន​បញ្ជាក់​ច្បាស់ៗ​ដោយ​មិន​លាក់លៀម​ថា គឺ​ចរចា​ជាមួយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ពី​មធ្យោបាយ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​នៅ​ក្នុង​តំបន់​ក្នុង​គោលដៅ​ទប់​នឹង​ឥទ្ធិពល​របស់​ចិន។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

មាន​ប្រទេស​អាស៊ី​ចំនួន ៣ គឺ​ជប៉ុន កូរ៉េខាងត្បូង និង​ឥណ្ឌា​ដែល​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​ទៅ​បំពេញ​ទស្សនកិច្ច។ តែ​មុន​នឹង​ទៅ​ដល់​ប្រទេស​អាស៊ី​ទាំង ៣ លោក​ឡយដ៍ អូស្ទីន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ហាវ៉ៃ​ដែល​នៅ​ទីនោះ​មាន​ដាក់​តាំង​នូវ​ទីស្នាក់ការ​នៃ​បញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ « គឺ​ជា​បញ្ហា​សម្ព័ន្ធភាព និង​ភាព​ជា​ដៃគូ ហើយ​ក៏​ជា​ការ​ពង្រឹង​សមត្ថភាព​របស់​យើង​ដែរ »នេះ​ជា​ការ​ថ្លែង​របស់​លោក​ឡយដ៍ អូស្ទីន​ទៅ​កាន់​ក្រុម​អ្នកកាសែត​ដែល​រួម​ដំណើរ​ជាមួយ​លោក។

ប្រមុខ​ការពារជាតិ​អាមេរិក​រូប​នេះ​ដដែល​បាន​ឆ្លៀត​រម្លឹក​ដោយ​មិន​លាក់លៀម​ថា ក្នុង​ពេល​ដែល​អាមេរិក​កំពុង​រវល់​ជាប់ដៃ​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ចិន​បាន​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន។ តែ​លោក​ឡយដ៍ អូស្ទីន​បាន​កត់សម្គាល់​ឃើញ​ថា អាមេរិក​នៅ​តែ​មាន​ប្រៀប ហើយ​អាមេរិក​នឹង​ធ្វើ​ការ​ពង្រឹង​បន្ថែម​ទៀត។ តាមលោក​ឡយដ៍ អូស្ទីន កម្មវត្ថុ​របស់​អាមេរិក​គឺ​ដើម្បី​ធានា​ថា អាមេរិក​មាន​សមត្ថភាព មាន​ផែនការ និង​មាន​គំនិត​ប្រតិបត្តិ​ដើម្បី​អាច​ទប់​នឹង​ឥទ្ធិពល​របស់​ចិន ឬ​អ្នក​ណា​ក៏​ដោយ​​ដែល​ចង់​វាយប្រហារ​លើ​អាមេរិក។

ដោយឡែក ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប្ល៊ីងកិន​ក៏​នឹង​មាន​វត្តមាន​ជាមួយ​លោក​ឡយដ៍ អូស្ទីន​នា​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ដែរ។ « អ្វី​ដែល​លោក​អង់តូនី ប៊្លីងកិន និង​រូប​ខ្ញុំ​ចង់​ធ្វើ​ជាមួយ​សមភាគី​ជប៉ុន និង​កូរ៉េខាងត្បូង គឺ​ចាប់​ផ្តើម​ពង្រឹង​សម្ព័ន្ធភាព ស្តាប់ រៀនសូត្រ និង​ស្វែង​យល់​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ក្នុង​គោលដៅ​រួមសហការ​ជាមួយ​ពួក​គេ​ដើម្បី​ពង្រឹង​ស្ថិរភាព​នៅ​ក្នុង​តំបន់ »នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ឡយដ៍ អូស្ទីន

គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី​លោក​បៃដិន​បាន​បង្កើន​គំនាប​កាន់​តែ​ខ្លាំង​លើ​ចិន។ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ និង​ប្រមុខ​ការទូត​អាមេរិក​នៅ​អាស៊ី​ធ្វើ​ឡើង ក្រោយ​ពី​មាន​ជំនួបកំពូល​ចតុភាគី​តាម​អនឡាញ​រវាង​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្រា្តលី។ គឺ​ជា​សម្ព័ន្ធភាព​ចតុភាគី​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ទសវត្ស ២០០០ ដើម្បី​ទប់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ