អានតួអត្ថបទ
ខ្យល់ព្យុះ-ហ្វីលីពីន

ប្រជាជន​ហ្វីលីពីន ជាង ៩ម៉ឺននាក់ ត្រូវជម្លៀស​ចេញពី​ផ្ទះសម្បែង ដោយសារ​ព្យុះសង្ឃរា Rai

នៅហ្វីលីពីន ខ្យល់ព្យុះកំណាច Rai បាន​បង្ខំ​ឲ្យគេ​ជម្លៀស​ប្រជាជន​ជាង ៩ម៉ឺននាក់​ចេញពី​ផ្ទះសម្បែង។ តាម​ទីភ្នាក់ងារ​ឧតុនិយម ហ្វីលីពីន ខ្យល់ព្យុះ​ទីហ្វុង Rai ដែល​បក់​ក្នុងល្បឿន ១៩៥គីឡូម៉ែត្រ​ក្នុង​មួយម៉ោង បាន​មកដល់​ដីហ្វីលីពីន នៅមុន​ការព្យាករទុក​របស់​ទីភ្នាក់ងារ​ឧតុនិយមហ្វីលីពីន។ បក់​មក​ដល់​កោះ Siargao ភាគកណ្តាល​ហ្វីលីពីន តាំង​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ព្យុះសង្ឃរា ត្រូវ​បាន​អង្គការ​កាកបាទ​ក្រហម ព្រមាន​ទុកមុន​ថា ជាខ្យល់ព្យុះ​កំណាច ដ៏គួរ​ឲ្យភ័យខ្លាច។

ក្រុមជួយសង្រ្គោះ​ហ្វីលីពីន​នៅ​ទីក្រុង​Oro របសហ្វីលីពីន​ដែលរងបោកបក់​ដោយសា​ខ្យល់ព្យុះទីហ្វុង​ដ៏មាន​កម្លាំងខ្លាំង នៅ​ថ្ងៃទី​១៦​ធ្នូ ២០២១
ក្រុមជួយសង្រ្គោះ​ហ្វីលីពីន​នៅ​ទីក្រុង​Oro របសហ្វីលីពីន​ដែលរងបោកបក់​ដោយសា​ខ្យល់ព្យុះទីហ្វុង​ដ៏មាន​កម្លាំងខ្លាំង នៅ​ថ្ងៃទី​១៦​ធ្នូ ២០២១ via REUTERS - PHILIPPINE COAST GUARD
ផ្សាយពាណិជ្ជកម្ម

Rai ជាខ្យល់ព្យុះទីហ្វុង​ដ៏មានកម្លាំងខ្លាំង ដែល​ទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន ​បាន​ប្រៀបប្រដូច​ទៅនឹង​ខ្យល់ព្យុះ អូរ៉ាហ្កង់ កម្រិតលេខ ៥​នៅអាមេរិក។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ខ្យល់ព្យុះ​ដ៏កំណាច​ដែលកើត​មាន​តែ ៥​ដងប៉ុណ្ណោះ នៅក្នុង​ពិភពលោក បាន​​បក់​មកដល់​តំបន់​ភាគកណ្តាល​របស់​ហ្វីលីពីន។

ហ្វីលីពីន​ដែលប្រឈមខ្លាំង​នឹង​ការឡើង​កំដៅផែនដី ឧស្សាហ៍រងគ្រោះ​ដោយសារ​ខ្យល់ព្យុះសង្ឃរា យ៉ាងតិច ២០ដង ក្នុង​មួយឆ្នាំៗ។ ខ្យល់ព្យុះទីហ្វុង បាន​បំផ្លាញជំរក ផ្ទះសម្បែង កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាមតំបន់​ជាច្រើន​របស់​ហ្វីលីពីន ដែលកំពុងជួបការលំបាក​រួចហើយ ដោយសារ​ភាពក្រីក្រ។

ទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន​បាន​ព្រមាន​ពីគ្រោះថ្នាក់​របស់​ខ្យល់ព្យុះទីហ្វុង Rai ដែលមាន​កម្លាំងខ្លាំង​មហិមារ​អាច​បំប៉ើង រំលើង ដើមឈើ បំផ្លាញ អគារ ហេដ្ឋារចនាសម្ព័ន្ធ ដែលស្ថិតនៅលើ​ផ្លូវឆ្លងកាត់​របស់វា។ ទីភ្នាក់ងារឧតុនិយម​ហ្វីលីពីន​បាន​ទាញ​សញ្ញាអាសន្ន​ផងដែរ​ពីគ្រោះថ្នាក់​បាក់រលំដី និង​ទឹកជំនន់ ទឹកភ្លៀង ដែល​អាចបង្កគ្រោះថ្នាក់​ដល់​ជីវិតមនុស្ស​នៅតាមឆ្នេរសមុទ្រ។

តាម​ទីភ្នាក់ងារ​ជាតិ​បង្ការគ្រោះមហន្តរាយ ប្រជាជន​ហ្វីលីពីន​ជាង ៩ម៉ឺននាក់ ត្រូវ​បានអាជ្ញាធរ​ជម្លៀស យក​ទៅដាក់​នៅ​មណ្ឌលកីឡាដ្ឋាន នៅព្រឹកថ្ងៃ​ព្រហស្បតិ៍។

តាមការពន្យល់ ទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន ខ្យល់ព្យុះទីហ្វុង Rai បាន​កើតឡើង យ៉ាងយឺតចម្លែក​ព្រោះថា រដូវខ្យល់ព្យុះ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវ​ចប់តាំង​ពី​ខែ​តុលាម្ល៉េះ។ លើកនេះ ខ្យល់ព្យុះទីហ្វុងដែល​បក់ពីកើតទៅ​លិច នឹង​បក់ឆ្លងកាត់​កោះមីនដាណាវ មុន​នឹង​ទៅដល់​សមុទ្រ​ចិន និង​សំដៅ​ប្រទេស​វៀតណាម​នៅថ្ងៃ​សៅរ៍​ចុងសប្តាហ៍នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ